ជាតិ
ស្ពានឆ្លងកាត់ទន្លេបាសាក់ ក្នុងគម្រោងផ្លូវក្រវាត់ក្រុងទី៣ សម្រេចបានជាង៩៧ភាគរយហើយ រូបថត៖ ហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន
× ស្ពានឆ្លងកាត់ទន្លេបាសាក់ ដែលស្ថិតក្នុងគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣ សម្រេចបានប្រមាណជាង ៩៧ភាគរយហើយ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងសាធារណការ ស្ពានឆ្លងកាត់ទន្លេបាសាក់នៅប៉ែកខាងកើត មានប្រវែង៦៣០ម៉ែត្រ ហើយបច្ចុប្បន្នសម្រេចបាន៩៥,១០ភាគរយហើយ។ តាមគម្រោងស្ពានប៉ែកខាងកើតនេះ នឹងបញ្ចប់ការសាងសង់នៅខែតុលា។ ចំណែកឯស្ពានឆ្លងកាត់ទន្លេបាសាក់ខាងលិច មានប្រវែង៣៦៦ម៉ែត្រ។ បច្ចុប្បន្នការសាងសង់សម្រេចបាន៩៩,៤០ភាគរយ ហើយគ្រោងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២១ខាងមុខ។
សូមជម្រាបដែរថា គម្រោងផ្លូវក្រវាត់ក្រុងខ្សែទី៣ (ផ្លូវជាតិលេខ៤-ផ្លូវជាតិលេខ១) មានប្រវែងសរុប ៥២,៩៨៣គីឡូម៉ែត្រ។ ផ្លូវនេះ តភ្ជាប់ទៅនឹងផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ និងភ្ជាប់ទៅនឹងស្ពានឈ្នះ-ឈ្នះ និងមហាវិថីឈ្នះ-ឈ្នះ និងផ្លូវជាតិលេខ៦។ តាមរយៈគម្រោងនេះ នឹងប្រែក្លាយទៅជាផ្លូវក្រវាត់ក្រុងដ៏ធំ និងទំនើប ដែលនឹងបម្រើឱ្យជាផ្លូវដឹកជញ្ជូនវាងរាជធានីភ្នំពេញ តភ្ជាប់ពីផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៤ ផ្លូវជាតិ លេខ៣ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២១ ឆ្លងកាត់ទន្លេបាសាក់ ព្រមទាំងកោះអន្លង់ចិន។ ផ្លូវនេះ ក៏តភ្ជាប់ទៅនឹងផ្លូវជាតិលេខ១ ពិសេសតភ្ជាប់ទៅចំណត ផែកុងតឺន័រថ្មី របស់កំពងផែស្វ័យតក្រុងភ្នំពេញ នៅស្រុកកៀនស្វាយ ក៏ដូចជាការបំពេញឱ្យការតភ្ជាប់ផ្លូវ អាស៊ានហាយវ៉េយ (AH1 និងAH11) និងផ្លូវរបៀងសំខាន់ៗ របស់មហាអនុតំបន់មេគង្គផងដែរ។
សម្រាប់ក្រសួងសាធារណការ ផ្លូវក្រវាត់ក្រុងខ្សែទី៣ នឹងរួមចំណែកជួយកាត់បន្ថយកការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ដែលធ្លាប់មានកន្លងមក និងជួយសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋក្នុងរាជធានីបន្ថែមទៀតដែរ៕
រូបថត៖ ហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន
Tag:
ស្ពានឆ្លងទន្លេបាសាក់
ផ្លូវក្រវាត់ក្រុងទី៣
ស្ពាន
© រក្សាសិទ្ធិដោយ thmeythmey.com