អន្តរជាតិ
ក្រុមតាលីបង់ ពង្រីកតំបន់ត្រួតត្រានៅអាហ្វហ្កានីស្ថាន ស្របពេលអាមេរិកដកទ័ពជិតអស់
04, Jul 2021 , 5:59 pm        
រូបភាព
យោធាអាហ្វហ្កានីស្ថានក្នងស្រុក Panjwai នាពេលកន្លងមក។ រូបថត AFP
យោធាអាហ្វហ្កានីស្ថានក្នងស្រុក Panjwai នាពេលកន្លងមក។ រូបថត AFP
ក្រុមតាលីបង់ បានពង្រីកតំបន់ត្រួតត្រារបស់ខ្លួនកាន់តែធំនៅអាហ្វហ្កានីស្ថាន ស្របពេលកម្លាំងទ័ពអាមេរិក និងសម្ព័ន្ធមិត្តចម្រុះដកចេញជិតអស់ទៅហើយនោះ។ មន្រ្តីអាហ្វហ្កានីស្ថាននិយាយនៅថ្ងៃទី៤ ខែកក្កដា ថា ក្រុមតាលីបង់ ដណ្ដើមស្រុកសំខាន់នៃខេត្តកាន់ដាហា ដែលជាអតីតមូលដ្ឋានរឹងមាំរបស់ក្រុមឧទ្ទាមួយនេះនាពេលកន្លងមក។​

 
ក្រោយការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាជាមួយកងទ័ពរដ្ឋាភិបាល ក្រុមឧទ្ទាមតាលីបង់ បានគ្រប់គ្រងស្រុក Panjwai នៃខេត្តកាន់ដាហានៅភាគខាងត្បូងរបស់អាហ្វហ្កានីស្ថាន។ ស្រុកមួយនេះ ជាចំណុចយុទ្ធសាស្រ្តមួយដែលក្រុមតាលីបង់ព្យាយាមដណ្ដើមជាយូរមកហើយពីកម្លាំងរដ្ឋាភិបាលអាហ្វហ្កានីស្ថានដើម្បីចូលកៀកទីក្រុងកាន់ដាហា ដែលជាទីក្រុងធំរបស់ខេត្តមួយនេះ។ ខេត្តកាន់ដាហា ជាទីកំណើតរបស់ក្រុមតាលីបង់។
 
អភិបាលស្រុក Panjwai លោក Hasti Mohammad ប្រាប់ទីភ្នាក់ងារព័ត៌មាន​ AFP ថា កម្លាំងទ័ពអាហ្វហ្កានីស្ថាន បានប្រយុទ្ធជាមួយក្រុមតាលីបង់តាំងពីយប់មក ហើយកងទ័ពជាតិក៏ដកទ័ព ដោយទុកឱ្យក្រុមតាលីបង់ចូលគ្រប់គ្រងទីស្នាក់ការប៉ូលិស និងអាគារការិយាល័យស្រុក។ ចំណែកប្រធានក្រុមប្រឹក្សាខេត្ត លោក Sayed Jan Khakriwal អះអាងថា កម្លាំងរដ្ឋាភិបាលមានចេតនាដកថយតែម្ដង។ 
 
ការបាត់បង់ស្រុក Panjwai កើតឡើងពីរថ្ងៃក្រោយកងទ័ពអាមេរិក និងកម្លាំងយោធាណាតូដកចេញពីមូលដ្ឋានអាកាស Bagram ដ៏ធំនៅក្បែររដ្ឋធានីកាប៊ុល។ មូលដ្ឋាន Bagram ជាទីតាំងយុទ្ធសាស្រ្ត និងកន្លែងជាចាប់ផ្ដើមប្រតិបត្តិការរបស់កងទ័ពអាមេរិក និងសម្ព័ន្ធមិត្តអំឡុងពេល២០ឆ្នាំក្នុងការប្រយុទ្ធនឹងក្រុមតាលីបង់ និងក្រុមជ្រុលនិយមអាល់កៃដា។
 
ជាមួយការដកទ័ពចេញពីអតីតមូលដ្ឋានដ៏ធំនេះ យោធាអាមេរិក ខិតជិតដល់ការបញ្ចប់ការដកទ័ពហើយ។ មន្រ្តីសេតវិមាននិយាយថា​ ប្រតិបត្តិការដកទ័ពអាចបញ្ចប់នៅខែសីហា មុនកាលកំណត់ថ្ងៃទី១១ ខែកញ្ញា។​ យ៉ាងណាមិញ គេមិនដឹងថា អាមេរិកអាចរក្សាកម្លាំងខ្លះនៅអាហ្វហ្កានីស្ថានឬយ៉ាងណាឡើយ ពិសេសអាមេរិកនៅមានស្ថានទូតដ៏ធំដែលត្រូវការកម្លាំងការពារច្រើននោះ។
 
ក្រោយអាមេរិកចាប់ផ្ដើមកងទ័ពនៅខែឧសភា ក្រុមឧទ្ទាមតាលីបង់ ក៏បង្កើនសកម្មភាពរបស់ខ្លួនកាន់តែខ្លាំង និងដណ្ដើមតាមតំបន់ជាច្រើនជាបន្តបន្ទាប់។ ក្រុមនេះអះអាងថា ខ្លួនគ្រប់គ្រងស្រុកជាង១០០ហើយក្នុងចំណោមស្រុកទាំងជាង៤០០របស់អាហ្វហ្កានីស្ថាន។ ប៉ុន្តែរដ្ឋាភិបាលកាប៊ុលបដិសេធ តែទទួលស្គាល់ថា ខ្លួនបាត់បង់ទឹកដីមែន៕
 

Tag:
 អាមេរិក
  អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com