កីឡាអន្តរជាតិ
អន្តរជាតិ
អត្តពលិកអូឡាំពិកស៊ែប៊ី តេស្តវិជ្ជមានកូវីដ-១៩ ពេលទៅដល់ព្រលានយន្តហោះក្រុងតូក្យូ
05, Jul 2021 , 1:59 pm        
រូបភាព
អត្តពលិកម្នាក់របស់ក្រុមអូឡាំពិកស៊ែប៊ីបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ បន្ទាប់ពីធ្វើដំណើរទៅដល់ប្រទេសជប៉ុនដើម្បីចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅក្រុងតូក្យូ។ មន្រ្តីក្រុងតូក្យូប្រកាសដូច្នេះនៅថ្ងៃទី៤ ខែកក្កដា។



សមាជិកម្នាក់ ចំណោមក្រុមចែវទូកវិញ្ញាសា៥នាក់របស់ស៊ែប៊ី ត្រូវបានរកឃើញថាឆ្លងកូវីដ-១៩ ក្រោយការធ្វើតេស្តនៅអាកាសយានដ្ឋាន Haneda នាក្រុងតូក្យូ។ នេះបើតាមការបញ្ជាក់របស់មន្រ្តីតំបន់ Nanto ជាទីដែលអត្តពលិកទាំងអស់ គ្រោងនឹងហ្វឹកហាត់មុនព្រឹត្តិការណ៍កីឡាអូឡាំពិកចូលមកដល់នៅ៣សប្តាហ៍ទៀត។
 
មន្ត្រីតំបន់ Nanto​ បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា៖ «សមាជិកអត្តពលិក ដែលទៅដល់ទីក្រុងតូក្យូនៅថ្ងៃនេះ គ្រោងចាប់ផ្តើមហ្វឹកហាត់តាមកាលវិភាក ប៉ុន្តែកម្មវិធីទាំងនេះទំនងជាត្រូវបានលុបចោលវិញ ដោយសារករណីកូវីដ-១៩»។
 
មន្ត្រីរៀបចំព្រឹត្តិការណ៍កីឡារដូវក្តៅ បង្កើនការរឹតត្បឹតត្រួតពិនិត្យលើអត្តពលិកដែលធ្វើដំណើរទៅដល់ព្រលានយន្តហោះ បន្ទាប់ពីមន្ត្រីប្រតិភូអូឡាំពិករបស់អ៊ូហ្គង់ដាធ្វើតេស្តចេញលទ្ធផលវិជ្ជមានកូវីដ-១៩ ក្រោយទៅដល់ទឹកដីជប៉ុន។
 
បច្ចុប្បន្ន ក្រុងតូក្យូ និងតំបន់ផ្សេងមួយចំនួនទៀតកំពុងស្ថិតក្នុងស្ថានភាពអាសន្ន។ ការកើនឡើងចំនួនករណីឆ្លងបំប្លែងថ្មី បានធ្វើឱ្យមន្រ្តីរៀបចំអូឡាំពិកព្រួយបារម្ភ ពិសេសវត្តមានអ្នកគាំទ្រ ក្រោយមានការប្រកាសអនុញ្ញាតឱ្យអ្នកទស្សនាចូលក្នុងកីឡដ្ឋានផ្ទាល់ចំនួន១ម៉ឺននាក់។ យ៉ាងណាក៏ដោយ អ្នកគាំទ្រពីក្រៅប្រទេសនៅតែមិនអនុញ្ញាតឱ្យចូលរួមដដែល។
 
គិតត្រឹមថ្ងៃទី៥ ខែកក្កដា ជប៉ុនបានកើនឡើងករណីឆ្លងកូវីដ-១៩ ដល់ជាង៨០ម៉ឺននាក់ហើយ ក្នុងនោះស្លាប់ជិត១៥០០០នាក់ផងដែរ៕
 

Tag:
 Olympic
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com