ជាតិ
មេថ្មីអាដហុក លោក នី សុខា៖ យើងមិនដែលតាំងខ្លួនជាគូបដិបក្ខនឹងរដ្ឋាភិបាលទេ
05, Jul 2021 , 5:00 pm        
រូបភាព
លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា អាដហុក
លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា អាដហុក
ភ្នំពេញ៖ លោក នី សុខា ត្រូវបានតែងតាំងជាប្រធានសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា អាដហុក ជំនួសលោក ធន់ សារ៉ាយ ដែលបានសុំចូលនិវត្តន៍ ក្រោយដឹកនាំស្ថាប័ន ៣០ឆ្នាំមកនេះ។ សម្រាប់លោក នី សុខា តួនាទីប្រធាននេះ វាជាផលល្អផង និងជាបន្ទុកផង ។


លោក នី សុខា មានសុទិដ្ឋិនិយមខ្ពស់ ចំពោះតួនាទីជាប្រធានសមាគមអាដហុកនេះ ក្រោយពីទទួលបានការគាំទ្រសមាជិក និងក្រុមការងារក្នុងស្ថាប័ន។ ដ្បិតជាផលល្អ ប៉ុន្តែវាក៏ជាអម្រែកសម្រាប់លោក នី សុខា ដែលត្រូវទទួលខុសត្រូវខ្ពស់ នៅក្នុងស្ថាប័នផង និងចំពោះមុខសង្គមផង ក្នុងតួនាទីជាប្រធានអាដហុកនេះ។ 
 
តែយ៉ាងណាប្រធានថ្មីអាដហុករូបនេះ ជឿជាក់ថា ខ្លួននឹងអាចដឹកនាំអាដហុក ជំនួសលោក ធន់ សារ៉ាយ បានយ៉ាងល្អ។ មិនតែប៉ុណ្ណោះអ្នកជំនាញសិទ្ធិមនុស្ស ដែលមានបទពិសោធន៍ជិត៣០ឆ្នាំរូបនេះ បានប្ដេជ្ញាបំពេញបំណងលោក ធន់ សារ៉ាយ ដែលចង់ឃើញសង្គមមួយ ពោរពេញទៅដោយការគោរពសិទ្ធិមនុស្ស។
 
សូមស្ដាប់កិច្ចសម្ភាសរវាងលោក រំដួល ចិត្រា អ្នកសារព័ត៌មានថ្មីៗ និងលោក នី សុខា ប្រធានថ្មី នៃសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា អាដហុក ដូចតទៅ៖




មុននឹងកាន់តំណែងជាប្រធានសមាគមអាដហុកនេះ លោក នី សុខា រួមជាមួយមន្ត្រីអាដហុក ៣ នាក់ទៀត បានរងការចោទប្រកាន់ពីបទ «សូកប៉ាន់សាក្សី» កាលពីដើមខែឧសភា ឆ្នាំ២០១៦ ពាក់ព័ន្ធនឹងរឿងអាស្រូវរបស់ស្ត្រីម្នាក់ឈ្មោះថា ខុម ចាន់តារ៉ាទី ហៅស្រីមុំ និង លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ។ ចំណែកអតីតមន្ត្រីអាដហុកម្នាក់ទៀត គឺលោក នី ចរិយា ដែលកាលណោះកាន់តំណែងអគ្គលេខាធិការរងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានចោទពីបទ «សមគំនិតក្នុងរឿងសូកប៉ាន់សាក្សី»នេះដែរ។
 
លោក នី សុខា និងមន្ត្រីអាដហុក បានជាប់ពន្ធនាគារជាង១ឆ្នាំ មុនតុលាការដោះលែងបណ្ដោះអាសន្នវិញ កាលពីថ្ងៃទី២៩ មិថុនា ២០១៧។ នៅពេលសួរថា តើលោកមានការបារម្ភទេ ថាស្រមោលរូបភាពបទចោទទាំងនេះ នឹងតាមលង់បន្លាចលោក ហើយធ្វើឱ្យលោក ក៏ដូចជាអាដហុកទាំងមូលប្រឈមបញ្ហាទេ?
 
ប្រធានថ្មីអាដហុករូបនេះ មិនបានឆ្លើយឱ្យចំសំនួរឡើយ ដោយលោកគ្រាន់តែបកស្រាយថា ការងារសិទ្ធិមនុស្ស មិនអាចគេចផុតពីបញ្ហាទេ ទោះបីប្រឹងប្រែងបញ្ចៀសគ្រោះ យ៉ាងណាក៏ដោយ។ បើតាមលោក សុខា ការដោះស្រាយបញ្ហាប្រឈមនោះ គឺមានតែការទទួលខុសត្រូវ និងត្រៀមខ្លួនទុកជាមុនប៉ុណ្ណោះ។
 
ឆ្លើយតបនឹងរឿងអង្គការសង្គមស៊ីវិល ទទួលជំនួយបរទេស ហើយប្រមូលរបាយការណ៍អវិជ្ជមានពីរដ្ឋាភិបាល ដើម្បីផ្គាប់ចិត្តបរទេសវិញនេះ ត្រូវបានលោក សុខា បដិសេធថា មិនមែនជាការពិតទេ។ លោក សុខា ដែលបម្រើការងារសិទ្ធិមនុស្សតាំងពីឆ្នាំ១៩៩១មក អះអាងថា ម្ចាស់ជំនួយបរទេស មិនដែលមកបញ្ជាមន្ត្រីសិទ្ធិមនុស្សអាដហុក ឱ្យធ្វើអ្វីតាមបំណងគេនោះឡើយ ។ 
ត្រង់ចំណុចនេះ លោក នី សុខា បានព្យាយាមពន្យល់ថា គោលដៅរបស់សមាគមអាដហុក មិនដែលមានបំណងប្រឆាំង និងធ្វើជាគូបដិបក្ខនឹងរដ្ឋាភិបាលនោះទេ។ ប្រធានថ្មីអាដហុករូបនេះ បានពន្យល់ថា មូលហេតុដែលអាដហុក ក៏ដូចជាស្ថាប័នអង្គការផ្សេងទៀត លើកពីបញ្ហារបស់រដ្ឋាភិបាលមកនិយាយ ឬរិះគន់នោះ គឺក្នុងន័យស្ថាបនា និងកែតម្រូវចំណុចខ្វះចន្លោះ ឱ្យល្អប្រសើរប៉ុណ្ណោះ ដោយគ្មានគោលដៅប្រឆាំងរាល់សកម្មភាពរដ្ឋាភិបាលឡើយ។
 
ដ្បិតលើកបញ្ហាសង្គមមករិះគន់ក្តី ប៉ុន្តែមិនមែនមានន័យថា រាល់សកម្មភាពរបស់រដ្ឋាភិបាល សុទ្ធតែមិនល្អនោះដែរ។ នេះបើតាមលោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា អាដហុក៕
 

Tag:
 នី សុខា
  អាដហុក
  សិទ្ធិមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com