COVID-19
ជាតិ
យុវជនសកម្ម សេវាល្អ
អាណាព្យាបាលនៅសង្កាត់ស្រយ៉ូវ បារម្ភពីការសិក្សារបស់កូនអំឡុងពេលកូវីដ-១៩
06, Jul 2021 , 9:29 am        
រូបភាព
ដោយ៖ ហ៊ុម តុងហាវ (យុវជនសង្កាត់ស្រយ៉ូវ)
 
កំពង់ធំ៖ សាលាទូទាំងប្រទេសបានបិទទ្វារជាង៤ខែហើយ ដោយសារតែវិបត្តិកូវីដ-១៩។ សិស្សានុសិស្ស ត្រូវបន្តការសិក្សាតាមប្រព័ន្ធអនឡាញ ក្នុងបរិបទនេះ។  មធ្យោបាយរៀនរបៀបថ្មីនេះ បណ្ដាលឲ្យអាណាព្យាបាលរបស់សិស្សមួយចំនួន នៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានក្ដីបារម្ភចំពោះការសិក្សារបស់កូនៗ ពិសេសកម្រិតចំណេះដឹងដែលទទួលបានក្នុងអំឡុងសិក្សាពីចម្ងាយនេះ។ អាណាព្យាបាលទាំងនោះបារម្ភ ក៏ព្រោះតែកូនៗរបស់ខ្លួនមិនបានរៀនពេញលេញដូចរៀននៅសាលាផ្ទាល់  ដោយសារកត្តាខ្វះចំណេះដឹងបច្ចេកវិទ្យា និងសេវាអ៊ីនធឺណិតដំណើរការមិនល្អ។

 
អ្នកស្រី ហ៊ុយ សាវឿន គឺជាកសិករដាំបន្លែនៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ អ្នកស្រី សាវឿន មានកូន៣នាក់កំពុងសិក្សាថ្នាក់ទី១០ និង២នាក់ទៀតសិក្សាថ្នាក់បរិញ្ញាបត្រ។ ក្នុងអំឡុងពេលកូវីដ-១៩  អ្នកម្ដាយរូបនេះ បារម្ភពីការសិក្សារបស់កូនៗធ្លាក់ចុះ ខណៈការរៀនតាមអនឡាញ មានភាពរអាក់រអួល ដោយសារបញ្ហាទូរសព្ទចាស់ និងប្រព័ន្ធអ៊ីនធឺណិតយឺតមានភាពរអាក់រអួលជាដើម។ អ្នកស្រីសាវឿន បានរៀបរាប់ដូច្នេះ៖«ខ្ញុំបារម្ភខ្លាចកូន រៀនមិនបានចប់ ហើយចំណេះកូនកាន់តែខ្សោយទៅៗព្រោះកូវីដ មិនដឹងពេលណាទើបចប់»។
 
ជាមួយក្ដីបារម្ភនេះ  កសិករដាំបន្លែរូបនេះ បានត្រឹមជួយដាស់តឿន និងជំរុញឱ្យកូនៗ ប្រឹងរៀនតែប៉ុណ្ណោះ ព្រោះដោយសារអ្នកស្រីមានចំណេះដឹងទាបជាងកូនៗ មិនអាចជួយបង្រៀនកូនបន្ថែមនោះឡើយ។



មិនខុសពី អ្នកស្រី ហ៊ុយ សាវឿន អ្នកស្រី សុខ សារ៉ែម ក៏បារម្ភពីការសិក្សារបស់កូន តាមប្រព័ន្ធអនឡាញ ក្នុងអំឡុងវិបត្តិកូវីដ-១៩ នេះដែរ។  អ្នកស្រី សារ៉ែម មានកូនស្រីម្នាក់ កំពុងរៀនថ្នាក់ទី១០។ គាត់បានឱ្យដឹងថា អំឡុងកូវីដ-១៩ ការសិក្សារបស់កូនគាត់ ជួបផលលំបាកមួយដូចជារៀនមិនសូវដិតដល់ ដោយសារបញ្ហាអ៊ីនធឺណិត។ «រៀនតាមប្រព័ន្ធអនឡាញ ពិតជាជួបប្រទះបញ្ហាខ្លះៗដូចជា អ៊ីនធឺណែតមិនសូវដើរ មិនសូវមានសេវា ប៉ះពាល់ភ្នែក និងលំបាកទាក់ទងជាមួយគ្រូទៀត»។ នេះជាការបញ្ជាក់របស់អ្នកស្រី សារ៉ែម ។
 
ដូចនឹងអាណាព្យាបាលទាំងពីរខាងលើ អ្នកស្រី ហ៊ុន សុខហេង ជាអ្នកលក់កាហ្វេ ដែលមានកូនកំពុងសិក្សាចំនួន៣នាក់ នៅភូមិពុកយុក សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក៏អះអាងពីការរៀនមិនដិតដល់របស់កូន ដោយសារតែសេវាអ៊ីនធឺណិតនេះដែរ។ សម្រាប់ស្រ្តីរូបនេះ សង្កេតឃើញថាចំណេះដឹងរបស់កូនៗ នៅក្នុងអំឡុងពេលរៀនតាមអនឡាញនេះ មិនបានល្អ ដូចដូចរៀនជាមួយគ្រូផ្ទាល់នោះទេ។ 
 
ដោយបារម្ភពីប្រសិទ្ធភាពនៃការរៀនរបស់កូន អ្នកស្រីនិងស្វាមី បានឆ្លៀតបង្រៀនកូនបន្ថែមទៀតផងដែរ ។ អ្នកស្រី សុខហេង រៀបរាប់ដូច្នេះ៖ «ខ្ញុំបង្រៀនបានខ្លះៗ តែមិនដូចគ្រូនៅសាលាទេ។ ពេលថ្ងៃ ខ្ញុំរវល់លក់ ដូច្នេះយើងបានឆ្លៀតបង្រៀនតែយប់ៗទេ»។



អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុង (អត្ថបទ/ វីដេអូ) នេះគឺជាការទទួលខុសត្រូវរបស់ស្មេរ/ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ) 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com