កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
អ្នកនៅម្តុំស្តាត Wembley យកមុខផ្ទះជួលផ្ញើឡាន ដូចខ្មែរពេលបុណ្យ អុំទូកដែរ
05, Jul 2021 , 8:39 pm        
រូបភាព
អ្នករស់នៅក្នុងទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស ដែលមានផ្ទះក្បែរកីឡដ្ឋាន Wembley អាចរកចំណូលបានពីការផ្ញើរថយន្តចាប់ពីជាង៨ពាន់ដុល្លារឡើងទៅ នៅរៀងរាល់ការប្រកួតមួយលើកៗ ក្នុងព្រឹត្តិការណ៍ Euro 2020។


 
បើតាមការចុះផ្សាយរបស់កាសែតអង់គេ្លស Express ម្ចាស់ផ្ទះដែលមានផ្លូវទំនេរធំ ឬចំណតរថយន្តធំ អាចរកបានចំណូលពីការដាក់ផ្ញើឡានដល់ទៅ៩ពាន់ដុល្លារ ក្នុងមួយប្រកួតនៅកីឡដ្ឋាន Wembley អំឡុងព្រឹត្តិការណ៍អឺរ៉ុបដែលធ្វើឡើងនៅឆ្នាំ២០២១នេះ។
 
ម្ចាស់ផ្ទះខ្លះដែលនៅក្បែរស្តាត គិតថ្លៃចតរថយន្តលើផ្លូវរបស់ពួកគេក្នុងមួយគ្រឿង៥៥ដុល្លារ ឯម្ចាស់ផ្ទះដែលមានចម្ងាយឆ្ងាយជាងនេះបន្តិចគិតថ្លៃផ្ញើ៤៧ដុល្លារ។ ម្ចាស់ផ្ទះ អនុញ្ញាតឱ្យម្ចាស់រថយន្តនីមួយៗចតក្នុងរយៈពេលក្រោម៤ម៉ោងប៉ុណ្ណោះ។ 
 
អ្នកគាំទ្រប្រមាណ ៤៥០០០ នាក់ត្រូវបានអនុញ្ញាតឱ្យចូលកីឡដ្ឋាន Wembley ក្នុងជំនួបដែលក្រុមជម្រើសជាតិអង់គ្លេសយកឈ្នះអាល្លឺម៉ង់ ២-០ នៅវគ្គ១៦ក្រុមចុងក្រោយ។ យ៉ាងណាក៏ដោយ អ្នកគាំទ្រ ៦ ម៉ឺននាក់នឹងត្រូវបានអនុញ្ញាតឲ្យចូលស្តាតដ៏ធំរបស់អង់គ្លេសមួយនេះសម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ Euro 2020។
 
ក្រុមតោកំណាច នឹងត្រូវទទួលស្វាគមន៍ដាណឺម៉ាក់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងឯកអឺរ៉ុបនៅកីឡដ្ឋាន Wembley ដែលធ្វើឡើងនៅរាត្រីថ្ងៃទី៨ ខែកក្កដា វេលាម៉ោង ២:០០នាទីអាធ្រាត្រ [ម៉ោងនៅកម្ពុជា] មួយថ្ងៃបន្ទាប់ពីការជួបគ្នារវាងអ៊ីតាលី ជាមួយអេស្ប៉ាញនៅកីឡដ្ឋានដ៏ធំនៅក្រុងឡុងដ៏នេះ៕
 

Tag:
 Euro 2020
  Wembley
© រក្សាសិទ្ធិដោយ thmeythmey.com