អន្តរជាតិ
លោក ឡាវរ៉ូវ ៖ រុស្ស៊ីគាំទ្រការអាស៊ានក្នុងការដោះស្រាយវិបត្តិមីយ៉ាន់ម៉ា
06, Jul 2021 , 4:59 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី ស៊ែហ្គេយ៍ ឡាវរ៉ូវ ។ រូបថត AFP
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី ស៊ែហ្គេយ៍ ឡាវរ៉ូវ ។ រូបថត AFP
ប្រមុខការទូតរុស្ស៊ី ស៊ែហ្គេយ៍ ឡាវរ៉ូវ ប្រកាសជំហររបស់រុស្ស៊ីដែលគាំទ្រតួនាទីរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន ក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។ ថ្លែងក្នុងដំណើរទស្សនកិច្ចនៅឥណ្ឌូណេស៊ីនៅថ្ងៃទី៦ ខែកក្កដា លោក ឡាវរ៉ូវ បញ្ជាក់ថា រុស្ស៊ីដែលត្រូវមើលឃើញជាខ្នងបង្អែកក្រុមយោធាមីយ៉ាន់ម៉ា ក៏ប្រាប់ជំហររបស់ខ្លួនបែបនេះទៅមេដឹកនាំយោធាមីយ៉ាន់ម៉ាផងដែរ។

 
រុស្ស៊ី ក្លាយជាមហាអំណាចមួយទៀតដែលទទួលស្គាល់តួនាទីរបស់អាស៊ានក្នុងការស្វែងរកច្រកចេញពីវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ទីដែលក្រុមយោធាធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីខែកុម្ភៈកន្លងទៅ។ ការគាំទ្រតួនាទីអាស៊ាននេះ ត្រូវបានប្រកាសដោយផ្ទាល់ពីសំណាក់រដ្ឋមន្រ្តីការបរទេសរុស្ស៊ី ស៊ែហ្គេយ៍ ឡាវរ៉ូវ ក្នុងដំណើរទស្សនកិច្ចនៅឥណ្ឌូណេស៊ីដែលខ្នះខ្នែងរកដំណោះស្រាយផងនោះ។
 
មេដឹកនាំអាស៊ាន ក្នុងកិច្ចប្រជុំពិសេសកាលពីខែមេសា បានឯកភាពគ្នាលើផែនការ៥ចំណុចដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ាដូចជាការបញ្ឈប់អំពើហិង្សាជាបន្ទាន់ ការចាប់ផ្ដើមកិច្ចសន្ទនារវាងភាគីជម្លោះ និងការតែងតាំងប្រេសិតពិសេសរបស់ប្រធានអាស៊ានដើម្បីសម្រសម្រួលកិច្ចសន្ទនាជាដើម។ ពីទីក្រុងហ្សាការតា លោក ឡាវរ៉ូវ អះអាងថា ផែនការរបស់អាស៊ាន គួរក្លាយជាមូលដ្ឋានដើម្បីដោះស្រាយបញ្ហា។
 
«ក្នុងទំនាក់ទំនងជាមួយមេដឹកនាំមីយ៉ាន់ម៉ា ក្រុមយោធា យើងជំរុញតួនាទីរបស់អាស៊ានដែលតាមគំនិតរបស់យើង គួរជាមូលដ្ឋានសម្រាប់រកច្រកចេញ និងការវិលត្រឡប់ទៅរកភាពប្រក្រតីវិញ។» ប្រមុខការទូតរុស្ស៊ីបញ្ជាក់បែបនេះ។ 
 
អំឡុងទស្សនកិច្ចនៅឥណ្ឌូណេស៊ី លោក ឡាវរ៉ូវ ជួបជាមួយសមភាគី Retno Marsudi ។ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី ក៏នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-រុស្ស៊ីដែលធ្វើតាមអនឡាញផងដែរ។ បញ្ហាមីយ៉ាន់ម៉ា ទំនងជាប្រធានបទសំខាន់ក្នុងមួយក្នុងកិច្ចប្រជុំនេះ។
 
ក្រោយរដ្ឋប្រហារ រុស្ស៊ីបានពង្រឹងទំនាក់ទំនងយ៉ាងខ្លាំងជាមួយរដ្ឋាភិបាលមីយ៉ាន់ម៉ា ហើយក៏ក្លាយជាសម្ព័ន្ធមិត្តសំខាន់របស់របបយោធាដែលត្រូវបានសហគមន៍អន្តរជាតិថ្កោលទោស។ ប្រមុខរបបយោធា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ក៏ទើបបញ្ចប់ទស្សនកិច្ចនៅរុស្ស៊ីនៅពេលថ្មីៗនេះផងដែរ ដែលជាទស្សនកិច្ចនៅបរទេសលើកទីពីរបន្ទាប់ពីការធ្វើដំណើរទៅកាន់អាស៊ានកាលពីខែមេសា៕
 
 
 

Tag:
 រុស្ស៊ី
  មីយ៉ាន់ម៉ា
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com