អន្តរជាតិ
អ៊ីស្រាអែលថា វ៉ាក់សាំង Pfizer ធ្លាក់ចុះប្រសិទ្ធភាពទល់នឹងវីរុសបំប្លែងខ្លួនដែលតា រូបថត Xinhua
× នៅថ្ងៃទី៥ ខែកក្កដា ក្រសួងសុខាភិបាលអ៊ីស្រាអែលរាយការណ៍ពីការធ្លាក់ចុះប្រសិទ្ធភាពរបស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech ក្នុងការទប់ស្កាត់ការឆ្លង និងករណីឆ្លងចេញរោគសញ្ញាសម្រាប់ជំងឺកូវីដ-១៩ បង្កដោយវីរុសបំប្លែងខ្លួនដែលតា។ ប៉ុន្តែវ៉ាក់សាំងនៅតែមានប្រសិទ្ធភាពខ្ពស់មិនឱ្យវិវត្តទៅជាស្ថានភាពធ្ងន់ធ្ងរដដែល។
អ៊ីស្រាអែល ស្ថិតក្នុងចំណោមប្រទេសដែលចាក់វ៉ាក់សាំងឱ្យប្រជាជនបានច្រើនជាងគេ ជាមួយនឹងការប្រើប្រាស់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer-BioNTech ។ ប្រហែក៦០ភាគរយនៃប្រជាជនអ៊ីស្រាអែល៩,៣លាននាក់ ទទួលបានវ៉ាក់សាំងយ៉ាងហោចណាស់មួយដូស ដែលទម្លាក់ករណីឆ្លងពីជាងមួយម៉ឺននាក់ក្នុងមួយថ្ងៃមកត្រឹមករណីឆ្លងប្រចាំថ្ងៃតែមួយខ្ទង់វិញ។
ជាមួយជោគជ័យនេះ អ៊ីស្រាអែល ចាប់ផ្ដើមលើកបម្រាមរឹតត្បិតដែលដាក់កន្លងមក។ ប៉ុន្តែមិនយូរប៉ុន្មាន រដ្ឋាភិបាលអ៊ីស្រាអែល ក៏អនុវត្តវិធានការខ្លះវិញដូចជាការតម្រូវឱ្យពាក់ម៉ាស ស្របពេលវីរុសបំប្លែងខ្លួនទម្រង់ដែលតាដែលមានប្រភពពីឥណ្ឌាចាប់ផ្ដើមរាលដាល។ ករណីឆ្លងប្រចាំថ្ងៃ បានហក់ឡើងដល់ជាង៣០០នាក់កាលពីចុងសប្ដាហ៍មុន ដែលជាកំណត់ត្រាដ៏ខ្ពស់មួយ ឯករណីធ្ងន់ធ្ងរកើនដល់៣១នាក់ផងដែរ។
ក្រសួងសុខាភិបាលអ៊ីស្រាអែល នៅថ្ងៃទី៥ ខែកក្កដា បញ្ជាក់ថា ប្រសិទ្ធភាពរបស់វ៉ាក់សាំងក្រុមហ៊ុន Pfizer ក្នុងការទប់ស្កាត់ការចម្លង និងករណីស្រាល បានធ្លាក់មកត្រឹម៦៤ភាគរយ គិតតាំងពីដើមខែមិថុនាមក។ ស្របគ្នានេះ វ៉ាក់សាំងមានប្រសិទ្ធភាព៩៣ភាគរយមិនឱ្យវិវត្តទៅរកស្ថានភាពធ្ងន់ធ្ងរ និងចូលសម្រាកនៅមន្ទីរពេទ្យ។
ក្រសួងនេះ មិនបានបញ្ជាក់កម្រិតប្រសិទ្ធភាពមុនរយៈពេលដែលខ្លួនប្រកាសឡើយ ហើយក៏មិនបញ្ជាក់ព័ត៌មានលម្អិតដែរ។ ប៉ុន្តែក្នុងការរបាយការណ៍កាលពីខែឧសភា វ៉ាក់សាំងពីរដូសរបស់ Pfizer ប្រសិទ្ធភាពច្រើនជាង៩៥ភាគរយក្នុងការមិនឱ្យឆ្លង, ការចូលព្យាបាលនៅមន្ទីរពេទ្យ និងករណីធ្ងន់ធ្ងរជាដើម។
សូមបញ្ជាក់ថា វីរុសបំប្លែងខ្លួនទម្រង់ដែលតានេះ ត្រូវគេជឿថា អាចបង្កគ្រោះថ្នាក់ជាងវីរុសទម្រង់ដើម និងទម្រង់បំប្លែងខ្លួនឯទៀត ខណៈវ៉ាក់សាំងដែលមានបច្ចុប្បន្នក៏ទំនងជាធ្លាក់ចុះប្រសិទ្ធភាពផងដែរ តែនៅអាចការពារករណីធ្ងន់ធ្ងរបាន។ អង្គការសុខភាពពិភពលោកព្រមានហើយថា វីរុសបំប្លែងខ្លួននេះ កំពុងគ្របដណ្ដប់ពេញពិភពលោក ស្របពេលខ្លះរាយការណ៍ពីការកើនឡើងករណីឆ្លងដែលបង្កដោយវីរុសថ្មីនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com