អន្តរជាតិ
ឥណ្ឌូណេស៊ី នាំចូលអុកស៊ីសែនពីសិង្ហបុរី និងស្នើសុំជំនួយពីបរទេស ខណៈករណីឆ្លងហក់ឡើងខ្លាំង
× ឥណ្ឌូណេស៊ី កំពុងរងគ្រោះខ្លាំងដោយសារការកើនឡើងយ៉ាងរហ័សករណីឆ្លងជំងឺកូវីដ-១៩ ក្នុងប្រទេស ដែលអាជ្ញាធរអះអាងថា បណ្ដាលមកពីវីរុសបំប្លែងខ្លួនដែលតា។ មន្ទីរពេទ្យនានារបស់ឥណ្ឌូណេស៊ី ពេញដោយអ្នកជំងឺ ហើយការខ្វះខាតអុកស៊ីសែនក៏ចាប់ផ្ដើមមានបណ្ដើរៗផងដែរ។ រដ្ឋាភិបាលប្រទេសនេះ ក៏នាំចូលអុកស៊ីសែនបន្ថែមពីបរទេសដើម្បីបំពេញតម្រូវការក្នុងស្រុកដែលកើនឡើងឥតឈប់ឈរ។
ឧបករណ៍ចម្រាញ់អុកស៊ីសែនប្រមាណ១ម៉ឺនគ្រឿង នឹងត្រូវដឹកជញ្ជូនពីសិង្ហបុរីទៅកាន់ឥណ្ឌូណេស៊ីដើម្បីបំពេញតម្រូវការដ៏ច្រើន ខណៈដែលអ្នកជំងឺកូវីដ-១៩ កើនឡើងខ្លាំង។ មន្រ្តីឥណ្ឌូណេស៊ីបញ្ជាក់ថា ឧបករណ៍មួយចំនួនទៅដល់ឥណ្ឌូណេស៊ីរួចស្រេចហើយដែរ។
លោក Luhut Binsar Pandjaitan រដ្ឋមន្រ្តីសម្របសម្រួលក្នុងរដ្ឋាភិបាលឥណ្ឌូណេស៊ីនិយាយថា ឥណ្ឌូណេស៊ី នាំចូលអុកស៊ីសែនពីសិង្ហបុរី និងកំពុងស្នើសុំជំនួយពីចិន និងប្រភពឯទៀតដើម្បីជួយផងដែរ។ លោក Luhut បន្តថា ឥណ្ឌូណេស៊ី នឹងបង្កើនការនាំចូលអុកស៊ីសែនបន្ថែមទៀត ប្រសិនការផ្គត់ផ្គង់បច្ចុប្បន្ននៅតែមិនគ្រប់គ្រាន់។
នៅថ្ងៃទី៥ ខែកក្កដា លោក Luhut ក៏បានបញ្ជាឱ្យបញ្ជូនអុកស៊ីសែនទាំងអស់ទៅកាន់មន្ទីរពេទ្យដែលប្រឈមមុខការខ្វះខាតអុកស៊ីសែន ជាមួយនឹងការព្រមានថា ឥណ្ឌូណេស៊ី ប្រឈមមុខសេណារីយូអាក្រក់បំផុតដោយករណីឆ្លងប្រចាំថ្ងៃអាចឡើងដល់៥ម៉ឺននាក់ក្នុងមួយថ្ងៃ។ វីរុសបំប្លែងខ្លួនដែលតា ត្រូវបានអាជ្ញាធរអះអាងថា នៅពីក្រោយករណីឆ្លងដ៏ច្រើននេះ។
សព្វថ្ងៃ ប្រព័ន្ធសុខាភិបាលឥណ្ឌូណេស៊ី កំពុងទ្រុឌទ្រោមខ្លាំង ស្របពេលមន្ទីរពេទ្យជាច្រើនបដិសេធមិនទទួលអ្នកជំងឺ។ អ្នកជំងឺជាច្រើន ក៏ត្រូវបង្ខំចិត្តស្វែងរកអុកស៊ីសែនដើម្បីព្យាបាលនៅតាមផ្ទះរៀងៗខ្លួន។ នៅស៊ូរ៉ាបាយ៉ាដែលជាទីក្រុងធំទីពីរ អាជ្ញាធរបញ្ជាក់ថា មន្ទីរពេទ្យជាច្រើន ពេញអស់ និងលែងអាចទទួលអ្នកជំងឺបានទៀតឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com