ជាតិ
ទូតអង់គ្លេស ៖ការឱ្យតោឈ្មោះ «ហ៊ីម៉ា» រស់នៅជាមួយម្ចាស់វិញ ជាការអន្តរាយដល់ច្បាប់
06, Jul 2021 , 5:59 pm        
រូបភាព
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន បានអនុញ្ញាតឱ្យតោឈ្មោះ «ហ៊ីម៉ា» រស់នៅជាមួយម្ចាស់វិញ ក្រោយត្រូវបានរឹបអូស កាលពីងថ្ងៃទី២៧ មិថុនា ហើយបានបញ្ជូនទៅសួនសត្វភ្នំតាម៉ៅ។ ប៉ុន្តែសម្រេចឱ្យសត្វព្រៃរស់នៅ ក្នុងតំបន់ទីក្រុងភ្នំពេញវិញនេះ ត្រូវបានឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំកម្ពុជា ចាត់ទុកជាផលប៉ះពាល់ និងអន្តរាយដល់ច្បាប់។

 
លោកស្រី Tina Redshaw មិនពេញចិត្តចំពោះការអនុគ្រោះឱ្យសត្វតោ ត្រឡប់មករស់នៅជាមួយម្ចាស់វិញឡើយ។ សម្រាប់លោកស្រី Tina Redshaw ការអនុគ្រោះបែបនេះ វាធ្វើឱ្យអន្តរាយដល់ការអនុវត្តការងារទប់ស្កាត់ជួញដូរសត្វព្រៃជាសកល។
 
តាមរយៈបណ្ដាញសង្គម Twitter របស់ខ្លួន ឯកអគ្គរដ្ឋទូតរូបនេះ បានសរសេរជាភាសាអង់គ្លេស ដែលមានន័យជាភាសាខ្មែរដូច្នេះ៖«ខកចិត្តដែលសត្វតោ ដែលរឹបអូសបានពីលំនៅដ្ឋានកណ្តាលទីក្រុងកំពុងត្រូវបានវិលត្រឡប់មកវិញ ដោយធ្វើឱ្យប៉ះពាល់ដល់ច្បាប់ការពារភាពជាម្ចាស់ និងការធ្វើពាណិជ្ជកម្មសត្វព្រៃដែលជិតផុតពូជ បង្កអន្តរាយដល់កិច្ចខិតខំប្រឹងប្រែងជាសកល ក្នុងការប្រយុទ្ធប្រឆាំងនឹងពាណិជ្ជកម្មសត្វព្រៃខុសច្បាប់»។
 
កាលពីថ្ងៃទី២៧ ខែមិថុនា តោឈ្មោល «ហ៊ីម៉ា» ដែលបុរសជនជាតិចិន យកមកចិញ្ចឹមនៅផ្ទះ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកងវិញនោះ ត្រូវបានអាជ្ញាធរ រួមសហការសហការជាមួយអង្គការ Wildlife Alliance រឹបអូស និងសម្រេចដឹកយកទៅចិញ្ចឹមនៅសួនសត្វភ្នំតាម៉ៅ។
 
ប៉ុន្តែក្រោយពីក្ដាប់បានព័ត៌មាននេះ សម្ដេច ហ៊ុន សែន នៅយប់ថ្ងៃទី៥ កក្កដា ក៏បានបញ្ជាឱ្យនាំយកសត្វតោនេះ មកឱ្យរស់នៅជាមួយម្ចាស់ជនជាតិចិនវិញ ក្រោមលក្ខខណ្ឌរៀបចំធ្វើទ្រុង និងលក្ខណបច្ចេកទេសចិញ្ចឹមឱ្យបានត្រឹមត្រូវ ចៀសវាងបង្កគ្រោះថ្នាក់ដល់អ្នកដទៃ នៅតំបន់នោះ។ ក្រោយបញ្ជាសម្ដេច សឹងមិនដល់មួយថ្ងៃផង សត្វតោ«ហ៊ីម៉ា» ក៏បានមករស់នៅជាមួយម្ចាស់វិញ។
 
ជុំវិញការអនុគ្រោះឱ្យសត្វតោរស់នៅ ជាមួយម្ចាស់វិញនេះ ក៏មានការពេញចិត្ត និងមិនពេញចិត្តពីសំណាក់មហាជនដែរ។ អ្នកគាំទ្រការសម្រេចរបស់សម្ដេច ហ៊ុន សែន អះអាងថា ការអនុញ្ញាតឱ្យម្ចាស់ និងសត្វតោរស់នៅជាមួយគ្នានេះ គឺជាយោគយល់ដល់មនោសញ្ចេតនារវាងពួកគេទាំងពីរ។ ប៉ុន្តែអ្នកមិនពេញចិត្តនោះ ត្រង់ថា សត្វតោ ជាសត្វកំណាច ដែលអាចបង្កហានិភ័យដល់អាយុជីវិតគ្រប់ពេល មិនថាម្ចាស់ចិញ្ចឹម និងអ្នកដទៃ។ ជាពិសេសផ្ទុយពីច្បាប់ទប់ស្កាត់ការជួញដូរសត្វព្រៃខុសច្បាប់។
 
យោងតាមច្បាប់ស្តីពីព្រៃឈើ មាត្រា៩៦ បានចែងថា ជនណាដែលចិញ្ចឹម បង្កាត់ពូជប្រភេទសត្វព្រៃក្នុងក្រុមជិតផុតពូជ និងប្រភេទសត្វព្រៃក្នុងក្រុមមានដោយកម្រ ជននោះនឹងត្រូវទទួលពិន័យអន្តរការណ៍ពីរដ្ឋបាលព្រៃឈើ គិតជាទឹកប្រាក់ពី ២ ទៅ៣ដង នៃតម្លៃវត្ថុតាងពិតប្រាកដនៃទីផ្សារ៕

Tag:
 សត្វព្រៃ
© រក្សាសិទ្ធិដោយ thmeythmey.com