ភ្នំពេញ៖ កម្ពុជាត្រូវមានជំហរ៣ ពាក់ព័ន្ធនឹងការសង្ស័យថៃគ្រោងសាងសង់ប្រាសាទ ចម្លងរចនាប័ទ្មខ្មែរ។ ហើយប្រសិនបើថៃពិតជាចម្លងប្រាសាទ ដោយខុសច្បាប់មែន នោះទុកឱ្យយូណេស្កូជាអ្នកធ្វើការ។ នេះជាការបញ្ជាក់របស់ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា ជំហរ៣ ដែលពលរដ្ឋខ្មែរ ត្រូវប្រកាន់ខ្ជាប់ក្នុងបរិបទនេះ គឺទី១ត្រូវសិក្សាស្រាវជ្រាវ តើរឿងនោះពិតឬមិនពិត? ទី២ត្រូវសិក្សារចនាប័ទ្មប្រាសាទ តើពិតជាចម្លងពីខ្មែរមែនឬទេ? និងទី៣ ពលរដ្ឋកុំបារម្យពេក ព្រោះនេះជាសតវត្សរ៍ទី២១ ដោយប្រាសាទខ្មែរបានសង់តាំងពីសតវត្សទី១២។
សម្រាប់លោក សុខ ទូច ក្នុងករណីថៃសាងសង់ប្រាសាទ ចម្លងអង្គរវត្តខ្មែរដោយខុសច្បាប់មែន នោះកម្ពុជា អាចប្ដឹងទៅយូណេស្កូឱ្យជួយដោះស្រាយ។ លោក សុខ ទូច បញ្ជាក់៖«គេធ្វើហ្នឹងបានសុំពីយូណេស្កូហើយឬនៅ យើងត្រូវសិក្សាតាមហ្នឹងទៀត យើងមិនអាចធ្វើតាមរលកខ្យល់បានទេ។ ប្រសិនបើគេចម្លងដោយមិនសុំការអនុញ្ញាត ទុកឱ្យយូណេស្កូចាត់ចែង។ យើងមានរឿងជាមួយថៃច្រើនដងណាស់ហើយ។ រឿងព្រះវិហារ គេដើរប្រាប់ថាព្រះវិហារជារបស់គេ ខ្ញុំដាក់ទៅវិញ៨ចំណុច គេឆ្លើយជាមួយខ្ញុំមិនទាំងរួចផង។ ខ្មែរធ្លាប់ជាអាណាចក្រ ចុះថៃកើតនៅសម័យណា? ថៃដូរមកនៅឆ្នាំ១៩៣០ សុខោទ័យកើតក្នុងសតវត្សរ៍ទី១៣ គឺកើតមិនទាន់ប្រាសាទព្រះវិហារផង ដូច្នេះអ្វីក៏ដោយយើងមានមូលដ្ឋាន។ យើងយកផ្លូវច្បាប់ កុំយកអារម្មណ៍ទៅប្រើប្រាស់»។
ទោះជាយ៉ាងណា ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ថាប្រសិនបើប្រាសាទរចនាប័ទ្មអង្គរវត្ត ត្រូវបានសាងសង់នៅលើទឹកដីថៃដោយស្របច្បាប់មែន ហើយសេដ្ឋកិច្ចជាតិថៃកាន់តែរីកចម្រើន តាមរយៈទេសចរណ៍ទៅទស្សនាប្រាសាទនោះ ខ្មែរត្រូវទទួលស្គាល់ថាខ្លួនឯងសមត្ថភាពអន់។ អន់ក៏ព្រោះថា មានសម្បត្តិដ៏វិសេសជាងគេ ប៉ុន្តែបែរជាទន់ខ្សោយជាងគេ គ្មានសមត្ថភាពគ្រប់គ្រងឱ្យរីកចម្រើន។
យ៉ាងណាក៏ដោយ ដើម្បីកុំឱ្យរឿងទាំងនោះកើតឡើង លោក សុខ ទូច យល់ថាខ្មែរគ្រប់រូបទាំងមន្ត្រីរាជការ អ្នកមានអំណាច អ្នកមានទ្រព្យ រហូតដល់ប្រជាជនធម្មតា ត្រូវខំពង្រឹងខ្លួនឯង ,ត្រូវចេះខ្មាសគេ និងខ្មាសខ្លួនឯង ដោយត្រូវពង្រឹងសមត្ថភាពខ្លួនឯងឡើងវិញ។
«យើងត្រូវខំពង្រឹងខ្លួនឡើង កុំចេះតែច្រឡោត។ គិតទៅមើល គ្រាន់តែកូវីដមនុស្សងាប់ ក៏ទៅទិញក្ដារមឈូសពីគេដែរ ខ្មែរខ្វះក្ដាមឈូសណាស់។ យើងទិញបន្លែ ត្រីសាច់ពីគេ ម្ដេចយើងមិនតូចចិត្តផង មិនខឹងផង? យើងទៅលេងស្រុកគេ ទៅព្យាបាលស្រុកគេ ម្ដេចក៏មិនតូចចិត្តផង? នេះជាការបញ្ជាក់បន្ថែមរបស់លោក សុខ ទូច។
លោក សុខ ទូច ហាក់មិនសូវមានទុទ្ទិដ្ឋិនិយមខ្លាំងពេកទេ ចំពោះករណីសង្ស័យថៃគ្រោងចម្លងរចនាប័ទ្មប្រាសាទខ្មែរនោះ ព្រោះលោកជឿថា សំណង់បុរាណដែលមានអាយុកាលវែង និងជាស្នាដៃដើម មានតម្លៃជាងស្នាដៃថ្មី។ តែយ៉ាងណាលោក សុខ ទូច សង្កត់ធ្ងន់ថា ថៃដែលជាប្រទេសដែលមានការរីកចម្រើន ជាសមាជិក WTO , អង្គការយូណេស្កូ និងអង្គការសហប្រជាជាតិ ក៏គួរតែគិតពិចារណាលើរឿងនេះដែរ។
ភ្ជាប់ជាមួយគ្នានេះ ប្រធានរាជបណ្ឌិត្យសភាកម្ពុជារូបនេះ បានបញ្ជាក់ថា គេត្រូវមានការសិក្សាផ្លូវច្បាប់ បន្ទាប់មកត្រូវសិក្សាស្រាវជ្រាវថា បេតិកភណ្ឌពិភពលោក នៅប្រទេសផ្សេងៗ ដូចជាអាណាចក្ររ៉ូម៉ាំង ពីរ៉ាមីត អេហ្សីប អាណាចក្រក្រិច កំផែងចិន តើមានការចម្លងឬទេ? ប្រសិនបើមិនមានទេ តើហេតុអ្វីថៃធ្វើបែបនោះ? ប៉ុន្តែបើ បេតិកភណ្ឌពិភពលោកទាំងនោះ មានការចម្លងដែរ នោះខ្មែរត្រូវប្រៀបធៀបថាប្រាសាទថៃធ្វើនៅសតវត្សរ៍ទី២១ ហើយប្រាសាទខ្មែរសង់នៅសតវត្សរ៍ទី១២ នោះខ្មែរមានអំណាចជាង។
«សតវត្សរ៍ទី២១ហើយ ខ្មែរត្រូវពង្រឹងខ្លួនឯងឡើងវិញ តែយើងរឹង គឺយើងខ្លាំង។ សាំងហ្គាពួ ជាប្រទេសតូចតែមួយ តែល្បីលើពិភពលោក។ អ៊ីស្រាអែល ជាប្រទេសតូចជាងខ្មែរដល់ទៅ៣៧ដង តែមានគេគោរព ស្រឡាញ់ គេខ្លាច។ អារ៉ាប់ជាប្រទេសយ៉ាងធំ ប៉ុន្តែច្បាំងមិនឈ្នះអ៊ីស្រាអែលផង។ អ៊ីស្រាអែលទើបតែបង្កើតឆ្នាំ១៩៦៤ ដូច្នេះយើងកុំតូចចិត្ត តែត្រូវខំឡើងវិញ។ អ្នកណាមិនដឹងថាប្រាសាទអង្គវត្តរបស់ខ្មែរ ចង់អ្នកណាធ្វើប៉ុន្មានទៀត ក៏របស់ខ្មែរមិនបាត់បង់ដែរ សំខាន់ត្រូវសួរខ្លួនឯងថា តើខ្លួនឯងមានសមត្ថភាពឬអត់»?៕