ជាតិ
អ្នកជំនាញទេសចរណ៍៖ កម្ពុជានឹងមិនចំណេញអ្វីទាល់តែសោះ បើថៃសង់ប្រាសាទស្រដៀងអង្គរវត្តពិតប្រាកដមែន
07, Jul 2021 , 11:27 am        
រូបភាព
 ទិដ្ឋភាពប្រាសាទអង្គរវត្ត និងសំណង់ (រូបក្នុងរង្វង់) ដែលត្រូវបានអះអាងថា ថៃបានចម្លង
ទិដ្ឋភាពប្រាសាទអង្គរវត្ត និងសំណង់ (រូបក្នុងរង្វង់) ដែលត្រូវបានអះអាងថា ថៃបានចម្លង
ដោយ:
អ្នកជំនាញផ្នែកទេសចរណ៍ កំពុងខ្វល់ខ្វាយចិត្ត ពីការសំណង់ប្រាសាទដែលមានរចនាសម្ព័ន្ធស្រដៀងនឹងប្រាសាទអង្គរវត្ត ក្នុងខេត្តបុរីរ៉ាំ ប្រទេសថៃ។ សម្រាប់អ្នកជំនាញ សំណង់នេះ អាចធ្វើឱ្យភ្ញៀវអន្តរជាតិ ងាកទៅមើលប្រាសាទនៅប្រទេសថៃវិញ ហើយក៏អាចមានការភាន់ច្រឡំ វប្បធម៌ និងប្រវត្តិសាស្ត្រដែរ នាអនាគត។ សម្រាប់អ្នកជំនាញ តម្លៃបេតិកភណ្ឌ វប្បធម៌ និងប្រវត្តិសាស្ត្រនេះ មានតម្លៃធំធេងណាស់ និងមិនចង់ឱ្យមានការសាងសង់សំណង់ស្រដៀងនឹងប្រាសាទអង្គរវត្ត ដែលជាដួងព្រលឹងជាតិខ្មែរនោះឡើយ។

 
ប្រជាពលរដ្ឋកម្ពុជា អ្នកជំនាញ បានបញ្ចេញប្រតិកម្មជាហូរហែ ចំពោះការសាងសង់ប្រាសាទដែលមានរូបរាង និងប្លង់ស្រដៀងនឹងប្រាសាទអង្គរវត្ត នៅក្នុងខេត្តបុរីរ៉ាម ប្រទេសថៃ។
លោក ហូ វណ្ឌី ដែលអតីតប្រធានសមាគមទេសចរណ៍កម្ពុជា បានប្រាប់ប្រាប់ថ្មីៗ២៥ថា លោកកំពុងតាមដានយកចិត្តទុកដាក់ជុំវិញព័ត៌មាននេះ។  អ្នកជំនាញក្នុងវិស័យទេសចរណ៍រូបនេះ មិនសប្បាយចិត្តឡើយ ហើយក៏ព្រួយបារម្ភជាខ្លាំងដែរ ប្រសិនបើប្រាសាទនោះ ពិតជាលេចរូបរាងពិតមែន។  


លោក ហូ វណ្ឌី អតីតប្រធានសមាគមទេសចរណ៍កម្ពុជា 
 
 
បើតាម លោក ហូ វណ្ឌី ប្រទេសកម្ពុជានឹងខាតប្រយោជន៍ធំ ជាពិសេសវិស័យទេសចរណ៍បើថៃ អាចសាងសង់ប្រាសាទដ៏ធំនោះបាន។ «បើប្រទេសថៃ គាត់សាងសង់ប្រាសាទបានពិតមែន។ គាត់មានអាទិភាពច្រើនណាស់ ក្នុងការទាញយកភ្ញៀវ ព្រោះការសាងសង់ប្រាសាទ លើផ្ទៃដី១០០ហិកតា។ វាជាទំហំមួយដ៏ធំ វាស្មើនឹងប្រាសាទអង្គរវត្ត ដូច្នេះវាជាការព្រួយបារម្ភមួយរបស់អ្នករកស៊ីក្នុងវិស័យនេះ »។ នេះជាការបញ្ជាក់របស់លោក ហូ វណ្ឌី។ 
 
លោក ទៀ គីឡេង ដែលប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន ក៏ព្រួយបារម្ភពីការបាត់បង់ទេសចរណ៍ដែរ។ អ្វីដែលធ្វើឱ្យលោក គីឡេង កាន់តែភ័យខ្លាចនោះ គឺការយល់ច្រឡំពីវប្បធម៌ និងប្រវត្តិសាស្ត្រនាពេលអនាគត។ សម្រាប់ លោក ទៀ គីឡេង តម្លៃបេតិកភណ្ឌ វប្បធម៌ និងប្រវត្តិសាស្ត្រនេះ មានតម្លៃធំធេងណាស់។ 


លោក ទៀ គីឡេង ប្រធានសមាគមមគ្កូទ្ទេសក៍ទេសចរណ៍ភាសាចិន 

ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិនរូបនេះ មិនចង់ឱ្យមានការសាងសង់ប្រាសាទ ដែលមានរចនាសម្ព័ន្ធស្រដៀង នឹងប្រាសាទអង្គរវត្ត ដែលជាដួងព្រលឹងជាតិខ្មែរនោះទេ។ លោក ទៀ គីឡេង បន្ថែមដូច្នេះ៖ «ខ្ញុំមានការព្រួយបារម្ភខ្លាំង ព្រោះអង្គរវត្តជារបស់ខ្មែរ។ នៅថ្ងៃអនាគត ទេសចរអន្តរជាតិ ដែលមិនបានសិក្សាពីប្រវត្តិសាស្ត្រ អាច យល់ច្រឡំថា អង្គរវត្តជារបស់ថៃ។ ខ្ញុំមិនគាំទ្រឱ្យប្រទេសថៃសាងសង់ប្រាសាទ តាមរចនាប័ទ្ម អង្គរវត្តទេ»។
 
ទាំងលោក ទៀ គីឡេង និងលោក ហូ វណ្ឌី ស្នើឱ្យក្រសួងពាក់ព័ន្ធ និងរដ្ឋាភិបាលចាត់វិធានការណាមួយ ដើម្បីបញ្ឈប់ការសាងសង់ពុទ្ធមណ្ឌលក្នុងប្រទេសថៃ តាមរចនាប័ទ្មប្រាសាទអង្គរវត្ត ដើម្បីរក្សាអត្តសញ្ញាណជាតិ និងកេរដំណែលដូនតាខ្មែរ។ 
 
ស្ថិតក្នុងដំណាក់កាលនៃការស្រាវជ្រាវនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅពុំទាន់អាចសន្និដ្ឋានបាននៅឡើយទេថា ថៃពិតជាមានគម្រោងសង់ប្រាសាទ ដោយយកគំរូតាមប្រាសាទខ្មែរ ដោយរង់ចាំការស្រាវជ្រាវជាក់លាក់សិន។ ប៉ុន្តែបើមានករណីដូច្នោះមែនកម្ពុជានឹងដោះស្រាយតាមនីតិវិធី។  
 
លោក ឡុង ប៉ុណ្ណាសិរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ ពន្យល់ប្រាប់ថ្មីៗ២៥ដូច្នេះ៖«យើងមិនទាន់អាចកំណត់ថា នឹងស្រាវជ្រាវរួចរាល់ក្នុងប៉ុន្មានសប្ដាហ៍ទៀតនោះទេ។ យើងបានទាក់ទងទៅស្ថានទូតខ្មែរប្រចាំនៅថៃ កុងស៊ុលប្រចាំនៅស្រះកែវ ដើម្បីសិក្សាផ្ទាល់ ហើយអាជ្ញាធរអប្សរា កំពុងទាក់ទងតាមអេឡិចត្រូនិក ទៅខាងភាគីដែលសាងសង់ ថាគេសាងសង់របៀបម៉េច ហើយឱ្យគេផ្ដល់គម្រោងសាងសង់មកយើង ឱ្យបានជាក់លាក់។ បើបានព័ត៌មានយ៉ាងណា យើងនឹងបញ្ជាក់ជូនតាមក្រោយទៀត»។
 
លោក ប៉ុណ្ណាសិរីវត្ថ បានសង្កត់ធ្ងន់ថា ប្រសិនបើមានព័ត៌មានជាក់លាក់ថាថៃ ពិតជាចម្លងតាមប្រាសាទខ្មែរមែន នោះកម្ពុជានឹងដោះស្រាយតាមវិធីសាស្ត្រ ដូចដែលបានធ្វើកន្លងមក៕
 
 

Tag:
 ប្រាសាទអង្គរវត្ត
  ទៀ គីឡេង
  ហូ វណ្ឌី
© រក្សាសិទ្ធិដោយ thmeythmey.com