ជាតិ
សិល្បះ
ថៃ បកស្រាយប្រាប់កម្ពុជាថា សំណង់ប្រាសាទ នៅខេត្តបុរីរម្យ មិនបានចម្លងតាមរចនាប័ទ្មអង្គរវត្តឡើយ គម្រោងប្រាសាទកំពូល៣ ដែលគែផ្សព្វផ្សាយថា ថៃ គ្រោងសាងសង់នៅលើទឹកដីខ្លួន (រូបពីគណនីហ្វេសប៊ុកបុរាណាចារ្យ)
× ភ្នំពេញ៖ ថៃ បានអះអាងថា សំណង់ប្រាសាទ ដែលកំពុងសាងសង់នៅក្នុងខេត្តបុរីរម្យនោះ មិនបានលួចចម្លងតាមរចនាប័ទ្មអង្គរវត្តឡើយ។ នេះបើតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានទទួលការបកស្រាយរបស់ភាគីថៃ តាមរយៈឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ដែលបានចុះស្រាវជ្រាវ និងប្រមូលព័ត៌មាននេះ។
ក្រសួងវប្បធម៌ បានបញ្ជាក់ថា សំណងប្រាសាទដែលកម្ពុជាសង្ស័យថៃ លួចចម្លងរចនាប័ទ្មប្រាសាទអង្គរវត្តនោះ ជាសំណង់ប្រាសាទមួយក្នុងចំណោមសំណង់ប្រាសាទថ្មដទៃទៀត មានភាពចម្រុះគ្នា ជាទីប្រតិស្ថាននៃព្រះពុទ្ធរូបសម្រាប់បូជា។ សំណង់ប្រាសាទដែលថៃកំពុងសាងសង់នោះ ស្ថិតក្នុងវត្តពុទ្ធបាទសិលាភូម៉ានហ្វា នៃភូមិណងបួឡាយ ឃុំបានស៊ិង ស្រុកណាងរ៉ង ខេត្តបុរីរម្យ ។
ក្រសួងវប្បធម៌ បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី៧ កក្កដានេះ ដោយយោងតាមព័ត៌មានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានចុះស្រាវជ្រាវ និងប្រមូលព័ត៌មានដូច្នេះ៖«តាមការបំភ្លឺ និងបង្ហាញឯកសារ ប្លង់ សំណង់នានា ព្រះចៅអធិការវត្ត(ស្ថិតក្នុងវត្តពុទ្ធបាទសិលាភូម៉ានហ្វា នៅខេតបុរីរម្យ ប្រទេសថៃ) បានបញ្ជាក់ថា ការសាងសង់ប្រាសាទនេះ មិនបានលួចចម្លងប្លង់ ឬសាងសង់តាមរចនាប័ទ្មស្ថាបត្យកម្មដូចគ្នានឹងប្រាសាទអង្គរវត្ត ឬប្រាសាទបុរាណណាមួយ នៅក្នុងប្រទេសកម្ពុជាឡើយ ពោលគឺ ការសាងសង់នោះ គឺគូសប្លង់ដោយខ្លួនឯង និងរចនាទៅតាមស្ថាបត្យកម្មប្រាសាទមួយចំនួនដែលមានក្នុងតំបន់នោះ»។
ទោះជាយ៉ាងណា មន្ត្រីជំនាញផ្នែកស្ថាបត្យកម្មកម្ពុជា នឹងចុះទៅពិនិត្យដោយផ្ទាល់បន្ថែមទៀត ក្នុងករណីមានការមន្ទិលសង្ស័យ ក៏ដូចជានឹងតាមដាន ការងារនេះបន្តដោយយកចិត្តទុកដាក់។
សារព័ត៌មានថ្មីៗ ពុំទាន់អាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ឡុង ប៉ុណ្ណាសិរីវត្ថ បានឡើយ ដោយលោកជាប់រវល់ប្រជុំ៕
Tag:
ប្រាសាទ
វប្បធម៌
សិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com