ជាតិ
រន្ទះ ខ្យល់កន្ត្រាក់ និងអគ្គិភ័យសម្លាប់មនុស្សជិត៨០នាក់នៅឆមាសទី១ឆ្នាំ២០២១
07, Jul 2021 , 6:59 pm        
រូបភាព
ដោយ៖ ប៉ូ សុភា

មនុស្សយ៉ាងហោចណាស់ជិត៨០នាក់ បានបាត់បង់ជីវិតដោយសារគ្រោះហមន្តរាយរន្ទះ ខ្យល់កន្ត្រាក់ និងអគ្គិភ័យ។ នេះបើតាមរបាយការឆមាសទី១ ឆ្នាំ២០២១ របស់គណៈកម្មាធិការជាតិ គ្រប់គ្រង គ្រោះមហន្តរាយ (គ.ជ.គ.ម)។ គ្រោះថ្នាក់មានទំហំធំជាង រយៈពេល៦ខែដំបូងដូចគ្នា កាលពីឆ្នាំ ២០២០។

 
គណៈកម្មាធិការជាតិ គ្រប់គ្រង គ្រោះមហន្តរាយ (គ.ជ.គ.ម) បានផ្តល់របាយការណ៍ឆមាសទី១ ដោយគិតចាប់តាំងពីខែមករា ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១។ ការបូកសរុបពីតាមបណ្តារាជធានី-ខេត្តទាំង២៥ បង្ហាញថា រន្ទះជាបាតុភូតដែលសម្លាប់មនុស្សច្រើនជាងគេ លើសអគ្គិភ័យ និងខ្យល់កន្ត្រាក់។
 
គ្រោះថ្នាក់រន្ទះ៖ បាត់ដំបង និងកំពង់ធំ រងគ្រោះខ្លាំងជាងគេ 
 
បាតុភូតរន្ទះបាញ់បានកើតឡើងចំនួន៧០លើកបណ្តាលឱ្យខូចខាតផ្ទះសម្បែងចំនួន៥ខ្នង។ មនុស្ស៥៩នាក់បានស្លាប់ ៤៤នាក់រងរបួស និងសម្លាប់គោក្របីអស់៣២ក្បាល។ 
បាត់ដំបងមានបាតុភូតរន្ទះដល់ទៅ១៤លើក ដែលធ្វើឲ្យមនុស្ស១៤នាក់ស្លាប់ និងគោក្របីងាប់១១ក្បាល កំពង់ធំ ស្ថិតនៅលំដាប់ទី២ ដោយមានមនុស្សស្លាប់៨នាក់ក្នុងគ្រោះរន្ទះ៨លើក។ ខេត្តដែលមានអ្នកស្លាប់ដោយសាររន្ទះជាបន្តបន្ទាប់មាន ត្បូងឃ្មុំ ព្រៃវែង បន្ទាយមានជ័យ កំពង់ឆ្នាំង និងជាង១០ខេត្តទៀត។

ខ្យល់កន្ត្រាក់៖ ស្លាប់៥នាក់ ខណៈ ផ្ទះ សាលារៀន តូប និងអគាររដ្ឋបាលរងការខូចខាត
 
គ្រោះថ្នាក់ដោយសារខ្យល់កន្រ្តាក់កើតឡើងចំនួន១៣៨ដង ដោយមានផ្ទះរលំ៦០០ខ្នង និងជាង៤៥០០ខ្នង របើក។ អ្នកស្លាប់មាន៥នាក់ និងអ្នករបួស៥៦នាក់។ ករណីស្លាប់៥នាក់ដោយសារខ្យល់កន្ត្រាក់ មាននៅមណ្ឌលគិរី កំពង់ធំ បាត់ដំបង សៀមរាប និងបន្ទាយមានជ័យ។ 
 
ការខូចខាត និងបាត់បង់ ផ្សេងទៀតរួមមាន តូប/ផ្សារចំនួន១០០នៅបន្ទាយមានជ័យ សាលារៀនជាង៣០ខ្នងនៅជាង១០ខេត្ត ដោយភាគច្រើននៅបាត់ដំបង កំពង់ឆ្នាំង និងរតនគិរី។ រីឯអគាររដ្ឋបាល១៧កន្លែងរងផលប៉ះពាល់ មាន៤កន្លែងនៅត្បូងឃ្មុំ ៣កន្លែងរៀងៗខ្លួននៅក្រចេះ កំពង់ចាម និងកំពង់ឆ្នាំង ចំណែក១កន្លែងនៅកណ្តាល ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។


 រូបភាពដោយគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
 
អគ្គិភ័យ៖ ២៨៨លើក ដោយភាគច្រើននៅភ្នំពេញ ហើយសម្លាប់មនុស្សសរុប១៤នាក់
 
រយៈពេល៦ខែកន្លងមកនេះ អគ្គិភ័យកើតមានចំនួន២៨៨លើកនៅគ្រប់រាជធានី-ខេត្ត ក្នុងនោះ៥៩លើកនៅភ្នំពេញ ២២លើកនៅបាត់ដំបង ខណៈកណ្តាល ក្រចេះ កំពង់ចាម និងសៀមរាប មាន១៦លើកដូចគ្នា។ 
 
គ្រោះថ្នាក់នេះ បានសម្លាប់មនុស្ស១៤នាក់ ក្នុងនោះ៦នាក់នៅភ្នំពេញ ៥នាក់នៅកំពង់ឆ្នាំង រីឯកណ្តាល បាត់ដំបង និងត្បូងឃ្មុំ មាន១នាក់ដូចគ្នា។ ជាមួយគ្នានេះ មនុស្ស២៩នាក់បានរងរបួស ហើយបង្កការខូចខាត និងបាត់បង់ផ្ទះ៣២១ខ្នង តូប/ផ្សារចំនួន៨០ ឃ្លាំងទំនិញ១១ សាលារៀន៣ខ្នង រោងចក្រសិប្បកម្ម១១កន្លែង អគាររដ្ឋបាល១៧កន្លែង រួមទាំងចម្ការ/ព្រៃមួយចំនួនផងដែរ។
 
លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបាន បញ្ជាក់កន្លងមកថាក្នុងឆ្នាំ២០២០ បាតុភូតខ្យល់កន្ត្រាក់បានធ្វើឱ្យផ្ទះរលំជាង១០០០ខ្នង និងផ្ទះខូចខាត ជាង ៤៥០០ខ្នង។ ចំណែកឯ បាតុភូតរន្ទះបណ្ដាលឱ្យមនុស្សស្លាប់៦៩នាក់ផងដែរ។ 
« គិតត្រឹមត្រឹមរយៈពេល៦ខៃក្នុងឆ្នាំ២០២១ មានអ្នកស្លាប់ដោយសាររន្ទះរហូតដល់៥៩នាក់ បើប្រៀបធៀបអាចមានច្រើនជាងនៅឆ្នាំ២០២០ ដែលមានអ្នកស្លាប់ត្រឹម៦៩នាក់ប៉ុណ្ណោះ ក្នុងមួយរយៈឆ្នាំ។ ចំណែកឯគ្រោះថ្នាក់ដោយសារខ្យល់កន្ត្រាក់មានចំនួនប្រហាក់ប្រហែលគ្នា»។ ការពន្យល់របស់លោក គន់ គីម៕
 
 
 
 
 
 
 
 

Tag:
 គ្រោះធម្មជាតិ
  រន្ទះ
 ខ្យល់កន្ត្រាក់
© រក្សាសិទ្ធិដោយ thmeythmey.com