COVID-19
ជាតិ
មេបក្សCPP ប្រាប់ទៅមេបក្សនយោបាយលើពិភពលោក ឱ្យឈប់រិះគន់គ្នា ជំនួសដោយស្ថាបនានិយម ក្នុងវិបត្តិកូវីដ-១៩
07, Jul 2021 , 3:29 pm        
រូបភាព
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ប្រាប់ទៅមេបក្សនយោបាយលើពិភពលោក ឱ្យឈប់រិះគន់គ្មានមូលដ្ឋាន ជំនួសដោយការស្ថាបនានិយម ដើម្បីផលប្រយោជន៍ជាតិជាធំ ក្នុងវិបត្តិកូវីដ-១៩ នេះ។


ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេច ហ៊ុន សែន បានសង្កត់ថា គណបក្សនយោបាយទាំងអស់ ទោះជាមាននិន្នាការណាក៏ដោយ ត្រូវគិតពីប្រយោជន៍ និងប្រជាជនជាធំ ដោយមិនត្រូវប្រកាន់ខ្ជាប់របៀបវារៈនយោបាយ រយៈពេលខ្លីនៃការដណ្ដើមអំណាចឱ្យខាងតែបាន តាមគ្រប់មធ្យោបាយ ដោយមិនខ្វល់ពីស្ថានភាពសន្ដិភាព ស្ថេរភាព និងប្រជាធិបតេយ្យឡើយ។
 
ថ្លែងក្នុងកិច្ចប្រជុំកំពូលនៃថ្នាក់ដឹកនាំគណបក្សកុម្មុយនិស្តចិន និងគណបក្សនយោបាយនៅលើពិភពលោក នៅយប់ថ្ងៃទី០៦ ខែកក្កដា មេដឹកនាំគណបក្សកាន់អំណាចនៅកម្ពុជារូបនេះ បាននិយាយដូច្នេះថា៖«ក្នុងកាលៈទេសៈពោរពេញដោយភាពប្រឈមដ៏ស្រួចស្រាល់នេះ គណបក្សនយោបាយ គួរតែប្រកាន់យកនូវការទទួលខុសត្រូវខ្ពស់ចំពោះជាតិ និងប្រជាជន ព្រមទាំងបញ្ឈប់ឱ្យបាននូវវប្បធម៌ និងឥរិយាបថច្រណែនឈ្នានីស ចាំតែមើលបំណាំ ចោទប្រកាន់និងរិះគន់គ្មានមូលដ្ឋាន ដោយជំនួសមកវិញនូវឥរិយាបថបែបស្ថាបនានិយម និងស្មារតីនៃកិច្ចសហការ ក្នុងការដោះស្រាយបញ្ហាប្រឈមរបស់មនុស្សជាតិ និងប្រជាជន ទាំងក្នុងក្របខណ្ឌពិភពលោក ក៏ដូចជាក្នុងប្រទេសនីមួយៗ»។
 
បើតាមប្រមុខរដ្ឋាភិបាលកម្ពុជា ក្នុងបរិបទកូវីដ-១៩ នេះ គឺត្រូវការរួបរួមគ្នាសង្គ្រោះជីវិតមនុស្សជាតិ តាមរយៈការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។ និយាយត្រង់ចំណុចនេះ លោកនាយករដ្ឋមន្រ្តី ក៏ស្នើឱ្យប្រទេសផលិត និងប្រទេសអ្នកមាន ចែករំលែកវ៉ាក់សាំង ដល់ប្រទេសកំពុងអភិវឌ្ឍន៍ និងក្រីក្រ ដោយមិនត្រូវទិញប្រមូលស្ដុកទុកសម្រាប់ចាក់ឱ្យប្រជាជនខ្លួន ហើយមិនគិតដល់ប្រជាជាតិដទៃឡើយ។ សម្ដេច ហ៊ុន សែន ក៏បានស្នើឱ្យប្រទេសទាំងអស់ ចាត់ទុកវ៉ាក់សាំងជាទំនិញសាធារណៈ ដោយប្រកាន់នូវគោលការណ៍«វ៉ាក់សាំងពហុភាគីនិយម» ទាំងដំណើរការផលិត ចែកចាយ និងប្រើប្រាស់។
 
«នៅពេលដែលវិបត្តិនៃជំងឺកូវីដ-១៩ ថមថយនាពេលខាងមុខ ការគិតគូរទៅលើការងើបឡើងវិញ នៃសង្គម-សេដ្ឋកិច្ច គឺជាកិច្ចការមួយដ៏សំខាន់មិនអាចខ្វះបាន»។ នេះជាទស្សនៈរបស់មេដឹកនាំគណបក្សកាន់អំណាចនៅកម្ពុជា ដែលបានបន្ថែមថា ប្រការនេះ ទាមទារឱ្យមានការលើកកម្ពស់យន្តការទ្វេភាគី និងពហុភាគីនិយមផ្សេងៗ ដូចគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ដែលជាយុទ្ធសាស្រ្តអភិវឌ្ឍន៍ ក្នុងការជួយស្ដារសង្គម សេដ្ឋកិច្ច និងវិបុលភាពប្រទេសនៅក្នុងតំបន់ និងពិភពលោក តាមរយៈការជំរុញលំហូពាណិជ្ជកម្ម និងការវិនិយោគ៕
 

Tag:
 ហ៊ុន សែន
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com