ជាតិ
សង្គមជាតិ
លោក ប៉ិច បូឡែន៖ បើពន្យារពេលបើកទ្វារទៀត សាលាឯកជនជាច្រើន នឹងបិទទ្វារទាំងស្រុង
07, Jul 2021 , 9:59 pm        
រូបភាព
លោក ប៉ិច បូឡែន ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន Westline Education Group
លោក ប៉ិច បូឡែន ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន Westline Education Group
ដោយ:
ភ្នំពេញ៖ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅតែអូសបន្លាយពេលយូរ ដែលប៉ះពាល់លើគ្រប់វិស័យនៅកម្ពុជា ក្នុងនោះក៏មានវិស័យអប់រំផងដែរ។ ដោយឡែកសាលារៀនឯកជន ភាគច្រើនជួបវិបត្តិធ្ងន់ធ្ងរ ដែលកំពុងត្រូវការអន្តរាគមន៍ពីរដ្ឋាភិបាល ដើម្បីស្រោចស្រង់វិស័យអប់រំងើបឈរឡើងវិញ។ លោក ប៉ិច បូឡែន ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា បានបញ្ជាក់ថា បើរដ្ឋពន្យាពេលបើកសាលារៀនយូរទៀតនោះ សាលារៀនឯកជនជាច្រើន នឹងត្រូវបិទទ្វារទាំងស្រុង។


ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នក អានបទសម្ភាសរវាងលោក ប៉ិច បូឡែន ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន Westline Education Group ជាមួយកញ្ញា សៅ សុខអេង នៃសារព័ត៌មានថ្មីៗ ខាងក្រោមដូចតទៅ៖ 

កញ្ញា សៅ សុខអេង៖ រយៈពេលនៃការផ្អាកសាលារៀនកន្លងមកនេះ តើវិស័យអប់រំឯកជនបានជួបនូវវិបត្តិអ្វីខ្លះ?
 
លោក ប៉ិច បូឡែន៖ ការបិទសាលារៀនអូសបន្លាយជិតរយៈពេល២ឆ្នាំហើយ។ អ៊ីចឹងបញ្ហាខ្លាំងគឺរឿងនិរន្តរភាពហិរញ្ញវត្ថុសាលារៀន។ វិបត្តិកូវីដ-១៩នៅកម្ពុជាកន្លងមកបានបណ្តាលឲ្យវិស័យអប់រំឯកជនបាត់បង់ប្រាក់ចំណូលពាក់កណ្តាល ដែលបញ្ហានេះហើយបាននាំឲ្យសាលារៀនឯកជន បង្ខំចិត្តកាត់បន្ថយប្រាក់ខែគ្រូ និងបុគ្គលិក,ការព្យួរការងារ ឬផ្អាកការងារបុគ្គលិក និងគ្រូ ដោយគ្រូខ្លះមានប្រាក់បៀវត្ស ហើយគ្រូខ្លះទៀតគ្មានប្រាក់បៀវត្ស។ បញ្ហានេះហើយបានធ្វើឲ្យគ្រូខ្លះដូរវិស័យការងារ។ សាលារៀនខ្លះកាត់បន្ថយសាខាសាលា។  
 
កញ្ញា សៅ សុខអេង៖ មែនទែនទៅ ទោះបីសាលារៀនទំាងអស់ត្រូវបានផ្អាក ប៉ុន្តែគ្រឹះស្ថានសិក្សាឯកជនក៏នៅតែមានចំណូលពីការបង់ថ្លៃសាលារៀនពីឪពុកម្តាយ ឬអាណាព្យាបាលសិស្សដែរ។ តើហេតុអ្វីនៅតែធ្វើឲ្យវិស័យអប់រំឯកជនជួបនូវវិបត្តិផ្នែកហិរញ្ញវត្ថុទៀត?
 
លោក ប៉ិច បូឡែន៖ សេដ្ឋកិច្ចរបស់សាលាគឺមិនមែនតែពឹងលើចំណូលសិស្សបង់លុយទេ។ សាលាពឹងលើចំណូលផ្សេងៗទៀត ប្រហែល២០ ទៅ៣០ភាគរយទៀត។ នៅពេលដែលសិស្សប្រើសេវានេះ ឬសេវានោះ សេវាអាហារដ្ឋាន និងរបស់របរគាត់ទិញ គឺបាន១០ ទៅ២០ ភាគរយដែរ។ ដល់ពេលបាត់ចំណូលទាំងហ្នឹងទៅ ហើយត្រូវចុះភាគរយថ្លៃបង់ថ្លៃការសិក្សាទៀត ហើយត្រូវសិស្សខ្លះគាត់ឈប់បង់លុយសាលាទៀត គឺសាលានៅសល់តែចំណូលតែ៥០ភាគរយទេ។ បើសាលាអត់មានចំណេះទូទៅខ្មែរទេ ហើយមានសាលាភាសា ឬមេត្តយ្យ គឺឪពុកម្តាយប្រាកដជាឲ្យកូនគាត់ឈប់រៀនសិនហើយ។ ដូច្នេះបើឈប់បង់កាន់តែច្រើន ចំណូលសាលាក៏ថយចុះតាមហ្នឹងដែរ។ ដូចសាលាអន្តរជាតិគេចេះតែបង់ ដោយសារតែបើគាត់អត់បង់ គឺអត់បានឡើងថ្នាក់ទេ។ 

កញ្ញា សៅ សុខអេង៖
ក្រៅពីប្រឈមនឹងបញ្ហាទាំងនេះ តើវិស័យអប់រំជួបនូវបញ្ហាទាក់ទងនឹងការបង្រៀន និងការរៀនតាមប្រព័ន្ធបច្ចេកវិទ្យាដែរឬទេ?  
 
លោក ប៉ិច បូឡែន៖ ខណៈពេលរៀនពីចម្ងាយ ឬរៀនតាមអនឡាញនេះ គឺសាលារៀនឯកជនគឺបានចំណាយថវិកាច្រើនមែនទែន ខណៈសាលារៀនឯកជនមានចំណូលប៉ះខ្លាំង។ ប៉ុន្តែដើម្បីឲ្យនិរន្តរភាពសាលាទៅមុខ។ សាលាឯកជនមានការរៀបចំប្រព័ន្ធបច្ចេកវិទ្យារួចរាល់តែម្តង។ គ្រូសាលាឯកជនគឺសុទ្ធតែអាចប្រើប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្នាទាំងអស់។ បើសាលារៀនកម្រិតមធ្យមឡើងទៅ នៅតាមខេត្តដាច់ស្រយោលគឺពិតជាលំបាក ពោលដោយសារប្រព័ន្ធអ៊ីនធឺណិតមិនអំណោយផល ហើយមាតាបិតាក៏មានភាពលំបាក និងមិនសូវយល់ដល់ពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា។
 
កញ្ញា សៅ សុខអេង៖ ប្រសិនជាការផ្អាកសាលារៀននៅតែបន្តអូសបន្លាយពេលយូរទៀត តើអាចធ្វើឲ្យវិស័យអប់រំឯកជនឈានដល់ស្ថានភាពដ៏អាក្រក់បែបណាទៀតដែរ?  
 
លោក ប៉ិច បូឡែន៖ កន្លងមកពីព្រោះតែសាលារៀនឯនជនមួយចំនួន មិនអាចទប់ទល់នឹងបញ្ហាទាំងនេះបាន ទើបត្រូវប្រឈមនឹងបិទទ្វារ និងក្ស័យធន។ ខ្ញុំរំពឹងថាឆ្នាំសិក្សាថ្មីនៅខែ៨ និងខែ៩នេះ គឺនិរន្តរភាពរបស់ពួកគាត់នឹងមកចាប់ផ្តើមជាថ្មី ដែលអាណាព្យាបាលសិស្សបន្តបង់ការសិក្សា ដែលអាចឲ្យសាលារៀនបន្តដំណើរការបង្រៀនសិស្ស។ បើកាលណាពន្យារពេលបើកសាលារៀនឡើងវិញ ២ ទៅ៣ខែទៀតនឹងធ្វើឲ្យសាលារៀនឯកជនជាច្រើនទៀតនឹងត្រូវបិទទ្វារទាំងស្រុង។ 
 
កញ្ញា សៅ សុខអេង៖ ដើម្បីឲ្យសាលារៀនឯកជននីមួយៗអាចបន្តឈរជើងទៅមុខទៀតបាន តើសាលារៀននីមួយៗមានគោលដៅបែបណាដែរ?
 
លោក ប៉ិច បូឡែន៖ យើងបារម្ភលើការងារបុគ្គលិក និងគ្រូ ពីព្រោះមានសាលារៀនជាច្រើនដែលមានលុយកម្ចីតិច ឬច្រើន ចេះតែខំប្រឹងទប់បុគ្គលិក។ ដើម្បីឲ្យសាលារៀនបន្តនិរន្តរភាពបាន ក៏ដូចជារក្សាសុវត្ថិភាពសុខភាពសិស្ស។ បើការផ្អាកសាលារៀននៅតែអូសបន្លាយពេលយូរទៀត គឺសាលារៀនគ្មានអ្វីក្រៅពីពឹងលើការពង្រីកវិសាលភាពការប្រើប្រាស់បច្ចេកវិទ្យាដើម្បីបង្រៀនហ្នឹងទេ។ ឥឡូវនេះគឺយើងត្រូវការគំនិតច្នៃប្រឌិតដើម្បីចេញជាសេណារីយូផ្សេងៗ និងផែនការផ្សេងៗ ការដាក់ចិត្តធ្វើ និងការគិតរួមគ្នាដើម្បីធ្វើ។ វិស័យឯកជនទាំងអស់គឺមិនគួរនៅតែឯង និងមិនគួរអង្គុយគិត និងរិះគន់ស្ថានការណ៍ និងចំណាត់ការរបស់ក្រសួងអប់រំទេ។ ប៉ុន្តែគួរតែបញ្ជូលជាសំឡេងតែមួយជាមួយសហព័ន្ធ ឬសហគមន៍ ជជែករកដំណោះស្រាយជាមួយក្រសួង។  

កញ្ញា សៅ សុខអេង៖ ទន្ទឹមនឹងគ្រឹះស្ថានសិក្សាបង្ហាញពីបញ្ហាប្រឈម តើគ្រឹះស្ថានសិក្សាឯកជនចង់ទាមទារអ្វីខ្លះដល់រាជរដ្ឋាភិបាល ដើម្បីជួយស្រោចស្រង់ដល់វិស័យអប់រំ?
 
លោក ប៉ិច បូឡែន៖ យើងបានស្នើសុំឲ្យក្រុមហ៊ុនទូរគមនាគមន៍ សម្របសម្រួល និងអន្តរាគមន៍ប្រព័ន្ធប្រើប្រាស់អ៊ីនធឺណិតដល់សាលា ឬបង្កើតជាកញ្ចប់ល្អពិសេសដល់សាលា អាណាព្យាបាល និងសិស្ស ដើម្បីប្រើក្នុងតម្លៃធូរ។ បើសិនមានវ៉ាក់សាំងកូវីដ-១៩មកក្រោយទៀត សូមចាក់ជូនដល់សិស្សឲ្យបានគ្រប់គ្នា។ហើយមួយទៀតយើងក៏បានដាក់ស្នើទាក់ទងលទ្ធភាពផ្នែកហិរញ្ញទាន។ តើអាចទេ ធម្មតាកញ្ចប់ជំនួយសេដ្ឋកិច្ចវិស័យឯកជនមានច្រើន ប៉ុន្តែអត់មានផ្នែកវិស័យអប់រំ។ ដូច្នេះបើតាមកញ្ចប់ថវិកាពិសេស ជាកម្ចី និងយល់យោគណាមួយផ្នែកហិរញ្ញទាន ដល់វិស័យអប់រំឯកជន គឺជារឿងល្អមែនទែន។ យើងស្នើឲ្យឪពុកម្តាយ និងអាណាព្យាបាលសិស្សចូលរួមលើកកម្ពស់វិស័យអប់រំឯកជនឲ្យមាននិរន្តរភាព និងស្នើឲ្យម្ចាស់អាគារជួយសម្របសម្រួល និងយោគយល់នូវផលលំបាករបស់សាលារៀនឯកជន។ 
 
សូមបញ្ជាក់ថា សាលារៀនគ្រប់កម្រិតទូទៅទាំងអស់ ត្រូវបានផ្អាកដំណើរការចំនួន៣មកហើយ ដោយលើកទី១ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០,លើកទី២ នៅថ្ងៃទី៣០ ខែវិចិ្ឆកា និងលើកទី៣ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១៕
 
 
 
 
 
 
 

Tag:
 សាលារៀនឯកជន
 អប់រំ
 ប៉ិច បូឡែន
© រក្សាសិទ្ធិដោយ thmeythmey.com