ជាតិ
សង្គមជាតិ
យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ខេត្តប៉ៃលិន និងព្រៃវែងហើយ ខណៈតាកែវ និងស្វាយរៀង ពង្រីកតំបន់
07, Jul 2021 , 5:29 pm        
រូបភាព
ទិដ្ឋភាពពលរដ្ឋនៅស្រុកបាទី ខេត្តតាកែវ​ចាក់វ៉ាក់សាំងកូវីដ-១៩ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ រូបភាពពីនាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ
ទិដ្ឋភាពពលរដ្ឋនៅស្រុកបាទី ខេត្តតាកែវ​ចាក់វ៉ាក់សាំងកូវីដ-១៩ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ រូបភាពពីនាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ
ដោយ:
ភ្នំពេញ៖ យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ បានពង្រីកដល់ខេត្តប៉ៃលិន និងព្រៃវែងហើយ ដែលយុទ្ធនាការចាក់វ៉ាក់សាំងទាំងពីរខេត្តនេះ នឹងចាប់ផ្តើមចាប់ពីថ្ងៃទី៨ ខែកក្កដា តទៅ។ ចំណែកខេត្តផ្សេងទៀត កំពុងពង្រីកវិសាលភាពចាក់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋដល់ក្រុង និងស្រុកបន្ថែមទៀតផង។

  
 
យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅខេត្តប៉ៃលិន នឹងចាក់ជូនពលរដ្ឋទូទំាងខេត្តតែម្តង។ នេះបើតាមរដ្ឋបាលខេត្តប៉ៃលិន ដោយបញ្ជាក់ថា ពលរដ្ឋអាចទៅចាក់វ៉ាក់សាំងកូវីដ-១៩ នៅទីតាំងចំនួន៥ ក្នុងនោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន និងមណ្ឌលសុខភាពក្រចាប់ នៅក្នុងក្រុងប៉ៃលិន ។ ចំណែក ទីតាំង៣ទៀត នៅមណ្ឌលសុខភាពផ្សារព្រំ,មណ្ឌលសុខភាពភ្នំស្តង់ និងមណ្ឌលសុខភាពភ្នំព្រាល ក្នុងស្រុកសាលាក្រៅ។ 
 
ចំពោះខេត្តព្រៃវែង ក៏នឹងចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ជូនពលរដ្ឋដែរចាប់ពីថ្ងៃទី៨-១៤ ខែកក្កដា។ ប៉ុន្តែសម្រាប់តែពលរដ្ឋក្នុងក្រុងព្រៃវែងសិនតែប៉ុណ្ណោះ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រៃវែង ដោយបញ្ជាក់ថា ពលរដ្ឋអាចទៅចាក់វ៉ាក់សាំងនៅវិទ្យាល័យព្រះអង្គឌួង។ 
 
សម្រាប់ខេត្តដទៃទៀតដូចជាខេត្ត តាកែវ និងស្វាយរៀង ក៏កំពុងពង្រីក និងពង្រាយការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋនៅតាមក្រុង និងស្រុកផ្សេងបន្ថែមទៀតផងដែរ។ យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩នៅខេត្តតាកែវ បានទៅដល់ក្រុងដូនកែវហើយ។ ខេត្តតាកែវ គឺមានក្រុង និងស្រុកចំនួន៤ហើយ ដែលកំពុងបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩។ 
 
បើតាមសេចក្តីជូនដំណឹងរដ្ឋបាលខេត្តតាកែវ ពលរដ្ឋអាចទៅចាក់វ៉ាក់សាំងនៅទីតាំងចំនួន៥ ក្នុងក្រុងដូនកែវ គឺមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ, មន្ទីរពេទ្យបង្អែកខេត្តតាកែវ, ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិដូនកែវ,សាលាសង្កាត់រកាក្រៅ និងសាលាសង្កាត់បារាយណ៍។ 
 
ដោយឡែកខេត្តស្វាយរៀងវិញ ក៏កំពុងបន្តយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ទៅដល់ក្រុងស្វាយរៀងទៀតដែរ។ យុទ្ធនាការនេះនឹងចាប់ផ្តើមពីថ្ងៃទី៨ ខែកក្កដាតទៅ។ សេចក្តីជូនដំណឹងរដ្ឋបាលខេត្តស្វាយរៀង បានបញ្ជាក់ថា ពលរដ្ឋអាចទៅចាក់វ៉ាក់សាំងនៅសាលាបឋមសិក្សាព្រះសីហនុច្រកខាងមុខ និងច្រកខាងក្រោយ,សាលាបឋមសិក្សា២ធ្នូ,សាលាបឋមសិក្សាព្រះទន្លេ,សាលាបឋមសិក្សាចេក,សាលាបឋមសិក្សា៧មករា។ 
 
បច្ចុប្បន្នមានរាជធានី-ខេត្ត ចំនួន១៣ហើយ ដែលកំពុងបន្តយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ពលរដ្ឋ ដោយផ្តើមចេញពីរាជធានីភ្នំពេញ បន្តទៅខេត្តកណ្តាល, ព្រះសីហនុ,កោះកុង តាកែវ,ខេត្តកំពង់ស្ពឺ,ស្វាយរៀង,កំពង់ចាម,ត្បូងឃ្មុំ,កំពង់ឆ្នាំង ពោធិ៍សាត់ ប៉ៃលិន និងព្រៃវែង។
 
គិតត្រឹមថ្ងៃទី៦ ខែកក្កដា មានពលរដ្ឋជាង ៤,៧លាននាក់ហើយ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឬស្មើនឹង៤៦,៥៤ភាគរយ នៃផែនការចាក់វ៉ាក់សាំងដល់ពលរដ្ឋសរុប ១០លាននាក់។ ក្នុងចំណោមអ្នកបានចាក់វ៉ាក់សាំងទាំងអស់ មានជាង ៣.៣លាននាក់ បានចាក់វ៉ាក់សាំងគ្រប់ទាំង២ដូស។  បើតាមគម្រោងរដ្ឋាភិបាល ផែនការចាក់វ៉ាក់សាំងពលរដ្ឋ១០លាននាក់នេះ គ្រោងសម្រេចបាន១០០ភាគរយ នៅក្នុងវិច្ឆិកា ឆ្នាំ២០២១។ 
 
សូមបញ្ជាក់ថា កម្ពុជាមានវ៉ាក់សាំងកូវីដ-១៩ជាង១២លានដូស សម្រាប់ចាក់ជូនពលរដ្ឋ  ក្នុងនោះរួមមានវ៉ាក់សាំងស៊ីណូវ៉ាក់ ៧,៥លានដូស, ស៊ីណូហ្វាម ៤,២លានដូស និង វ៉ាក់សាំង Covishield ចំនួន៣២៤,០០០ដូស។ តាមការបញ្ជាក់របស់ប្រមុខរដ្ឋាភិបាល  កាលពីសប្ដាហ៍មុន កម្ពុជា នឹងទទួលបានវ៉ាក់សាំង៤លានដូសទៀត នៅថ្ងៃទី១០ កក្កដា ។ វ៉ាក់សាំងទាំង៤លានដូសនោះ គឺមានស៊ីណូវ៉ាក់សាំង៣លានដូស និងស៊ីណូហ្វាម ១លានដូស៕
 

Tag:
 វ៉ាក់សាំងកូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com