អន្តរជាតិ
ឃាតកម្មប្រធានាធិបតីហៃទី៖ ជនសង្ស័យបួននាក់ត្រូវសម្លាប់ ឯពីរនាក់ត្រូវចាប់ខ្លួន
08, Jul 2021 , 11:59 am        
រូបភាព
កម្លាំងសន្តិសុខហៃទីឈរយាមខាងមុខផ្ទះប្រធានាធិបតីដែលត្រូវបាញ់សម្លាប់។ រូបថត Xinhua
កម្លាំងសន្តិសុខហៃទីឈរយាមខាងមុខផ្ទះប្រធានាធិបតីដែលត្រូវបាញ់សម្លាប់។ រូបថត Xinhua
ប៉ូលិសហៃទី បានសម្លាប់មនុស្សបួននាក់ដែលត្រូវជឿថា នៅពីក្រោយការធ្វើឃាតប្រធានាធិបតី Jovenel Moise នៅថ្ងៃទី៧ ខែកក្កដា។ ជនសង្ស័យពីរនាក់ទៀត ត្រូវបានប៉ូលិសចាប់ខ្លួនផងដែរ។ ការស្លាប់របស់លោក Moise រុញច្រានហៃទីដែលចោមរោមដោយវិបត្តិមិនចប់មិនចេះហើយ ធ្លាក់ក្នុងស្ថានភាពមិនច្បាស់លាស់មួយជាន់ទៀត។

 
លោក Jovenel Moise ត្រូវបានបាញ់សម្លាប់ក្នុងគេហដ្ឋានផ្ទាល់ខ្លួនរបស់លោកនៅថ្ងៃទី៧​ ខែកក្កដាក្នុងរដ្ឋធានីព័រអូប្រាំង។ ភរិយារបស់លោក រងរបួសក្នុងហេតុការណ៍នេះ និងកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។ 
 
ក្រោយការបាញ់សម្លាប់ប្រធានាធិបតី ប៉ូលិសហៃទី ក៏បើកប្រតិបត្តិការតាមចាប់ជនសង្ស័យ ដោយបានសម្លាប់មនុស្សបួននាក់ដែលប៉ូលិសអះអាងថា ជាទាហាស៊ីឈ្នួល និងចាប់ខ្លួនបានពីរនាក់ទៀត។ បើតាមទីភ្នាក់ងារព័ត៌មាន AFP ប៉ូលិសហៃទី មិនបញ្ចេញអត្តសញ្ញាណជនសង្ស័យឡើយ ឬក៏ហេតុផលនៅពីក្រោយការធ្វើឃាតនេះដែរ។
 
នាយករដ្ឋមន្ត្រីស្ដីទី Claude Joseph អះអាងថា ជនដៃដល់ ប្រើប្រាស់ភាសាអង់គ្លេស និងអេស្ប៉ាញ។ចំណែកអគ្គរដ្ឋទូតហៃទីប្រចាំវ៉ាស៊ីនតោន លោក Bocchit Edmond លើកឡើងថា ខ្មាន់កាំភ្លើង ជាទាហានស៊ីឈ្នួលដ៏ជំនាញ ហើយបន្លំខ្លួនជាភ្នាក់ងាររបស់ស្ថាប័នបង្រ្កាបគ្រឿងញៀនអាមេរិកទៀតផង។ 
 
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងកោះប្រជុំបន្ទាន់លើបញ្ហាហៃទីនៅយប់ថ្ងៃទី៨ ខែកក្កដា។ នៅហៃទីវិញ លោក Joseph ប្រកាសកាន់កាប់អំណាច និងដាក់ប្រទេសក្នុងភាពអាសន្ន។ ព្រលានយន្តហោះក្នុងរដ្ឋធានី ត្រូវបានបិទ ហើយទីក្រុងទាំងមូលមានសភាពស្ងប់ស្ងាត់។ 
 
សូមបញ្ជាក់ថា លោក Moise ដឹកនាំហៃទីដែលជារដ្ឋក្រីក្រជាងគេនៅទ្វីបអាមេរិក តាំងពីឆ្នាំ២០១៧ មក។ ក្រោយការបោះឆ្នោតសភាត្រូវបានពន្យារពេលតាំងពីឆ្នាំ២០១៨ លោកដឹកនាំហៃទីដោយក្រឹត្យ ដែលការណ៍បង្កការមិនពេញចិត្តខ្លាំងក្នុងចំណោមប្រជាជន។ កន្លងមក ការតវ៉ាក៏កើតមានមិនចេះដាច់ប្រឆាំងការដឹកនាំរបស់លោក Moise ដែលអស់អាណត្តិទៅហើយ៕
 

Tag:
 ហៃទី
© រក្សាសិទ្ធិដោយ thmeythmey.com