COVID-19
កីឡាជាតិ
ជាតិ
លោក វ៉ាត់ ចំរើន៖ វៀតណាមសម្រេចពន្យារពេលរៀបចំស៊ីហ្គេម ដោយសារកូវីដ-១៩
× ទីបំផុត វៀតណាម និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ បានឯកភាពគ្នាពន្យារពេលរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ ដោយសារតែការវាយលុកកូវីដ-១៩ នៅក្នុងតំបន់។ លោក វ៉ាត់ ចំរើន បានអះអាងយ៉ាងដូច្នេះ ប្រាប់សារព័ត៌មានថ្មីៗ ក្រោយបញ្ចប់កិច្ចប្រជុំអនឡាញជាមួយគណៈអចិន្ត្រៃយ៍ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ នាថ្ងៃនេះ។
អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (CAMSOC) បានបញ្ជាក់ថា កម្មវិធីដែលត្រៀមរៀបចំពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ នឹងត្រូវលើកទៅធ្វើនាអំឡុងចុងខែមេសា និងដើមខែឧសភា ឆ្នាំ២០២២ វិញ។
លើកលែងតែហ្វីលីពីន ដែលចំពេលបោះឆ្នោតថ្នាក់ជាតិ ខណៈ១០ប្រទេសទៀត (ម្ចាស់ផ្ទះវៀតណាម កម្ពុជា ឡាវ ថៃ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី ព្រុយណេ មីយ៉ាន់ម៉ា និងទីម័រខាងកើត) បានឯកភាពគ្នាយកចុងខែមេសា និងដើមខែឧសភា សម្រាប់កាលបរិច្ចេទថ្មី ប៉ុន្តែម្ចាស់ផ្ចះវៀតណាម ត្រូវរង់ចាំសម្រេចពីសំណាក់រដ្ឋាភិបាលរបស់ខ្លួនជាមុនសិនលើការកំណត់ថ្ងៃជាក់លាក់។
«ការលើកពេលនេះ មិនប៉ះពាល់ដល់ដំណើររៀបចំរបស់កម្ពុជាដែលត្រូវធ្វើជាម្ចាស់ផ្ទះលើកដំបូងនៅឆ្នាំ២០២៣នោះឡើយ»។ នេះជាការបញ្ជាក់របស់លោក វ៉ាត់ ចំរើន ដោយអះអាងថា សមាជិកទាំងអស់សុទ្ធតែសាទរចំពោះដំណើរត្រៀមខ្លួនរបស់កម្ពុជា ហើយពួកគេនឹងបន្តជួយគាំទ្រ៕
© រក្សាសិទ្ធិដោយ thmeythmey.com