អន្តរជាតិ
លោក បៃឌិន៖ បេសកកម្មអាមេរិកចប់នៅខែសីហា ហើយអាហ្វហ្កានីស្ថានត្រូវសម្រេចអនាគតខ្លួនឯង
09, Jul 2021 , 1:59 pm        
រូបភាព
ប្រធានាធិបតីអាមេរិក ចូ បៃឌិន ក្នុងការថ្លែងសុន្ទរកថានៅសេតវិមាន។ រូបថត AFP
ប្រធានាធិបតីអាមេរិក ចូ បៃឌិន ក្នុងការថ្លែងសុន្ទរកថានៅសេតវិមាន។ រូបថត AFP
ប្រធានាធិបតីអាមេរិក ចូ បៃឌិន នៅថ្ងៃទី៨ ខែកក្កដា ប្រកាសថា អាមេរិកសម្រេចគោលដៅរបស់ខ្លួនក្នុងសង្រ្គាមនៅអាហ្វហ្កានីស្ថាន ហើយបញ្ចប់ប្រតិបត្តិការយោធានៅត្រឹមខែសីហាខាងមុខ។ ខណៈការដកទ័ពបង្កឱ្យមានក្ដីបារម្ភទាក់ទងការវិលត្រឡប់របស់ក្រុមតាលីបង់ លោក បៃឌិន អះអាងថា អាមេរិកទុកឱ្យប្រជាជនអាហ្វហ្កានីស្ថានសម្រេចលើជោគវាសនារបស់ខ្លួនដោយខ្លួនឯង ហើយលោកជឿជាក់លើកងទ័ពអាហ្វហ្កានីស្ថាន។

 
ដោយសារប្រតិបត្តិការដកកងទ័ពពីអាហ្វហ្កានីស្ថានមានដំណើរការរលូន អាមេរិក នឹងបញ្ចប់ប្រតិបត្តិការនេះមុនថ្ងៃកំណត់។ ប្រធានាធិបតីអាមេរិក ចូ បៃឌិន ប្រកាសនៅថ្ងៃទី៨ ខែកក្កដា ថា បេសកកម្មកងទ័ពអាមេរិកនៅអាហ្វហ្កានីស្ថាន នឹងបញ្ចប់នៅថ្ងៃទី៣១ ខែសីហា ជិត២០ឆ្នាំក្រោយអាមេរិកឈ្លានពានប្រទេសនេះនៅឆ្នាំ២០០១ ។ លោក បៃឌិន និងអនុប្រធានាធិបតី កាម៉ាឡា ហារីស បានទទួលរបាយការណ៍សន្តិសុខ មុនប្រកាសកាលបរិច្ឆេទនេះ។
 
ពីសេតវិមាន លោក បៃឌិន អះអាងថា យោធាអាមេរិកសម្រេចគោលដៅរបស់ខ្លួនហើយពេលចូលធ្វើប្រតិបត្តិការនៅអាហ្វហ្កានីស្ថានកាលពីជិត២០ឆ្នាំមុន។ នោះគឺការសម្លាប់មេដឹកនាំអាល់កៃដា អូសាម៉ា ប៊ីនឡាឌិន ការធ្វើឱ្យក្រុមអាល់កៃដាចុះខ្សោយ និងការទប់ស្កាត់មិនឱ្យមានការវាយប្រហារភេរវកម្មនៅទឹកដីអាមេរិក។
 
«យើងកំពុងបញ្ចប់សង្រ្គាមវែងជាងគេរបស់អាមេរិក។ ស្ថានភាពបច្ចុប្បន្នមិនមែនជាជម្រើសឡើយ។» លោក បៃឌិន បញ្ជាក់បែបនេះដោយសំដៅការរក្សាកងទ័ពនៅអាហ្វហ្កានីស្ថាន មុនបន្តថា លោកនឹងមិនបញ្ជូនកងទ័ពអាមេរិកជំនាន់ថ្មីទៅអាហ្វហ្កានីស្ថានឡើយ។ 
 
ប្រធានាធិបតីអាមេរិករូបនេះ ក៏សង្កត់ធ្ងន់ដែរថា អាមេរិកទៅអាហ្វហ្កានីស្ថាន មិនមែនដើម្បីទៅជួយកសាងប្រទេសនេះឡើយ។​ ត្រង់នេះ លោក បៃឌិន និយាយច្បាស់ៗថា វាជាសិទ្ធិ និងការទទួលខុសត្រូវរបស់ប្រជាជនអាហ្វហ្កានីស្ថានតែមួយគត់ក្នុងការសម្រេចអនាគតរបស់ខ្លួន។ ប៉ុន្តែលោកក៏សន្យាបន្តជួយគាំទ្ររដ្ឋាភិបាលអាហ្វហ្កានីស្ថាន និងកម្លាំងទ័ពប្រទេសនេះ ក៏ដូចជាផ្ដល់ជម្រកសម្រាប់អ្នកបកប្រែអាហ្វហ្កានីស្ថានដែលជួយអាមេរិកកន្លងមក។
 
ខណៈអាមេរិកកំពុងដកទ័ព​ កម្លាំងក្រុមតាលីបង់ ក៏អាចដណ្ដើមយកស្រុកជាបន្តបន្ទាប់ពីកម្លាំងអាហ្វហ្កានីស្ថាន។ គេបារម្ភថា ពេលអាមេរិកចេញផុត ក្រុមនេះនឹងអាចយកឈ្នះកម្លាំងរដ្ឋាភិបាល ហើយឡើងគ្រប់គ្រងអាហ្វហ្កានីស្ថានដូចមុនឆ្នាំ២០០១ មិនខាន។ យ៉ាងណាក្ដី លោក បៃឌិន ជឿជាក់លើកម្លាំងទ័ពអាហ្វហ្កានីស្ថានក្នុងការតស៊ូប្រឆាំងក្រុមតាលីបង់៕
 

Tag:
 អាមេរិក
  អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com