ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល អនុម័តសេចក្តីព្រាងច្បាប់វិនិយោគ ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ-១៩
09, Jul 2021 , 7:59 pm        
រូបភាព
ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុម័តសេចក្តីព្រាងច្បាប់វិនិយោគ ដើម្បីតម្លាភាព និងផ្ដល់ប្រយោជន៍ ដល់វិនិយោគិន ដែលមានបំណងរកស៊ីនៅកម្ពុជា ។ ការអនុម័តរបស់រដ្ឋាភិបាល នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី៩ កក្កដានេះ។


 
សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតនូវក្របខ័ណ្ឌគតិយុត្ត ដែលបើកចំហ និងមានតម្លាភាព ប្រកបដោយអំណោយផលដល់ការវិនិយោគ របស់បុគ្គលសញ្ជាតិខ្មែរ ឬបរទេស ប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក. អ. ក) បានប្រជុំពិគ្រោះយោបល់ជាមួយតំណាងផ្នែកឯកជន និងអង្គពាក់ព័ន្ធផ្សេងទៀត ជាច្រើនលើកច្រើនសារ ដើម្បីប្រមូលធាតុចូល សម្រាប់តាក់តែងច្បាប់វិនិយោគនេះ។
 
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានស្រង់សម្តីសម្ដេច ហ៊ុន សែន មកសរសេរលើហ្វេសប៊ុកដូច្នេះថា៖« ហេតុផលនៃ សំណើច្បាប់នេះ គឺជាមូលដ្ឋានគតិយុត្តិសម្រាប់ទាក់ទាញ និងផ្តល់វិសាលភាព ដល់វិនិយោគិនងាយស្រួលក្នុងកិច្ចវិនិយោគមកកម្ពុជា។ ហើយកម្ពុជាយល់ឃើញថា អ្នកវិនិយោគត្រូវការសន្តិភាព ស្ថិរភាព ដែលជាអាទិភាពនៃការសម្រេចចិត្តយកកម្ពុជាជាទិសដៅវិនិយោគ ទោះជាស្ថានភាពអន្តរជាតិប្រឈមក្នុងវិស័យនយោបាយ ពាណិជ្ជកម្មយ៉ាងណាក៏ដោយ»។
 
បើតាមខ្លឹមសារ ដែលលោក ផៃ ស៊ីផាន បង្ហោះលើហ្វេសប៊ុកនោះ សេចក្តីព្រាងច្បាប់ស្តីពីការវិនិយោគនេះ នឹងបង្កើតរបបលើកទឹកចិត្តវិនិយោគមួយដែលមានតម្លាភាព, ភាពអាចប៉ាន់ប្រមាណទុកជាមុនបាន, គ្មានការរើសអើង, មានលក្ខណៈប្រកួតប្រជែង និងគាំទ្រគោលនយោបាយសង្គម-សេដ្ឋកិច្ច។ ជាពិសេស បង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា ស្របទៅនឹងវិបត្តិក្នុងតំបន់ និងសកលលោក រួមទាំងសិទ្ធិ និងប្រយោជន៍ស្របច្បាប់ដល់អ្នកវិនិយោគនៅកម្ពុជា។
 
បន្ថែមពីនេះ ច្បាប់នេះ ក៏ជួយដល់ការធ្វើទំនើបកម្ម ការបង្កើនផលិតភាពនៃឧស្សាហកម្មក្នុងស្រុក ការពង្រឹងការតភ្ជាប់ទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសកលលោក តាមរយៈការជំរុញកំណើនរំហូរចូលមូលធនការផ្ទេរបច្ចេកវិទ្យា, ចំណេះដឹង និងចំណេះធ្វើ។ នេះបើតាមខ្លឹមសារដដែល។
 
អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានសង្កត់ធ្ងន់ដូច្នេះ៖«នៅក្នុងស្ថានភាពវិបត្តិនៃជំងឺកូវី២១៩ ដែលកំពុងញាំញីពិភពលោក រួមទាំងកម្ពុជាផង សេចក្តីព្រាងច្បាប់ ស្តីពីវិនិយោគនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ម្រាប់ប្រទេសកម្ពុជា ដោយសារសេចក្តីព្រាងច្បាប់នេះ នឹងធ្វើឱ្យកម្ពុជាកាន់តែមានភាពទាក់ទាញចំពោះការវិនិយោគផ្ទាល់ពីបរទេសនិងការវិនិយោគក្នុងស្រុក»។
 
ក្រៅពីនេះ រដ្ឋាភិបាល ក៏មានការអនុគ្រោះពន្ធ ដល់អ្នកវិយោគទៀតផង។ របបលើកទឹកចិត្តផ្នែកពន្ធនៅក្នុងសេចក្តីព្រាងច្បាប់ ត្រូវបានបែងចែកជា ៣ប្រភេទ គឺ៖ ការលើកទឹកចិត្តមូលដ្ឋាន ,ការលើកទឹកចិត្តបន្ថែម និងការលើកទឹកចិត្តពិសេស។
 
ចំពោះការលើកទឹកចិត្តមូលដ្ឋាន ត្រូវបានបែងចែកបន្ថែមជា ២ជម្រើស ដោយជម្រើសទី១ គឺផ្តោតសំខាន់ទៅលើការលើកលែងពន្ធលើប្រាក់ចំណូល សម្រាប់រយៈពេលចាប់ពី ៣ឆ្នាំ រហូតដល់ ៩ឆ្នាំ ទៅតាមវិស័យ និងសកម្មភាពវិនិយោគ គិតចាប់ពីពេលដែលទទួលបានប្រាក់ចំណូលលើកដំបូង និងការលើកទឹកចិត្តផ្សេងទៀត ។ ដោយឡែកជម្រើសទី២ គឺផ្តោតសំខាន់ទៅលើការទទួលបានសិទ្ធិកាត់កងចំណាយមូលធន តាមរយៈការរំលស់ពិសេស និងសិទ្ធិកាត់កងរហូតដល់ ២០០ភាគរយ លើចំណាយសំខាន់ៗផ្សេងទៀត សម្រាប់រយៈពេលរហូតដល់ ៩ឆ្នាំ និងការលើកទឹកចិត្តផ្សេងៗទៀត។
 
លោក ផៃ ស៊ីផាន បញ្ជាក់ថា ការបង់រំសល់និងសិទ្ធកាត់កង២០០ភាគរយ នៃការចំណាយរបស់ម្ចាស់រោងចក្រ សហគ្រាសរហូតដល់រយៈពេល៩ឆ្នាំ អាស្រ័យលើទំហំវិនិយោគរបស់វិនិយោគ ដោយមានការសិក្សា និងវាយតម្លៃពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ថាតើការវិនិយោគហ្នឹង គេដាក់ទុនប៉ុនណា។ « បើគេដាក់ទុនវិយោគបន្តិចបន្តួច យើងមិនឱ្យគេដល់៩ឆ្នាំឯណា។ និយាយជារួមទៅសិទ្ធកាត់កង២០០ភាគរយនៃការចំណាយរបស់វិនិយោគិនដល់រយៈពល៩ឆ្នាំ គឺអាស្រ័យទៅទំហំវិនិយោគរបស់គេ មានក្នុងកម្រិតណាដែលCDC បានសិក្សា និងវាយតម្លៃលើការវិនិយោគនោះ»។ នេះបើតាលោក ផៃ ស៊ីផាន។
 
ក្រៅពីនេះ ក៏មានការលើកលែងពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែម ទៅលើសម្ភារៈសាងសង់, បរិក្ខារសំណង់, សម្ភារៈបរិក្ខារផលិតកម្ម, និងធាតុចូលផលិតកម្មរបស់ខ្លួន ទៅតាមប្រភេទគម្រោងវិនិយោគនីមួយៗ។ បន្ថែមពីនេះ រដ្ឋាភិបាល ក៏បានបង្រួមពេលវេលាក្នុងការចេញវិញ្ញាបនបត្រចុះបញ្ជី ពី ៣១ ថ្ងៃ មកត្រឹម ២០ថ្ងៃ តាមរយៈការលុបបំបាត់ «វិញ្ញាបនបត្រចុះបញ្ជីមានលក្ខខណ្ឌ» និង «វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ» ដោយជំនួសមកវិញនូវការចេញ «វិញ្ញាបនបត្រចុះបញ្ជី» តែមួយគត់៕
 
 

Tag:
 ហ៊ុន សែន
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com