ជាតិ
រដ្ឋបាលស្រុកបន្ទាយស្រី ដាំស្រូវ នៅចំណុចរង្វង់មូលធំជាងគេ ទាក់ទាញទេសចរ និងចែកអ្នកក្រ
09, Jul 2021 , 9:59 pm        
រូបភាព
រូបថត៖ ហ្វេសប៊ុករដ្ឋបាលស្រុកបន្ទាយស្រី
រូបថត៖ ហ្វេសប៊ុករដ្ឋបាលស្រុកបន្ទាយស្រី
សៀមរាប៖ អ្នកដែលធ្លាប់ទៅស្រុកបន្ទាយស្រី ឬប្រាសាទបន្ទាយស្រី ឬឆ្ពោះទៅភ្នំគូលែន ច្បាស់ជាស្គាល់រង្វង់មូលដ៏ធំនៅទីរួមស្រុកនេះជាក់ជាមិនខាន។ កន្លងមក រង្វង់មូលដែលមានទំហំ២ហិកតានេះ ត្រូវទុកចោល ដោយពុំមានការថែទាំដិតដល់នោះទេ។ នៅចុងឆ្នាំ២០២០ រដ្ឋបាលស្រុកនេះចាប់ផ្តើមកែលម្អឡើងវិញ ដោយមានដាំផ្កាលម្អ ទាក់ទាញភ្ញៀវទេសចរជាច្រើន។

 
មន្រ្តីនៃរដ្ឋបាលស្រុកបន្ទាយស្រី លោក ហេង ពិសិដ្ឋ បានឱ្យដឹងថា បន្ទាប់ពីដាំផ្កាកូស្មូ២លើកមក រដ្ឋបាលស្រុកបានដូរមកដាំស្រូវនៅរង្វង់មូលម្ដង ដើម្បីទាក់ទាញទេសចរ និងពេលបានផលសម្រាប់ចែកពលរដ្ឋក្រីក្រ។ ជំនួយការអភិបាលស្រុករូបនេះបញ្ជាក់ថា ផ្ទៃដីដែលរៀបចំដាំស្រូវនេះប្រហែលជាង ១ហិកតា ដែលចាប់ផ្តើមដាំឬច្រឹង (ដាំបែបបុរាណ) នៅអំឡុងដើមខែ មិថុនា។ ដោយសារដាំប្រភេទស្រូវធ្ងន់ ដូច្នេះត្រូវបានប្រើ៦ខែដើម្បីទទួល ដែលអាចបានផលអំឡុងខែ មករា ឆ្នាំក្រោយ។ 
 
លោក ហេង ពិសិដ្ឋ បានបន្ថែមថា៖« ហេតុផលដែលយើងប្តូរពីផ្កាមកជាស្រូវ គឺដើម្បីបានផលយកទុកចែកប្រជាពលរដ្ឋក្រីក្រក្នុងមូលដ្ឋាន ព្រោះជុំមុនៗយើងដាំជាផ្កា ពេលដែលខូចទៅ គឺអត់ទទួលបានផលអីទេ តែរដូវកាលនេះគឺជារដូវកាលធ្វើស្រែផង ឆ្លៀតឱកាសនេះយើងដាំលម្អទៅតាមរដូវ និងដើម្បីផលប្រយោជន៍ទុកចែកប្រជាពលរដ្ឋផង»។
 
គួររំលឹកថា រដ្ឋបាលស្រុកបន្ទាយស្រី ក្រោមអាណត្តិលោក ឃឹម ហ្វីណង់ បានចាប់ផ្តើមរៀបចំកែលម្អរង្វង់មូលបន្ទាយស្រីនេះ នៅខែធ្នូ ឆ្នាំ២០២០ ដោយមានរៀបចំជាផ្លូវទម្រង់ផ្កាឈូក។ អំឡុងពេលដាំស្រូវនេះ មានការបន្ថែមផ្លូវឥដ្ឋក្រហម ដើម្បីងាយស្រួលដើរ  ហាត់ប្រាណ និងទាក់ទាញភ្ញៀវដើរបន្ថែម៕


 រូបថត៖ ហ្វេសប៊ុករដ្ឋបាលស្រុកបន្ទាយស្រី


 រូបថត៖ ហ្វេសប៊ុករដ្ឋបាលស្រុកបន្ទាយស្រី


 រូបថត៖ ហ្វេសប៊ុករដ្ឋបាលស្រុកបន្ទាយស្រី


 រូបថត៖ ហ្វេសប៊ុករដ្ឋបាលស្រុកបន្ទាយស្រី


  រូបថត៖ ហ្វេសប៊ុករដ្ឋបាលស្រុកបន្ទាយស្រី
 
 
 
 

Tag:
 បន្ទាយស្រី
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com