ជាតិ
សេដ្ឋកិច្ច
«ថ្ងៃបុណ្យ ចំថ្ងៃអាទិត្យ » នឹងលែងមានការឈប់សង ទៀតហើយ
09, Jul 2021 , 5:48 pm        
រូបភាព
ភ្នំពេញ៖ រដ្ឋាភិបាលសម្រេចលុបចោលការឈប់សង នៅកម្មវិធីបុណ្យជាតិ និងអន្តរជាតិ ដែលចំថ្ងៃអាទិត្យ ដល់កម្មករ-និយោជិត ឬបុគ្គលិកនានា ក្នុងវិស័យឯកជនទៀតហើយ។ បានន័យថា រាល់«ថ្ងៃបុណ្យ ចំថ្ងៃអាទិត្យ» គឺឈប់ត្រឹមថ្ងៃអាទិត្យ ដោយមិនឱ្យឈប់ដល់ថ្ងៃច័ន្ទ ដូចមុននោះទេ។ នេះបើយោងតាមសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្ម លើមាត្រាមួយចំនួននៃច្បាប់ស្តីពីការងារ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី៩ កក្កដា។

 
លោក ផៃ ស៊ីផាន បានបញ្ជាក់ថា រដ្ឋាភិបាលបានសម្រេចលុបការឈប់នៅថ្ងៃបន្ទាប់ សម្រាប់ថ្ងៃឈប់សម្រាកបុណ្យជាតិ ឬបុណ្យអន្តរជាតិ ដែលប្រព្រឹត្តិឡើងចំថ្ងៃអាទិត្យ ដើម្បីសម្រួលដល់ការរកស៊ីរបស់វិនិយោគិននៅកម្ពុជា ។  
 
អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ បានបញ្ជាក់ប្រាប់សារព័ត៌មានThmeyThmeyតាមទូរសព្ទ នារសៀលថ្ងៃទី៩កក្កដាដូច្នេះ៖«តាមរយៈការធ្វើវិសោដនកម្មនេះ រដ្ឋាភិបាលសម្រេចលុបថ្ងៃឈប់សម្រាកសងនៃពិធីបុណ្យជាតិនិងអន្តរជាតិ ដល់កម្មករ និយោជិត រួមទាំងបុគ្គលិកនានានៅក្នុងវិស័យឯកជន»។ 
 
លោក ផៃ ស៊ីផាន បន្ថែមថា ការសម្រេចលុបថ្ងៃឈប់សម្រាកសងនេះ គឺដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍផ្នែកសង្គម-សេដ្ឋកិច្ចកម្ពុជា សំដៅលើកកម្ពស់ផលិតភាពការងារ និងពង្រឹងភាពប្រកួតប្រជែងសេដ្ឋកិច្ចកម្ពុជាទាំងក្នុងតំបន់និងសកលលោក។
 
កន្លងមករដ្ឋាភិបាល ក៏សម្រេចមិនឱ្យមន្ត្រីរាជការ ឈប់សម្រាកសងថ្ងៃបុណ្យ ចំថ្ងៃអាទិត្យនេះដែរ៕
 

Tag:
 ច្បាប់វិនិយោគ
© រក្សាសិទ្ធិដោយ thmeythmey.com