ជាតិ
រដ្ឋមន្ត្រី ជំរុញការប្រើប្រាស់ម៉ាស៊ីនទំនើបក្នុងវិស័យកសិកម្មជំនួសកម្លាំងពលកម្ម
10, Jul 2021 , 8:59 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ស្របពេលកម្លាំងពលកម្ម ក្នុងវិស័យកសិកម្ម កាន់តែថយចុះ ការប្រើប្រាស់ឧបករណ៍ ជំនួសឱ្យកម្លាំងពលកម្មរបស់មនុស្ស បានដើរតួនាទីយ៉ាងសំខាន់ ក្នុងផលិតកម្មកសិកម្ម។ បច្ចុប្បន្ន នៅកម្ពុជា ការប្រើប្រាស់ឧបករណ៍ទំនើប ជំនួសកម្លាំងមនុស្ស មានចំនួនតិចតួចប៉ុណ្ណោះ។ ហេតុនេះ ក្រសួងកសិកម្ម ជំរុញកសិករ បង្កើនការប្រើប្រាស់ ដើម្បីបំពេញតម្រូវការ នាពេលបច្ចុប្បន្ន។

 
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យល់ថា ការធ្វើស្រែតាមបែបប្រពៃណី ត្រូវចំណាយពេលយូរ និងប្រើកម្លាំងពលកម្មមនុស្សច្រើន អាចប៉ះពាល់ដល់ដំណើរផលិត។ លោក គាំទ្រ និងជំរុញទឹកចិត្តឱ្យកសិករផ្លាស់ប្ដូរពីការធ្វើស្រែបែបប្រពៃណី មកប្រើឧបករណ៍ទំនើប ព្រោះអាចចំណេញផ្នែកសេដ្ឋកិច្ច។
 
លោករដ្ឋមន្រ្តីកសិកម្ម បានរៀបរាប់បែបនេះ៖«ការដាំដុះស្រូវរបស់កសិករកម្ពុជា ចាប់ពីការត្រាំគ្រាប់ពូជ យកទៅសាប។ បន្ទាប់មកត្រូវដកសំណាប យកទៅស្ទូង។ វិធីនេះចាំបាច់ប្រើកម្លាំងមនុស្សច្រើន ធ្វើឲ្យខ្សែច្រវ៉ាក់ផលិតកម្មដំណាំស្រូវ ខាតពេលវេលា កម្លាំងពលកម្ម និងគ្មានប្រសិទ្ធភាពសេដ្ឋកិច្ច»។ លោក វេង សាខុន បន្តថា នៅតំបន់ទំនាប ភាគច្រើនកសិករ ប្រើវិធីសាស្រ្តព្រោះគ្រាប់ពូជតែម្ដង ព្រោះចំណេញទាំងពេលវេលា និងកម្លាំងពលកម្មផង។
 
ដោយឡែក លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវនៃក្រសួងកសិកម្ម បានឱ្យដឹងថា សព្វថ្ងៃនេះ ការប្រើប្រាស់ឧបករណ៍ទំនើប ក្នុងផលិតកម្មដំណាំស្រូវ មិនសូវមានចំនួនច្រើននោះទេ។ ទាក់ទងឧបករណ៍ព្រោះស្រូវវិញ មានប្រមាណ ១០០០គ្រឿងប៉ុណ្ណោះ នៅទូទាំងប្រទេស។
 
បច្ចុប្បន្ន កម្លាំងពលកម្មមនុស្ស ក្នុងផលិតកម្មដំណាំស្រូវថយចុះ ដូច្ចេះការព្រោះ ជាការប្រសើរជាងការស្ទូង សម្រាប់កសិករ។ លោក គង់ គា គាំទ្រ និងលើកទឹកចិត្តកសិករងាកមកប្រើមធ្យោបាយព្រួសស្រូវ ក្នុងបរិបទនេះ។ លោក គា បានលើកឡើងបែបនេះ៖ «ពីមុនស្ទូងស្រូវ១ហិកតា ត្រូវប្រើកម្លាំងមនុស្សពី៤០នាក់ ទៅ៥០នាក់ និងចំណាយពេល១ថ្ងៃ។ តែបើប្រើឧបករណ៍ព្រោះស្រូវ ប្រើកម្លាំងមនុស្សតែ១នាក់ ទៅ២នាក់ និងចំណាយពេលតែ១ម៉ោងរួចជាស្រេច។ ទិន្នផលវិញ ក៏មិនខុសគ្នាប៉ុន្មានដែរ តែអាស្រ័យលើកកសិករត្រូវមានបច្ចេកទេសព្រោះ និងមើលថែត្រឹមត្រូវ»។
 
ដ្បិតថាមធ្យោបាយព្រោះ ចំណេញកម្លាំងពលកម្ម តែក៏ចំណាយគ្រាប់ពូជច្រើនជាការស្ទូង។ ដើម្បីព្រោះស្រូវ ១ហិកតា ត្រូវចំណាយគ្រាប់ពូជពី ៨០គីឡូក្រាម ទៅ១២០គីឡូក្រាម។ ចំណែក ស្ទូងវិញ ត្រូវចំណាយគ្រាប់ពូជ តែប្រមាណ ៤០គីឡូក្រាម ប៉ុណ្ណោះ ក្នុង១ហិកតា។
 
ដើម្បីជួយសម្រាលកម្លាំងរបស់ប្រជាកសិករ និងជួយជំរុញផលិតកម្មដំណាំស្រូវនៅកម្ពុជា កន្លងមក សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ដល់ឧបករណ៍ព្រោះស្រូវ ចំនួន ១៣០គ្រឿង ដល់កសិករ ក្នុងខេត្តតាកែវ ចំនួន១៣០គ្រឿង,ពោធិ៍សាត់ ៥០គ្រឿង,បាត់ដំបង ៥០គ្រឿង និងបន្ទាយមានជ័យ ៥០គ្រឿង។
 
តាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គិតមកដល់ពេលនេះ កម្ពុជា បានសម្រេច ៧៨ភាគរយ ក្នុងដំណើរការផលិតកម្មដំណាំស្រូវវស្សាឆ្នាំ២០២១នេះ។ ទោះបី នៅដើមរដូវវស្សា តំបន់ខ្លះ បានជួបគ្រោះរាំងស្ងួតបន្តិចក្ដី តែមិនបង្កផលប៉ះពាល់ ដល់ដំណើរការក្នុងផលិតកម្មដំណាំស្រូវនោះទេ៕
 

Tag:
 ឧបករណ៍
 ស្រូវ
© រក្សាសិទ្ធិដោយ thmeythmey.com