ជាតិ
ពេលនេះ កម្ពុជាមានវ៉ាក់សាំងជាង១៦លានដូស ហើយផែនការចាក់សម្រេចបានជាង៤៧ភាគរយ
10, Jul 2021 , 11:40 am        
រូបភាព
វ៉ាក់សាំងកូវីដ-១៩ ៤លានដូស បានដឹកមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី ១០ កក្កដា។ រូបភាពថតពីវីដេអូ AKP។
វ៉ាក់សាំងកូវីដ-១៩ ៤លានដូស បានដឹកមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី ១០ កក្កដា។ រូបភាពថតពីវីដេអូ AKP។
ភ្នំពេញ៖ វ៉ាក់សាំងកូវីដ-១៩  ចំនួន៤លានដូសទៀត ក្នុងនោះមានស៊ីណូវ៉ាក់សាំង៣លានដូស និងស៊ីណូហ្វាម ១លានដូស បានដឹកមកដល់កម្ពុជា នៅព្រឹក ថ្ងៃទី ១០ កក្កដានេះ។ ការទទួលបានវ៉ាក់សាំងបន្ថែមនេះ បានធ្វើឱ្យកម្ពុជាមានវ៉ាក់សាំងបង្ការកូវីដ-១៩ សរុប ជាង១៦លានដូស ខណៈផែនការចាក់វ៉ាក់សាំងសម្រេចបាន៤៧ភាគរយ។

 
ស្របជាមួយនឹងចំនួនវ៉ាក់សាំងនេះ កម្ពុជា បាន ចាក់វ៉ាក់បង្ការកូវីដ-១៩ដល់ពលរដ្ឋ បាន៤,៧លាននាក់ ជិត៤៨ភាគរយ នៃផែនការចាក់វ៉ាក់សាំងពលរដ្ឋ១០លាននាក់។ ក្នុងនោះមានពលរដ្ឋ៣,៦លាននាក់ហើយ ដែលបានចាក់វ៉ាក់សាំងដូសទី២។ បើតាមគម្រោងរដ្ឋាភិបាល ផែនការចាក់វ៉ាក់សាំងពលរដ្ឋ១០លាននាក់នេះ គ្រោងសម្រេចបាន នៅខែវិច្ឆិកា ឆ្នាំ២០២១។ 
 
កន្លងមកលោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា កម្ពុជា នឹងមានវ៉ាក់សាំងគ្រប់ចំនួន២០លានដូស នៅត្រឹមខែសីហាខាងមុខ សម្រាប់ចាក់ឱ្យពលរដ្ឋ ១០លាននាក់ តាមផែនការកំណត់។ បើតាមលោក វិស្សុត  កម្ពុជា មានកញ្ចប់ថវិកា១៧០លានដុល្លារ សម្រាប់ទិញវ៉ាក់សាំងមកចាក់ឱ្យពលរដ្ឋ។
 
កម្ពុជាមានវ៉ាក់សាំង ជាង១៦លានដូស ដោយក្នុងនោះ វ៉ាក់សាំងរបស់ក្រុមហ៊ុនSinopharm ចំនួន ៥,២លានដូស ដែលកម្ពុជាទទួលបានពីរដ្ឋាភិបាលចិន។ បន្ទាប់មកកម្ពុជា ក៏ទទួលបានវ៉ាក់សាំងCovishiel ចំនួន៣២៤,០០០ដូស ជាជំនួយរបស់កម្មវិធីCOVAX និង ១០,៥លានដូសទៀត ជាវ៉ាក់សាំងរបស់ក្រុមហ៊ុនSinovac ដែលកម្ពុជាបញ្ជាទិញពីចិន៕  
 
 

Tag:
 វ៉ាក់សាំង COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com