ជាតិ
ពីនេះ ពីនោះ
លោក វិបុល ទិញវត្ថុចាស់ៗមកប្រើប្រាស់ ដើម្បីកាត់បន្ថយភាពតានតឹង
× ភ្នំពេញ៖ លោក ឌុន វិបុល ជាមេធាវីមួយរូប ដែលការពាររឿងក្ដីច្រើន។ លោកមេធាវី វិបុល អះអាងថា ការងារមេធាវីធ្វើឱ្យតានតឹងក្នុងចិត្ត។ ដើម្បីឱ្យអារម្មណ៍ស្រស់ស្រាយ លោកប្រមូលវត្ថុបុរាណមកប្រើប្រាស់ ដែលជារបស់ខ្លួនពេញចិត្ត និងស្រឡាញ់។ លោក វិបុល មានទោចក្រយានចាស់ៗ ៤គ្រឿង។ យានបុរាណ ដែលគាត់មានមោទនាភាពខ្លាំងជាងគេ គឺជាម៉ូតូម៉ាក HONDA ប្រភេទ CL90 ពណ៌ក្រហម ផលិតឆ្នាំ១៩៦៩។ លោក វិបុល បានទិញវាឆ្នាំ២០១៥ នៅឃ្លាំងលក់ម៉ូតូម្តុំផ្សារឃ្លាំងរំសេវ នៅរាជធានីភ្នំពេញ ក្នុងតំលៃ ១២០០ដុល្លារ។
សូមទស្សនាវីដេអូសម្ភាសរវាងនាយយ៉ាន និងលោក វិបុល ដូចខាងក្រោម៖
ម៉ូតូកញ្ចាស់នេះ មានសំណុំដើមទាំងស្រុង។ ប៉ុន្តែគុណភាពម៉ាស៊ីន មិនសូវល្អប៉ុន្មានទេ ដោយសារឧស្សាហ៍ខូច ដែលនាំឱ្យលោក វិបុល ត្រូវចូលជាងជាញឹកញាប់។ ហេតុនេះហើយ លោកទុកវាចោលរហូតដល់ឆ្នាំ២០២០។ មេធាវីរូបនេះ សម្រេចចិត្តជួសជុលវាឡើងវិញ ដោយផ្លាស់ប្តូរម៉ាស៊ីនចាស់ចេញ ជំនួសដោយម៉ាស៊ីនជំនុំម៉ាក HONDA ប្រភេទ Wave ពីឆ្នាំ២០១៥ ទិញតំលៃ ៣៥០ដុល្លារអាមេរិក។
ចំពោះម៉ូតូម៉ាក HONDA មួយទៀត ពណ៌ខ្មៅវិញ គឺជាម៉ូតូកែច្នៃកាលពីឆ្នាំ១៩៩៩ ឱ្យដូចម៉ូតូពីសម័យមុនដែរ។ លោក វិបុល ទើបតែទិញវាដើមឆ្នាំ២០២១នេះ នៅម្តុំឃ្លាំងរំសេវដូចគ្នា។ ក្រោយបានទិញ គាត់កែកុនដូរធុងសាំង កែបូម កែចង្កៀង កែសឺមីឱ្យខ្លាំងជាងមុន។ លោក វិបុល ក៏បានទិញកង់ខ្មែរម៉ាក PHOENIX ២គ្រឿងដែរ : មួយពណ៌ត្រួយចេក ពីខេត្តកំពង់ធំ ឃើញនៅហាងលក់កង់មួយកន្លែង ស្ថិតនៅខាងជើងផ្សារអូរឫស្សី តំលៃ ១០០$ និងមួយពណ៌ខៀវ ពីខេត្តព្រៃវែង តំលៃ ១០ម៉ឺន៛ ដែលគាត់បានជួសជុលបន្ថែមឱ្យមើលទៅដូចថ្មី៕
© រក្សាសិទ្ធិដោយ thmeythmey.com