អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
របបសឹកមីយ៉ាន់ម៉ា អាចរំលាយបក្សលោកស្រី ស៊ូជីចោល ក្រោយរកឃើញករណីបន្លំសន្លឹកឆ្នោតច្រើន
11, Jul 2021 , 9:59 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
គណៈកម្មការរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ា ដែលត្រូវបានតែងតាំងដោយរបបសឹកមីយ៉ាន់ម៉ា បានព្រមានរំលាយបក្សលោកស្រីអ៊ុងសាន ស៊ូជី ជាថ្មី បន្ទាប់ពីរកឃើញករណីបន្លំ ក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ មានរហូតដល់ ១១លានករណី។


 
សេចក្តីថ្លែងការណ៍មួយ ដែលចេញដោយគណៈកម្មការរៀបចំការបោះឆ្នោតសហភាពមីយ៉ាន់ម៉ានៅថ្ងៃទី១០ ខែកក្កដា បានអះអាងថា ការស៊ើបអង្កេតរបស់ខ្លួន បានរកឃើញករណីអ្នកបោះឆ្នោតគ្មានសញ្ជាតិ និងឈ្មោះជាន់គ្នានៅក្នុងមណ្ឌលបោះឆ្នោតចំនួន៣១៥ ។ ករណីបន្លំ ក្នុងការបោះឆ្នោតនោះមានរហូតដល់ ១១លានករណី។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋ  Global New Light of Myanmar ។ 
 
ក្នុងសេចក្តីថ្លែងការណ៍ដដែលនោះ គណៈកម្មការរៀបចំការបោះឆ្នោត បានចង្អុលបង្ហាញថា ខ្លួនអាចនឹងរំលាយបក្ស សម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រីស៊ូជី ដោយសារមានការលួចបន្លំ ទ្រង់ទ្រាយធំបែបនេះ។ យ៉ាងណាមិញ បក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ បានបដិសេធ ការលួបបន្លំសន្លឹកឆ្នោតទាំងនោះ។ 
 
ក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា បក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ បានឈ្នះការបោះឆ្នោតថ្នាក់ជាតិជាច្រើនសន្ធឹកសន្ធាប់ ពោលគឺកាន់កាប់កៅអីសភារហូតដល់ ៣៩៦អាសនៈ លើ ៤៧៦អាសនៈ។ ដោយសារតែចោទប្រកាន់ពីការលួចបន្លំសន្លឹកឆ្នោតបែបនេះ របបសឹកបានទម្លាក់រដ្ឋាភិបាលស៊ីវិលនៅដើមខែកុម្ភៈ និងប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្ន។ យោធាមីយ៉ាន់ម៉ា បានសន្យារៀបចំការបោះឆ្នោតឡើងវិញ បន្ទាប់ពីស្ថានភាពអាសន្នត្រូវបញ្ចប់។ 
 
ចាប់តាំងពីរដ្ឋប្រហារយោធាមក មីយ៉ាន់ម៉ា កំពុងជួបប្រទះបញ្ហាជាច្រើន ខណៈរដ្ឋាភិបាលយោធា បានរងសម្ពាធ និងទណ្ឌកម្មជាច្រើនពីសហគមន៍អន្តរជាតិ៕
 

Tag:
 មីយ៉ាន់ម៉ា
  របបសឹក
© រក្សាសិទ្ធិដោយ thmeythmey.com