កីឡាជាតិ
ជាតិ
លោក ស្លៃម៉ាន សាលីម អតីតស្លាបឆ្វេងដែលស៊ុតចូលអ៊ីរ៉ង់កាលពីឆ្នាំ១៩៧២ បានទទួលមរណភាព
11, Jul 2021 , 1:10 pm        
រូបភាព
ព្រឹទ្ធចារ្យ ស្លៃម៉ាន សាលីម អតីតសមាជិកក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលបានលេខ៤ពានរង្វាន់ Asian Cup ឆ្នាំ១៩៧២ បានទទួលមរណភាព កាលពីថ្ងៃទី១០ ខែកក្កដា ដោយជរាពាធ។ នេះបើយោងតាមសាររំលែកទុក្ខពីសំណាក់ក្លិបកីឡាបាល់ទាត់ខេត្តកោះកុង។

 
លោក ស្លៃម៉ាន សាលីម ស្ថិតក្នុងចំណោមកីឡាករបាល់ទាត់ខ្មែរដ៏ឆ្នើមកាលពីអតីតកាល។ លោកនៅមានឈ្មោះជាកីឡាករខ្មែរតែម្នាក់គត់ដែលបានស៊ុតបាល់បញ្ចូលទីលើក្រុមជម្រើសជាតិអ៊ីរ៉ង់ នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Asian Cup នៅក្រុងបាងកក កាលពីឆ្នាំ១៩៧២ ដែលកាលណោះអ៊ីរ៉ង់ឈ្នះ ២-១។
 
យោងតាមក្លិបបាល់ទាត់ខេត្តកោះកុង ព្រឹទ្ធាចារ្យ ស្លៃម៉ាន សាលីម ក៏ជាអតីតប្រធានការិយាល័យ យុវជន និងកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុងផងដែរ។ បន្ថែមពីលើនេះ លោកជាគ្រូបង្វឹកដឹកនាំក្រុមខេត្តកោះកុង តាំងពីឆ្នាំ១៩៩០ រហូតដល់ឆ្នាំ២០០៦។
 
ព្រឹទ្ធចារ្យ ប៉ែន ផាត ដែលជាអតីតមិត្តរួមអាជីព បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួនថា លោកសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់មិត្តរួមជំនាន់ឆ្នាំ១៩៦៥-១៩៦៧។ «លោក ស្លៃម៉ាន សាលីម ជាខ្សែបម្រើស្លាបឆ្វេងរបស់កម្ពុជា សូមមិត្តទៅឲ្យបានសុខចុះ មិត្តហត់ណាស់»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com