COVID-19
ជាតិ
រដ្ឋមន្រ្តីសុខាភិបាល ណែនាំអំពីសុវត្ថិភាពរៀបចំចាត់ចែងសពអ្នកជំងឺកូវីដ-១៩
11, Jul 2021 , 7:59 pm        
រូបភាព
រូបភាពពី រដ្ឋបាលខេត្តព្រៃវែង។
រូបភាពពី រដ្ឋបាលខេត្តព្រៃវែង។
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំពីសុវត្ថិភាពគ្រប់គ្រង និងចាត់ចែងសាកសព ដល់អ្នកធ្វើការពាក់ព័ន្ធជាមួយសពអ្នកជំងឺកូវីដ-១៩។ រដ្ឋមន្រ្តីរូបនេះ បានបញ្ជាក់ថា លើកទឹកចិត្តដល់អ្នកធ្វើការជាមួយសពកូវីដ-១៩ កុំឱ្យមានការភ័យខ្លាច និងចូលរួមអនុវត្តការការពារឱ្យបានត្រឹមត្រូវ ។

 
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចេញការណែនាំ៣ចំណុចតាមរយៈសេចក្ដីជូនដំណឹងនៅថ្ងៃទី ១១ កក្កដា ដើម្បីឱ្យអ្នកធ្វើការពាក់ព័ន្ធសពអ្នកកូវីដ-១៩ ចាត់ចែងសាកសពឱ្យបានត្រឹមត្រូវ។ ទីមួយ វីរុសកូវីដ-១៩ ឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈតំណក់ទឹកតូចៗ ដែលចេញពីអ្នកជំងឺកូវីដ-១៩ តាមរយៈការនិយាយទល់មុខជិតគ្នា ក្អក កណ្ដាស និងការប៉ះពាល់ផ្ទៃ ឬវត្ថុផ្សេងៗដែលមានមេរោគ ។ 
 
គ្រប់សពអ្នកជំងឺកូវីដ-១៩ ពុំត្រូវបានអនុញ្ញាតឱ្យធ្វើកោសល្យវិច័យ ឬវៈកាត់ពិនិត្យសាកសពឡើយ។ សាកសពត្រូវរៀបចំដោយរុំក្រណាត់រួចដាក់ក្នុងថង់ប្លាស្ទិកបិទជិតយ៉ាងត្រឹមត្រូវដោយបុគ្គលិកក្នុងមន្ទីរពេទ្យ ហើយសពខ្លះត្រូវបានដាក់បង្កករក្សាទុកមុនពេលដាក់ទៅក្នុងមឈូសមុនយកទៅបូជាឬបញ្ចុះ។ ដូចនេះ ឱកាសនៃការចម្លងវីរុសកូវីដ-១៩ ពុំអាចកើតមានឡើយ ប្រសិនបើពុំមានការរុះរើ ឬបើកថង់រុំសាកសពនោះ។ 
 
ទីពីរ ការបូជា ឬបញ្ចុះសាកសព ដែលអនុវត្តតាមគោលការណ៍ណែនាំត្រឹមត្រូវ អាចចៀសវាងបានពីការចម្លងវីរុស កូវីដ-១៩។ ដើម្បីសុវត្ថិភាព អ្នករៀបចំ និងអ្នកដឹកជញ្ជូនសាកសព អ្នកលើកសាកសពដាក់ចូលក្នុងមឈូស និងលើកមឈូសដាក់លើទីតាំងបូជា ត្រូវពាក់ឧបករណ៍ការពារខ្លួនដែលបានប្រើត្រឹមត្រូវ ហើយលាងសម្អាតដៃជាមួយអាល់កុល ឬជែល សាប៊ូនិងទឹកស្អាតភ្លាមៗ។ 
ទីបី ចំពោះការបញ្ចុះសាកសព អ្នកសែងមឈូសយកទៅបញ្ចុះ ត្រូវមានចំនួន៤ទៅ៦នាក់ និងពាក់សម្ភារការពារ(PPE)ត្រឹមត្រូវ។ ចំពោះសមាជិកគ្រួសារ ឬអ្នកចូលរួម ត្រូវពាក់ម៉ាស់ការពារឱ្យបានត្រឹមត្រូវ និងកំណត់ចំនួនមិនឱ្យលើសពី១០នាក់ ព្រមទាំងរក្សាគម្លាគរវាងអ្នកចូលរួម ចម្ងាយ១.៥ម៉ែត្រ ពីគ្នា និងចម្ងាយ៣ម៉ែត្រពីសាកសព និងមិនឱ្យមានការហែក្បួនឡើយ។ 
 
ជាមួយគ្នានេះ លោក ម៉ម ប៊ុនហេង លើកទឹកចិត្ត អ្នកដែលធ្វើការងារពាក់ព័ន្ធនឹងសាកសព ដូចជាការបូជា បញ្ចុះសព កុំឱ្យមានការភ័យខ្លាច និងចូលរួមកិច្ចការនេះដោយទទួលខុសត្រូវ តាមទំនៀមទម្លាប់ប្រពៃណី សាសនា ដើម្បីបង្ការ និងទប់ស្កាត់ការចម្លងវីរុខកូវីដ-១៩ និងកាត់បន្ថយហានិភ័យសុខភាពសាធារណៈឱ្យមានប្រសិទ្ធភាព៕ 
 

Tag:
 កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com