ជាតិ
សង្គមជាតិ
ជនអនាថា ៥៤នាក់ នៅខណ្ឌដូនពេញ ត្រូវបានយកសំណាក ដោយរកឃើញវិជ្ជមាន១នាក់
12, Jul 2021 , 8:59 pm        
រូបភាព
លោក ចាប ឌីណា នាយករដ្ឋបាលសាលាខណ្ឌដូនពេញ
លោក ចាប ឌីណា នាយករដ្ឋបាលសាលាខណ្ឌដូនពេញ
ដោយ:
ភ្នំពេញ៖ អាជ្ញាធរបានប្រមូលជនអនាថា ដែលរស់នៅតាមចិញ្ចើមផ្លូវនៅក្នុងខណ្ឌដូនពេញ ចំនួន៥៤នាក់ ទៅធ្វើតេស្តរកជំងឺកូវីដ-១៩កាលពីថ្ងៃទី១១ ខែកក្កដា។ ក្នុងចំណោមនោះ មានវិជ្ជមានកូវីដ-១៩ ចំនួនម្នាក់។ នេះបើតាមលោក ចាប ឌីណា នាយករដ្ឋបាលសាលាខណ្ឌដូនពេញ ដែលបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗ។

 
 
លោក ចាប ឌីណា នាយករដ្ឋបាលសាលាខណ្ឌដូនពេញ បានបញ្ជាក់ថា អាជ្ញាធរបានបញ្ជូនជនអនាថា ចំនួន៥៣នាក់ទៅធ្វើចត្តាឡីស័ក នៅវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនវត្តភ្នំ។ ចំណែកអ្នកវិជ្ជមានកូវីដ-១៩ គឺអាជ្ញាធរបានបញ្ជូនទៅសម្រាកព្យាបាល នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ក្នុងរាជធានីភ្នំពេញ។ 
 
បើតាមលោក ចាប ឌីណា ក្រោយជនអនាថាទាំងនោះចេញពីមណ្ឌលចត្តាឡីស័ក និងព្យាបាលជាសះស្បើយរួចហើយ អាជ្ញាធរនឹងបញ្ជូនពួកគេទៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ។ 
 
លោកនាយករដ្ឋបាលសាលាខណ្ឌដូនពេញ បានលើកឡើងថា ការប្រមូលសំណាកជនអនាថាដែលរស់នៅតាមរបងផ្ទះ របងវត្ត និងតាមចិញ្ចើមថ្នល់ នៅក្នុងក្របខណ្ឌដូនពេញនេះ គឺដើម្បីឲ្យពួកគេមានសុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់សាធារណៈ។
 
«ពួកគាត់ដើរពាសវាសពាសកាល ធ្វើឲ្យប៉ះពាល់ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ យើងក៏គិតគូរដល់សុវត្ថិភាពសុខភាពរបស់ពួកគាត់។ យើងប្រមូលសំណាកពួកគាត់ដើម្បីធានាសុវត្ថិភាពដល់ពួកគាត់។ បើពួកគាត់គ្មានកូវីដទេ យើងនឹងបញ្ជូនពួកគាត់ទៅមន្ទីរសង្គមកិច្ចដើម្បីបណ្តុះបណ្តាលពួកគាត់»។ នេះជាការលើកឡើងរបស់លោក ចាប ឌីណា។
 
 
មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប៦១,៨៧០ នាក់ ក្នុងនោះ ៤,៨៧៣នាក់ករណីនាំចូល។ អ្នកជាសះស្បើយមាន៥៣,៤៧៧ និងស្លាប់សរុប៩២៥នាក់៕
 
 

Tag:
 សំណាក
 ជនអនាថា
 ជំងឺកូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com