កីឡាជាតិ
ជាតិ
NOCC ព្រមានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្រោយសម្ដេច ហ៊ុន សែន ប្រតិកម្ម លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ
× ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានព្រមានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្រោយពីមានការសម្រេចលទ្ធផលមិនត្រូវលក្ខន្តិកៈ និងអយុត្តិធម៌ចំពោះការប្រកួត។ ការព្រមានលើសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ធ្វើឡើងក្រោយពីសម្ដេច ហ៊ុន សែន បានប្រតិកម្មលើការសម្រេចក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់ និងរង្វាន់នៅសង្វៀន CBS (CNC) រវាងកីឡាករ ឃឹម បូរ៉ា និងកីឡាករ ម៉ឺន មេឃា។
មួយថ្ងៃក្រោយប្រតិកម្មរបស់នាយករដ្ឋមន្ត្រីនោះ NOCC ក៏បានសង្កេតឃើញថា អាជ្ញាកណ្ដាល-ចៅក្រម ជាមន្ដ្រីបច្ចេកទេសរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានវិនិច្ឆ័យការប្រកួត ដោយមិនគោរពតាមគោលការណ៍លេងដោយយុត្តិធម៌ (Fair-Play) ហើយមិនគោរពតាមបទបញ្ជាការប្រកួត ។ ជាពិសេស គ្មានក្រមសីលធម៌ និងស្មារតីជាមន្ដ្រីយុត្តិធម៌កីឡា ដែលធ្វើឲ្យមហាជនបាត់បង់ជំនឿចិត្តលើប្រព័ន្ធគ្រប់គ្រងកីឡា និងប៉ះពាល់ដល់គុណតម្លៃនៃកីឡាអត្តសញ្ញាណជាតិមួយនេះ។
បើតាមNOCC ការប្រកួតលើសង្វៀនឯកជនកន្លងមក ក៏មានការវិនិច្ឆ័យលទ្ធផលប្រកួត ដោយមានបញ្ហាអយុត្តិធម៌ជាញឹកញាប់ ដែលសហព័ន្ធកីឡាគុនខ្មែរ នៅតែមិនអាចកែសម្រួល ឬកែទម្រង់បាន ហើយធ្វើឲ្យមហាជន និងថ្នាក់ដឹកនាំមានប្រតិកម្មជាញឹកញាប់។
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចេញលិខិតនៅល្ងាច ថ្ងៃទី១២ កក្កដា ដោយមានខ្លឹមសារដូច្នេះ៖«សូមប្រកាសដាក់ការព្រមានលើកដំបូងដល់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ឲ្យធ្វើការកែទម្រង់ និងដាក់ចេញនូវបទប្បញ្ញត្ដិ ដោយដាក់ពិន័យយ៉ាងម៉ឹងម៉ាត់ដល់អាជ្ញាកណ្ដាល-ចៅក្រមឲ្យគោរពស្មារតីកីឡា គោរពបទបញ្ជាការប្រកួត គោរពគោលការណ៍ Fair-Play និងគោរពក្រមសីលធម៌កីឡា ដោយមិនអាចរំលោភបាន។ ប្រសិនបើមានបញ្ហាដដែលកើតឡើងទៀត NOCC នឹងប្រើសិទ្ធិដាក់ព្យួរសមាជិកភាពដែលជាផលវិបាករបស់សហព័ន្ធមិនអាចចូលរួមការប្រកួតជាអន្ដរជាតិ និងរៀបចំការប្រកួតជាអន្ដរជាតិផ្លូវការបាន ហើយក៏មិនអាចចូលរួមការប្រកួតកីឡាស៊ីហ្គេម រួមទាំងស៊ីហ្គេមនៅកម្ពុជាផងដែរ»។
បើទោះបីការប្រកួតស្ថិតក្នុងក្របខណ្ឌអាជីវកម្ម មិនស្ថិតក្រោមការគ្រប់គ្រងរបស់ចលនាអូឡាំពិក ហើយការប្រកួតជាការដណ្ដើមលាភសក្ការៈជាលុយ ផ្ទុយនឹងស្មារតី និងធម្មនុញ្ញអូឡាំពិកក្តី ប៉ុន្ដែសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ជាសមាជិកគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ស្ថិតក្រោមឆ័ត្រនៃលក្ខន្ដិកៈរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ នេះជាការបញ្ជាក់របស់ NOCC។
កាលពីថ្ងៃទី១១ កក្កដា សម្តេច ហ៊ុន សែន បានបង្ហាញការហួសចិត្ត ចំពោះកីឡាករប្រដាល់វាយខុសក្បួន តែអាជ្ញាកណ្តាលមិនព្រមប្រកាសលទ្ធផល។ ដ្បិតសម្តេច ហ៊ុន សែន មិនបានបញ្ជាក់ចំៗក្តី ប៉ុន្តែគេអាចយល់បានថា សម្តេចនិយាយសំដៅលើការប្រកួតរវាង ឃីម បូរ៉ា និង ម៉ឺន មេឃា នាជំនួបដណ្តើមខ្សែក្រវាត់មួយនៅលើសង្វៀន CNC។ កាលណោះ មេឃា បានលើក បូរ៉ា បោកដូចកីឡាកាស រហូតដល់រងរបួស។ អាជ្ញាកណ្តាលបានសម្រេចលើកការប្រកួត ដោយមិនបញ្ជាក់ពីលក្ខន្តិកៈ។
ប៉ុន្តែក្រោយរលកនៃការរិះគន់ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ CNC និងម្ចាស់ឧបត្ថម្ភ បានសម្រេចផ្តល់ជ័យជម្នះឲ្យ ឃីម បូរ៉ា ដោយមិនមានការប្រកួតលើកទីពីរនោះឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com