COVID-19
ជាតិ
លោក ឃួង ស្រេង សម្រេចបិទផ្សារកណ្តាល១៤ថ្ងៃ តែបើកផ្សារបឹងកេងកេងឡើងវិញ
× ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសម្រចបិទផ្សារកណ្តាល រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-២៦ ខែកក្កដា ក្រោយពីមានអាជីករមួយចំនួនឆ្លងជំងឺកូវីដ-១៩។ ទន្ទឹមនឹងនេះ លោក ឃួង ស្រេង ក៏បានសម្រេចបើកដំណើរផ្សារបឹងកេងកេងឡើងវិញ។
លោក ឃួង ស្រេង បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី១២ ខែកក្កដាថា ការបិទផ្សារនេះ គឺដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩។ លោក ឃួង ស្រេង បានសង្កត់ធ្ងន់ថា ក្នុងអំឡុងបិទផ្សារកណ្តាលនេះ ហាមអាជីវករ និងពលរដ្ឋជួបជុំ និងចេញចូលផ្សារជាបណ្តោះអាសន្ន។
លោកអភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់អាជីវករ ឬអ្នកពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ រួសរាន់ទៅធ្វើតេស្តជាបន្ទាន់ និងត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងខ្លួនឲ្យបានខ្ជាប់ខ្ជួន។
លោក ឃួង ស្រេង បានសង្កត់ធ្ងន់ថា ប្រសិនជាអាជីវករទាំងអស់ មិនគោរពតាមការណែនាំវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ទេនោះ ពួកគេមិនអាចបើកដំណើរការលក់ដូរ ក្រោយពេលដែលផ្សារបើកដំណើរកាលឡើងវិញឡើយ។
ទន្ទឹមនឹងផ្សារកណ្តាលត្រូវបានផ្អាកដំណើរការ រដ្ឋបាលរាជធានីភ្នំពេញក៏បានសម្រេចបើកដំណើរការផ្សារបឹងកេងកងឡើងវិញ ក្រោយពីផ្អាកអស់រយៈពេល២សប្តាហ៍កន្លងមក ដោយសារមានអាជីករមួយចំនួនបានឆ្លងជំងឺកូវីដ-១៩។
បច្ចុប្បន្នផ្សារធំៗចំនួន២ហើយដែលនៅតែបន្តផ្អាកដំណើរការ នោះគឺផ្សារអូឡាំពិក និងផ្សារកណ្តាល។
មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ៦១៨៧០ នាក់ ក្នុងនោះករណីនាំចូលមានចំនួន ៤៨៧៣នាក់។ អ្នកជាសះស្បើយមាន ៥៣៤៧៧ នាក់ និងស្លាប់សរុប ៩២៥នាក់៕
Tag:
សង្គម
កូវីដ-១៩
ផ្សារកណ្ដាល
ផ្សារបឹងកេងកង
© រក្សាសិទ្ធិដោយ thmeythmey.com