សិល្បៈអន្តរជាតិ
អន្តរជាតិ
Dua Lipa ត្រូវបានប្តឹងពីបទបង្ហោះរូប Paparazzi ខ្លួនឯង ដោយមិនបានសុំការអនុញ្ញាតពីអ្នកថត
13, Jul 2021 , 8:29 am        
រូបភាព
Dua Lipa នាព្រឹត្តិការណ៍មួយក្នុងមហោស្រពភាពយន្តក្រុងកានលើកទី៧២ កាលពីឆ្នាំ២០១៩។ រូបថត AFP
Dua Lipa នាព្រឹត្តិការណ៍មួយក្នុងមហោស្រពភាពយន្តក្រុងកានលើកទី៧២ កាលពីឆ្នាំ២០១៩។ រូបថត AFP
ដោយ: ធីតា
Dua Lipa បានរងពាក្យបណ្តឹងមួយ ក្រោយពីបានយករូបថតខ្លួនបង្ហោះនៅលើបណ្តាញសង្គម Instagram។ នោះជារូបថតដែលគេតាមប្រមាញ់ (Paparazzi) ហើយតារាចម្រៀងដ៏ល្បីល្បាញអង់គ្លេសរូបនេះ បានយកទៅបង្ហោះដោយគ្មានការអនុញ្ញាតពីម្ចាស់រូប។

 
Dua Lipa ម្ចាស់បទ «Love Again», «Don’t Start Now» និង «Levitating» បានយករូបដែលគេតាមប្រមាញ់ថត (Paparazzi) នាពេលរង់ចាំជើងហោះហើរមួយកាលពីខែកុម្ភៈ ឆ្នាំ២០១៩។ យោងតាម BBC News ក្រុមហ៊ុន Integral Images ដែលជាម្ចាស់កម្មសិទ្ធិរូប បានចោទតារាចម្រៀងអង់គ្លេសរូបនេះ ពីបទប្រើប្រាស់រូបថតដោយគ្មានការអនុញ្ញាត។
 
អ្វីដែលក្រុមហ៊ុនបានលើកឡើងនោះ ដោយសារតែ Dua Lipa បានចំណូលពីរូបនោះ ដោយសារគណនី Instagram ផ្លូវការជាប្រភេទដែលរកប្រាក់ (Monetized)។ តាមច្បាប់កម្មសិទ្ធិបញ្ញា អ្នកថតរូបមានសិទ្ធិគ្រប់គ្រងលើរូបថត មិនមែនមនុស្សនៅក្នុងរូបថតនោះឡើយ។
 
ក្រោយទទួលបាននូវប្រតិកម្ម Dua Lipa បានលុបរូបនោះចោល ប៉ុន្តែ Integral Images នៅតែទាមទារប្រាក់ជំងឺចិត្តចំនួន១៥០ ០០០ដុល្លារអាមេរិក ក្នុងគោលបំណងព្រមានតារាចម្រៀងរូបនេះ កុំឲ្យមានសកម្មភាពខុសទៅថ្ងៃក្រោយ។
 
 យោងតាមទស្សនាវដ្តី Complex តារាល្បីៗជាច្រើនរូបហើយដែលរងការប្តឹងពីបទប្រើប្រាស់រូប Paparazzi ដោយគ្មានការអនុញ្ញាត ក្នុងនោះរួមមាន Gigi Hadid, Liam Hemsworth, Khloe Kardashian, Ariana Grande, Justin Bieber និង Jennifer Lopez ជាដើម៕
 

Tag:
 Dua Lipa
  កម្មសិទ្ធិបញ្ញា
  Paparazzi
© រក្សាសិទ្ធិដោយ thmeythmey.com