អន្តរជាតិ
មេទ័ពអាមេរិកប្រចាំអាហ្វហ្កានីស្ថាន ចុះចេញតំណែងជានិមិត្តរូបបញ្ចប់សង្រ្គាម២០ឆ្នាំ
13, Jul 2021 , 10:29 am        
រូបភាព
ឧត្តមសេនីយ៍ Austin Miller ក្នុងពិធីនៅទីក្រុងកាប៊ុល។ រូបថត AFP
ឧត្តមសេនីយ៍ Austin Miller ក្នុងពិធីនៅទីក្រុងកាប៊ុល។ រូបថត AFP
មេបញ្ជាការកងទ័ពអាមេរិកប្រចាំអាហ្វហ្កានីស្ថាន ឧត្តមសេនីយ៍ Austin Miller បានចុះចេញពីតំណែងរបស់ខ្លួនហើយនៅថ្ងៃទី១២ ខែកក្កដា។ ការចុះចេញនេះ ជានិមិត្តរូបនៃការបញ្ចប់សង្រ្គាម២០ឆ្នាំនៅអាហ្វហ្កានីស្ថានរបស់អាមេរិក ខណៈកាលបរិច្ឆេទដកទ័ពចុងក្រោយ គឺថ្ងៃទី៣១ ខែសីហា។ ស្របពេលអាមេរិកដកទ័ព ក្រុមតាលីបង់កំពុងពង្រីកតំបន់ត្រួតត្រារបស់ខ្លួនកាន់តែធំ។

 
ឧត្តមសេនីយ៍ផ្កាយបួន Austin Miller ក្លាយជាមេទ័ពអាមេរិកចុងក្រោយដែលឈរជើងនៅអាហ្វហ្កានីស្ថានក្នុងសង្រ្គាម២០ឆ្នាំ ដែលចាប់ផ្ដើមនៅឆ្នាំ២០០១ មក។ ក្នុងពិធីនៅទីក្រុងកាប៊ុលនៅថ្ងៃទី១២ ខែកក្កដា លោក Miller ដែលកាន់តំណែងនៅឆ្នាំ២០១៨ បានលាលែងពីតំណែងមេបញ្ជាការកងទ័ពអាមេរិកប្រចាំអាហ្វហ្កានីស្ថាន។
 
 
តាមពិតទៅ តាំងពីខែឧសភាមក លោក Miller ត្រូវបានប្រធានាធិបតី ចូ បៃឌិន ចាត់តាំងឱ្យដឹកនាំកិច្ចការដកទ័ពពីអាហ្វហ្កានីស្ថានឱ្យអស់នៅថ្ងៃទី១១ ខែកញ្ញា។ ជាងពីរខែមកនេះ ទ័ពអាមេរិកសឹងទាំងអស់ ត្រូវបានដកចេញ ព្រមគ្នានិងកម្លាំងសម្ព័ន្ធមិត្តណាតូផងដែរ ដែលផែនការដកទ័ពត្រូវពន្លឿនមកត្រឹមថ្ងៃទី៣១ ខែសីហា។ អាមេរិកនឹងរក្សាទុកកងទ័ពមួយចំនួនដើម្បីការពារស្ថានទូតអាមេរិកដ៏ធំក្នុងទីក្រុងកាប៊ុល។  
 
ចាប់ពីពេលនេះដល់ថ្ងៃដកទ័ព ឧត្តមសេនីយ៍ Kenneth McKenzie មេបញ្ជាការយោធាអាមេរិកតំបន់កណ្ដាលដែលទទួលបន្ទុកប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ា នឹងកាន់ការងារទ័ព ក៏ដូចជាប្រតិបត្តិការដែនអាកាសណាមួយនៅអាហ្វហ្កានីស្ថាន។ ថ្លែងក្នុងពិធីដែលរៀបចំនៅបរិវេណតំបន់បៃតងក្នុងរដ្ឋធានីកាប៊ុល លោក McKenzie ប្រាប់មេដឹកនាំអាហ្វហ្កានីស្ថានថា អាហ្វហ្កានីស្ថានអាចពឹងពាក់អាមេរិកក្នុងកាលៈទេសៈលំបាកនៅថ្ងៃខាងមុខ។
 
ការដកទ័ពរបស់អាមេរិក រងការរិះគន់ខ្លាំង ព្រោះក្រុមតាលីបង់នៅតែមានឥទ្ធិពល ហើយកំពុងពង្រីកតំបន់គ្រប់គ្រងរបស់ខ្លួនបន្តបន្ទាប់។ ក្រុមនេះអះអាងថា បានត្រួតត្រាទឹកដីអាហ្វហ្កានីស្ថានប្រមាណ៨០ភាគរយ ប៉ុន្តែរដ្ឋាភិបាលក្រុងកាប៊ុលឆ្លើយតបថា ក្រុមជ្រុលនិយមមួយនេះពន្លើសតួលេខ។
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com