កីឡាអន្តរជាតិ
អន្តរជាតិ
Ballon d'Or៖ Messi ទំនងឈ្នះលើកទី៧ ចំណោមបេក្ខភាព៤នាក់ទៀត
13, Jul 2021 , 11:25 am        
រូបភាព
Lionel Messi មានភាគរយខ្ពស់ក្នុងការឈ្នះ Ballon d’Or ជាលើកទី៧ បន្ទាប់ពីរូបគេជួយអាហ្សង់ទីនឈ្នះជើងឯកអាមេរិកឡាទីន Copa America។ Jorginho ដែលជួយ Chelsea លើកពាន Champions League និងជួយអ៊ីតាលីឈ្នះ Euro 2020 ក៏មិនអាចមើលរំលងដែរ ក្នុងចំណោមបេក្ខភាព៥នាក់ដែលស័ក្ដិសមទទួលពានដ៏អស្ចារ្យសម្រាប់កីឡាករបាល់ទាត់ឆ្នាំ២០២១។




Harry Kane, Robert Lewandowski និង Giorgio Chiellini ស្ថិតក្នុងបេក្ខភាពនាំមុខដែលអាចឈ្នះពានរង្វាន់ Ballon d'Or ឆ្នាំ ២០២១ ជាមួយ Messi និង Jorginho។
ការប្រកួតដណ្តើមជើងឯកលីករដូវកាល ២០២០-២១ បានបញ្ចប់ទៅ ប៉ុន្តែព្រឹត្តិការណ៍ Copa America និង Euro 2020 ដែលទើបបញ្ចប់ថ្មីៗទើបបង្ហាញភាពលេចធ្លោរបស់កីឡាករក្នុងការប្រជែងតំណែងម្ចាស់ពាន Ballon d’Or។
 
ខាងក្រោមនេះ យើងនឹងបង្ហាញពីគុណសម្បត្តិរបស់បេក្ខជន៥រូប ដែលសមនឹងឈ្នះពានរង្វាន់កីឡាករល្អជាងគេលើលោកប្រចាំឆ្នាំ២០២១នេះ៖

1- Lionel Messi
បើទោះមិនអាចជួយ Barcelona ឈ្នះពានធំៗនៅរដូវកាលមុនក្តី ប៉ុន្តែ Messi បានបើកទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់ខ្លួនគេ តាមរយៈការជួយជម្រើសជាតិអាហ្សង់ទីនឈ្នះ Copa America ជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៩៣មក។
  


2- Jorginho
 
ខ្សែបម្រើរូបនេះ ឈ្នះជើងឯកអឺរ៉ុបដល់ទៅពីរនៅឆ្នាំ២០២១។ Jorginho ឈ្នះ Champions League ជាមួយChelsea និង Euro 2020 ជាមួយអ៊ីតាលី។ លទ្ធផលជាផ្លែផ្កានេះ អាចជួយរូបគេទទួលបាន Ballon d’Or សម្រាប់ឆ្នាំ ២០២១។



3- Harry Kane
 
ប្រសិនបើអាចជួយអង់គ្លេសឈ្នះ Euro 2020 នោះ Ballon d’Or អាចជារបស់ Kane។ យ៉ាងណាអង់គ្លេសបានត្រឹមរងជើងឯកប៉ុណ្ណោះក្រោយចាញ់អ៊ីតាលីនៅវគ្គផ្តាច់ព្រ័ត្រដោយបាល់កាត់សេចក្តីប៉េណាំងទី។ ខ្សែប្រយុទ្ធ Tottenham Hotspur ជាម្ចាស់ស្បែកជើងមាសរដូវកាលមុន។ Kane បង្ហាញខ្លួនឱ្យក្រុមមាន់ខ្នាយមាស៤៩ប្រកួត ស៊ុតបញ្ចូលទីសរុបបាន៣៣គ្រាប់។
 


4- Robert Lewandowski
 
បើទោះមិនអាចជួយជម្រើសជាតិប៉ូឡូញលេចធ្លោនៅ Euro 2020 ប៉ុន្តែឧត្តមភាពរបស់ Lewandowski សម្រាប់ក្រុម Bayern Munich មិនគួរមើលរំលងទេ។ Lewandowski បានបំបែកឯតទគ្គកម្មនៅ Bundesliga ដោយរកបាន៤១គ្រាប់ ក្នុងការបង្ហាញខ្លួន២៩ប្រកួត នៅរដូវកាល ២០២០-២១។
 


5- Giorgio Chiellini
 
ខ្សែការពារសញ្ជាតិអ៊ីតាលីរូបនេះ មិនជាលេចធ្លោប៉ុន្មានទេសម្រាប់ក្រុម Juventus ប៉ុន្តែទម្រង់លេងនៅ Euro ២០២០ Chiellini សមនឹងទទួលបានការទទួលស្គាល់យ៉ាងខ្លាំង។ ខ្សែការពារជើងចាស់វ័យ៣៦ឆ្នាំរូបនេះ ពិតជារនាំងដ៏រឹងមាំតាមរយៈការចាប់ដៃគូជាមួយ Leonardo Bonucci ដើម្បីជួយអ៊ីតាលីឈ្នះជើងឯកទ្វីបអឺរ៉ុបឆ្នាំ២០២១។
គិតចាប់ពីឆ្នាំ២០០៦មក គ្មានខ្សែការពារណាម្នាក់ក្រៅពី Fabio Cannavaro ដែលជួយអ៊ីតាលីឈ្នះ World Cup ទទួលបានពាន Ballon d’Or ឡើយ៕


 
 

Tag:
 Ballon d’Or
  Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com