អន្តរជាតិ
ថៃ៖ អ្នកទទួលវ៉ាក់សាំងSinovac ដូសទី១ នឹងប្តូរទៅចាក់វ៉ាក់សាំងAstraZeneca ដូសទីពីរវិញ
13, Jul 2021 , 4:31 pm        
រូបភាព
គ្រូពេទ្យថៃ ចាក់វ៉ាក់សាំងដល់បុគ្គលិកសុខាភិបាល។ រូបភាព៖ AFP
គ្រូពេទ្យថៃ ចាក់វ៉ាក់សាំងដល់បុគ្គលិកសុខាភិបាល។ រូបភាព៖ AFP
ក្រសួងសុខាភិបាលសាធារណៈថៃ បានសម្រេចផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្រុមហ៊ុន AstraZeneca ដូសទីពីរ ដល់ប្រជាជនដែលទទួលវ៉ាក់សាំងក្រុមហ៊ុន Sinovac នៅដូសទី១ ។ ការផ្លាស់ប្តូរបែបនេះ ធ្វើឡើងដើម្បីបង្កើនប្រព័ន្ធភាពស៊ាំប្រឆាំងនឹងវីរុសបង្កជាជំងឺកូវីដ-១៩ ទម្រង់ដែលតា បើទោះអង្គការសុខភាពពិភពលោក ព្រមានពីភាពគ្រោះថ្នាក់ក៏ដោយ។

 
មួយរយៈចុងក្រោយនេះ ករណីឆ្លងជំងឺកូវីដ-១៩ នៅថៃ បានហក់ឡើងយ៉ាងខ្លាំង ដោយពេលខ្លះ ហក់ដល់ជិត ១ម៉ឺនករណី។ នៅថ្ងៃទី១៣ ខែកក្កដា ថៃបានរាយការណ៍ករណីឆ្លង ៨៦៨៥ករណី និងអ្នកស្លាប់មានចំនួន ៥៦នាក់។ វីរុសទម្រង់ដែលតា ក៏កំពុងរីកសាយនៅថៃផងដែរ។ 
 
ដើម្បីបង្កើនប្រព័ន្ធភាពស៊ាំ ការពារជំងឺកូវីដ-១៩ ក៏ដូចជាវីរុសទម្រង់ដែលតា ថៃបានសម្រេចផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្រុមហ៊ុនAstraZeneca នៅដូសទីពីរ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងដូសទី១ របស់ក្រុមហ៊ុន Sinovac។ ការផ្លាស់ប្តូរនេះ ត្រូវបានប្រកាស បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការទំនាក់ទំនងជំងឺឆ្លង លើវិធានការទប់ស្កាត់វីរុសទម្រង់ដែលតា។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ 
 
ជាមួយគ្នានេះ រដ្ឋមន្រ្តីសុខាភិបាល លោក Anutin Charnvirakul នៅថ្ងៃទី១២ ខែកក្កដា បានអះអាងថា វ៉ាក់សាំងក្រុមហ៊ុន AstraZeneca នឹងត្រូវផ្តល់ឱ្យនៅសប្តាហ៍ទី៣ ឬទី៤ បន្ទាប់ពីចាក់វ៉ាក់សាំងក្រុមហ៊ុន Sinovac។ បើតាមលោករដ្ឋមន្រ្តី ការចាក់លាយគ្នាបែបនេះ នឹងជួយបង្កើនប្រព័ន្ធការពារប្រឆាំងនឹងវីរុសទម្រង់ដែលតា។ 
 
តាមប្រភពមួយពីក្រសួងសុខាភិបាលថៃ ការចាក់លាយគ្នាបែបនេះ នឹងត្រូវអនុវត្តនៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជាតិថៃ។ តាមការស្រាវជ្រាវ ការចាក់វ៉ាក់សាំងដូសទីមួយ របស់ក្រុមហ៊ុន Sinovac និងដូសទីពីររបស់ក្រុមហ៊ុន AstraZeneca អាចបង្កើនប្រព័ន្ធភាពស៊ាំ ស្ទើរតែស្មើការវ៉ាក់សាំងក្រុមហ៊ុន AstraZeneca ពីរដូស។
 
ការប្រកាសចាក់វ៉ាក់សាំងលាយគ្នាបែបនេះ ធ្វើឡើងស្របពេលអង្គការសុខភាពពិភពលោក (WHO) ព្រមានថា អាចបង្កគ្រោះថ្នាក់ ព្រោះវាមិនទាន់មានទិន្នន័យគ្រប់គ្រាន់លើការចាក់វ៉ាក់សាំងខុសគ្នានេះឡើយ។ 
 
សូមបញ្ជាក់ ថៃក៏បានប្រកាសការចាក់វ៉ាក់សាំងដូសទីបី សម្រាប់បុគ្គលិកសុខាភិបាលផងដែរ។ វ៉ាក់សាំងដូសទី៣នេះ ភាគច្រើននឹងប្រើវ៉ាក់សាំងក្រុមហ៊ុន AstraZeneca។ បើតាមរដ្ឋមន្រ្តីសុខាភិបាលថៃ ការចាក់វ៉ាក់សាំងដូសបន្ថែមនេះ នឹងធ្វើឡើងមុខដំណាច់ខែកក្កដា៕ 
 

Tag:
 ថៃ
  វ៉ាក់សាំង
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com