អន្តរជាតិ
ឡាវត្រៀមទទួលវ៉ាក់សាំង Johnson & Johnson ជាង១លានដូសពីអាមេរិក
13, Jul 2021 , 7:29 pm        
រូបភាព
យន្តហោះដឹកវ៉ាក់សាំងរបស់អាមេរិកទៅដល់ឥណ្ឌូណេស៊ី។ រូបថតក្រសួងការបរទេសអាមេរិក
យន្តហោះដឹកវ៉ាក់សាំងរបស់អាមេរិកទៅដល់ឥណ្ឌូណេស៊ី។ រូបថតក្រសួងការបរទេសអាមេរិក
មួយរយៈពេលចុងក្រោយ អាមេរិក ហាក់មមាញឹកក្នុងការចែកចាយវ៉ាក់សាំងរបស់ខ្លួនទៅកាន់ប្រទេសនានាតាមការសន្យាកន្លងមក។ នៅថ្ងៃទី១២ ខែកក្កដា អាមេរិក ចាប់ផ្ដើមដឹកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាង១លាន៦សែនដូសទៀតទៅកាន់ប្រទេសបីរួមមានឡាវ ហ្វីជី និងកូស្តារីកា។ ឡាវជាប្រទេសទីបួននៅអាស៊ីអាគ្នេយ៍ដែលនឹងទទួលបានវ៉ាក់សាំងពីអាមេរិកក្រោមគម្រោងបែងចែកចំនួន៨០លានដូស។

 
ក្រោមគម្រោងបែងចែកវ៉ាក់សាំងចំនួន៨០លានដូស ហ្វីជី នឹងទទួលបានវ៉ាក់សាំងក្រុមហ៊ុន Moderna ចំនួន១៥ម៉ឺនដូស ហើយឡាវ នឹងទទួលបានវ៉ាក់សាំងចាក់មួយដូស Johnson & Johnson ចំនួន១លាន៨ម៉ឺនដូស។ ប្រទេសទាំងពីរ នឹងទទួលបានតាមយន្តការ COVAX ។ ចំណែកកូស្តារីកា នឹងទទួលបានវ៉ាក់សាំង Pfizer ចំនួន៥០ម៉ឺនដូស ក្រោមកិច្ចព្រមព្រៀងទ្វេភាគី។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Axios ។
 
 
បច្ចុប្បន្ន ឡាវចាក់វ៉ាក់សាំងឱ្យប្រជាជនជាងមួយលាននាក់ហើយដោយប្រើវ៉ាកសាំងចិន រុស្ស៊ី និងវ៉ាក់សាំងជំនួយអាមេរិកកន្លងមក។ កូស្តារីកា មានប្រជាជន១៦ភាគរយទទួលបានវ៉ាក់សាំង ឯហ្វីជីមានជាង៦ភាគរយ។
 
សម្រាប់អាស៊ីអាគ្នេយ៍ ឡាវជាប្រទេសទីបួនដែលទទួលបានវ៉ាក់សាំងក្រោមកញ្ចប់៨០លានដូសដែលប្រធានាធិបតី ចូ បៃឌិន ប្រកាសចែកឱ្យប្រទេសក្រីក្រជុំវិញពិភពលោក។ បើតាមការប្រកាសរបស់ស្ថានទូតអាមេរិកប្រចាំទីក្រុងវៀងចន្ទន៍ វ៉ាក់សាំងនេះ នឹងទៅដល់ឡាវនៅថ្ងៃទី១៥ ខែកក្កដា។ កន្លងមក ម៉ាឡេស៊ី បានវ៉ាក់សាំង Pfizer មួយលានដូស, ឥណ្ឌូណេស៊ីបានវ៉ាក់សាំងរបស់ Moderna បីលានដូសតាមយន្តការ COVAX និងវៀតណាមបានវ៉ាក់សាំងរបស់ Moderna ពីរលានដូស។
 
ប្រទេសក្នុងតំបន់ផ្សេងទៀតដែលនឹងទទួលបានវ៉ាក់សាំងពីអាមេរិកមានកម្ពុជា ហ្វីលីពីន ថៃ និងប៉ាពួអាស៊ីនូវែលហ្គីណេជាដើម៕
 
 
 
 
 
  
 

Tag:
 អាមេរិក
  អាស៊ីអាគ្នេយ៍
© រក្សាសិទ្ធិដោយ thmeythmey.com