កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2020៖ អ៊ីតាលីបាន៣៤លានអឺរ៉ូ អង់គ្លេស៣០.២៥លាន អេស្ប៉ាញ២២.៥លាន ដាណឺម៉ាក២១លាន
13, Jul 2021 , 10:29 pm        
រូបភាព
ដោយ: រួបរួម
ក្រុមទាំង២៤ដែលបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Euro 2020 សុទ្ធតែទទួលបានប្រាក់រង្វាន់ខ្ទង់លានអឺរ៉ូ ដោយគ្រាន់តែចំនួនខុសគ្នាទៅតាមកម្រិត និងលទ្ធផលដែលពួកគេទទួលបាន។ យោងតាមការផ្សាយរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) ចំនួនប្រាក់រង្វាន់សរុបមាន៣៧១លានអឺរ៉ូ ដោយកើនឡើង២៣ភាគរយ។


 
ផ្តួចផ្តើមឡើងតាំងពីឆ្នាំ២០០៤ ក្រុមវិធីសាមគ្គីភាព និងអភិវឌ្ឍ HatTrick V របស់ UEFA បង្កើនប្រាក់រង្វាន់ជាបន្តបន្ទាប់ក្នុងព្រឹត្តិការណ៍អឺរ៉ុប ដើម្បីជួយដល់សមាជិកទាំងអស់ ជាពិសេសក្រុមដែលបានចូលឈានចូលជុំផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Euro។ កាលពីព្រឹត្តិការណ៍នៅបារាំង ប្រាក់រង្វាន់សរុបមាន៣០១លានអឺរ៉ូ នៅ Euro 2020 នេះ មាន៣៧១លានអឺរ៉ូ ហើយនៅព្រឹត្តិការណ៍បន្ទាប់នឹងឡើងដល់៧៧៥លានអឺរ៉ូ។
 
សម្រាប់ការគណនាប្រាក់រង្វាន់ក្នុងព្រឹត្តិការណ៍ Euro 2020 នេះ ក្រុមទាំង២៤ ទទួលជំហានដំបូង ៩.២៥លានអឺរ៉ូ។ សម្រាប់ការប្រកួតក្នុងពូល ក្រុមដែលឈ្នះទទួលបានបន្ថែម១.៥លានអឺរ៉ូ រីឯលទ្ធផលស្មើ ក្រុមនីមួយៗ បាន៧៥ម៉ឺនអឺរ៉ូ។ ក្រុមដែលបន្តទៅវគ្គ១៦ក្រុមចុងក្រោយ បាន២លានអឺរ៉ូ, វគ្គ៨ក្រុមចុងក្រោយបាន៣.២៥លានអឺរ៉ូ, វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របាន៥លានអឺរ៉ូ, លេខ២បាន៧លានអឺរ៉ូ និងជើងឯកបាន១០លានអឺរ៉ូ បន្ថែម។
 



ជើងឯកអ៊ីតាលី បានសរុប៣៤លានអឺរ៉ូ (ជាង៤០លានដុល្លារអាមេរិក)
ស្ថិតក្នុងចំណោម២៤ដំបូងនៅជុំផ្តាច់ព្រ័ត្រ អ៊ីតាលីបានប្រាក់រង្វាន់ដំបូង ៩.២៥លានអឺរ៉ូ ហើយបន្តឈ្នះទាំង៣ប្រកួតក្នុងពូល (១.៥លានអឺរ៉ូ គុណនឹង៣ ស្មើ៤.៥លានអឺរ៉ូ)។ បន្ទាប់បន្តទទួលបាន២លានអឺរ៉ូនៅវគ្គ១៦ក្រុមចុងក្រោយ បាន៣.២៥លានអឺរ៉ូនៅវគ្គ៨ក្រុមចុងក្រោយ បាន៥លានអឺរ៉ូនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង១០លានអឺរ៉ូសម្រាប់តំណែងជើងឯក។
 



ជើងឯករងអង់គ្លេស បានសរុប៣០.២៥លានអឺរ៉ូ (ជិត៣៦លានដុល្លារអាមេរិក)
អង់គ្លេសក៏ដូចជាក្រុមទាំងអស់ទទួលបានប្រាក់រង្វាន់ដំបូង ៩.២៥លានដុល្លារអាមេរិក ហើយ៣ប្រកួតក្នុងពូល អង់គ្លេសឈ្នះ២ និងស្មើ១ ដូច្នេះពួកគេទទួលបាន ៣.៧៥លានដុល្លារ (១.៥លាន គុណនឹងពីរ បូក៧៥ម៉ឺនសម្រាប់លទ្ធផលស្មើ ០-០ ជាមួយស្កុតឡែន)។ បន្ទាប់បន្តទទួលបាន២លានអឺរ៉ូនៅវគ្គ១៦ក្រុមចុងក្រោយ បាន៣.២៥លានអឺរ៉ូនៅវគ្គ៨ក្រុមចុងក្រោយ បាន៥លានអឺរ៉ូនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង៧លានអឺរ៉ូសម្រាប់ចំណាត់ថ្នាក់លេខ២។
 



ក្រុមឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ អេស្ប៉ាញ និងដាណឺម៉ាក ខុសគ្នា១.៥លានអឺរ៉ូ
អេស្ប៉ាញ និងដាណឺម៉ាក សុទ្ធតែធ្លាក់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា ហើយការឈានមកវគ្គនេះ ពួកគេទទួលបានប្រាក់រង្វាន់បន្ថែម ៥លានអឺរ៉ូ។ សរុបអេស្ប៉ាញ បាន២២.៥លានអឺរ៉ូ ខណៈដាណឺម៉ាក បាន២១លានអឺរ៉ូ។ ការខុសគ្នានេះ ដោយសារតែដាណឺម៉ាកឈ្នះតែមួយប្រកួតប៉ុណ្ណោះក្នុងពូល ដោយបានប្រាក់រង្វាន់ត្រឹម១.៥លានអឺរ៉ូ ខណៈការប្រកួតក្នុងពូលរបស់អេស្ប៉ាញ ឈ្នះ១ និងស្មើ២ ដែលត្រូវទទួលប្រាក់រង្វាន់៣លានអឺរ៉ូ។
 



ក្រុមធ្លាក់នៅវគ្គ៨ក្រុមចុងក្រោយ
ការឈានដល់វគ្គ៨ក្រុមចុងក្រោយ នាំឲ្យបែលហ្ស៊ិក សាធារណរដ្ឋឆែក ស្វីស និងអ៊ុយក្រែន ទទួលបានប្រាក់រង្វាន់បន្ថែម ៣.២៥លានអឺរ៉ូ ប៉ុន្តែទឹកប្រាក់សរុបខុសគ្នាត្រង់លទ្ធផលរបស់ពួកគេនៅវគ្គជម្រុះតាមពូល។ បែលហ្ស៊ិកដែលឈ្នះទាំង៣ប្រកួតក្នុងពូល ហើយបន្តទៅវគ្គ៨ក្រុមចុងក្រោយ បានប្រាក់រង្វាន់សរុប១៩លានអឺរ៉ូ, ស្វីស និងឆែក បាន១៦.៧៥លានអឺរ៉ូដូចគ្នា ខណៈអ៊ុយក្រែន បាន១៦លានអឺរ៉ូ។
 



ក្រុមធ្លាក់នៅវគ្គ១៦ក្រុមចុងក្រោយ
ព័រទុយហ្គាល់ អូទ្រីស បារាំង ក្រូអាស៊ី ស៊ុយអែត អាល្លឺម៉ង់ ហូឡង់ និងវេលស៍ សុទ្ធតែទទួលបានប្រាក់រង្វាន់បន្ថែម២លានអឺរ៉ួ សម្រាប់ការឆ្លងចូលវគ្គ១៦ក្រុមចុងក្រោយ។ សរុបដោយផ្អែកលើលទ្ធផលនៅវគ្គជម្រុះតាមពូល ហូឡង់បាន១៥.៧៥លានអឺរ៉ូ, ស៊ុយអែត បាន១៥លានអឺរ៉ូ, អូទ្រីស និងបារាំង បាន១៤.២៥លានអឺរ៉ូ រៀងៗខ្លួន ខណៈព័រទុយហ្គាល់ ក្រូអាស៊ី អាល្លឺម៉ង់ និងវេលស៍ បាន១៣.៥លានអឺរ៉ូ។
 



ក្រុមធ្លាក់នៅវគ្គជម្រុះតាមពូល
ហ្វាំងឡង់ ស្លូវ៉ាគី រុស្ស៊ី និងហុងគ្រី បានប្រាក់រង្វាន់សរុប១០.៧៥លានអឺរ៉ូដូចគ្នា ដោយសារតែពួកគេ ទទួលបានជ័យជម្នះ១ប្រកួតនៅក្នុងពូលរៀងៗខ្លួន ខណៈប៉ូឡូញ និងស្កុតឡែន ដែលមានលទ្ធផលក្នុងពូល បានប្រាក់រង្វាន់សរុប១០លានអឺរ៉ូដូចគ្នា។  តួកគី និងម៉ាសេដ្វានខាងជើង ដែលចាញ់ទាំង៣ប្រកួតនៅក្នុងពូល ទទួលបានតែប្រាក់រង្វាន់បឋមចំនួន៩.២៥លានអឺរ៉ូ ប៉ុណ្ណោះ៕
 

Tag:
 Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com