ជាតិ
អ្នករិះគន់ ត្រូវមានហេតុផល ឯអ្នករងការរិះគន់ ត្រូវហ៊ានទទួលយក
13, Jul 2021 , 11:15 pm        
រូបភាព
បើអ្នក រិះគន់អ្នកដទៃឬរដ្ឋាភិបាល អ្នកមិនអាចចោលហេតុផលបានឡើយ ហើយការរិះគន់របស់អ្នកទៀតសោធ ត្រូវស្ថិតក្នុងន័យស្ថាបនា។ ឯអ្នកដែលត្រូវគេរិះគន់ ត្រូវមានចិត្តទូលាយ និងហ៊ានទទួលយកការពិត។



មនុស្ស កើតមក មានសិទ្ធិនិយាយស្តី ហើយបើរស់នៅក្នុងសង្គមប្រជាធិបតេយ្យទៀតនោះ មនុស្ស រឹតតែមានសិទ្ធិទូលំទំលាយក្នុងការនិយាយស្តី រហូតដល់អាចរិះគន់រដ្ឋាភិបាលផងដែរ ក្នុងករណីរដ្ឋាភិបាល ធ្វើអំពើមិនត្រឹមត្រូវ ឬមានភាពអសកម្ម។

យ៉ាងណាក៏ដោយ មិនមែនអាងថា មានសិទ្ធិ អ្នក គិតតែពីរិះគន់តាមអំពើចិតត្តនោះទេ។ អ្នក ត្រូវថ្លឹងថ្លែងជាមុនថា ការរិះគន់របស់អ្នក សមហេតុផលដែរឬទេ។ ម្យ៉ាងទៀត អ្នក មិនត្រូវភ្លេចឡើយថា ការរិះគន់របស់អ្នក ត្រូវតែស្ថិតក្នុងគោលបំណងដើម្បីស្ថាបនានិងកែលម្អ។

អ្នក ក៏ត្រូវសង្កេតមើលដែរថា កាលៈទេសៈណា គួររិះគន់ កាលៈទេសៈណា មិនគួររិះគន់។ ជាក់ស្តែង បច្ចុប្បន្ន កម្ពុជា កំពុងជួបភាពសោកសង្រេងដោយសារជំងឺកូវីដ-១៩ ដែលកាលៈទេសៈនេះ ការវាយប្រហារក្នុងរឿងនយោបាយ គួរតែត្រូវកាត់បន្ថយឬផ្អាកសិន។ តែគេ មិនបានឃើញ ការវាយប្រហារក្នុងរឿងនយោបាយនេះ ត្រូវបានកាត់បន្ថយឡើយ គឺស្ទើរតែខ្លាំងក្លាលើសដើមទៅវិញ។

មិនថា រិះគន់រដ្ឋាភិបាល ឬរិះគន់បុគ្គលធម្មតាទូទៅនោះទេ អ្នក មិនត្រូវរិះគន់ព្រោះតែគំនុំ ឬរិះគន់ព្រោះតែសម្អប់ឡើយ។ អ្នកខ្លះ ទោះរដ្ឋាភិបាល មានកំហុសប៉ុនប្រហោងម្ជុល ក៏មិនលើកលែងដែរ។ ការរិះគន់របៀបនេះ នឹងធ្វើឲ្យគេ យល់ថា អ្នក មិនមែនរិះគន់ដើម្បីស្ថាបនា ឬក្នុងចេតនាចង់ឲ្យប្រទេសរីកចម្រើនឡើយ តែផ្ទុយមកវិញ គេ អាចនឹងដឹងពីចេតនារបស់អ្នកថា អ្នករិះគន់រដ្ឋាភិបាល ព្រោះតែគំនុំឬសម្អប់។ ពេលនោះ ការរិះគន់របស់អ្នក នឹងសាប និងប្រែជាលែងមានន័យ ហើយគេ ក៏លែងចង់ស្តាប់។

អ្វីដែលសំខាន់មួយទៀតនោះ អ្នក ត្រូវប្រុងប្រយ័ត្ន ដោយមិនត្រូវឲ្យការរិះគន់របស់អ្នក ទៅហួសព្រំដែន រហូតដល់បំពានសិទ្ធិ ឬប៉ះពាល់កិត្តិយសរបស់អ្នកដទៃនោះទេ។ អ្នក អាចរងការចោទប្រកាន់ពីបទញុះញង់ ឬបទចោទណាមូយផ្សេងទៀត បើអាជ្ញាធរ ពិនិត្យមើលទៅឃើញថា ការរិះគន់របស់អ្នក ខុសការពិត មានលក្ខណៈញុះញង់ ឬឈានចូលក្នុងបទល្មើសណាមួយពិតមែន។

ចំណែក អ្នកដែលរងការរិះគន់វិញ មិនថាជារដ្ឋាភិបាលឬជាបុគ្គលធម្មតាទូទៅនោះទេ គឺត្រូវបើកចិត្តឲ្យទូលាយ និងហ៊ានទទួលយក បើការរិះគន់ណាមួយ គឺជាការពិត។ ក្នុងនាមជាអ្នកកាន់អំណាច តោងយល់ថា ទង្វើរបស់ខ្លួន តែងទើសភ្នែករបស់ប្រជាជនខ្លះ ជាពិសេសអ្នកប្រឆាំង ដោយមិនអាចប្រជាជនទូទាំងប្រទេស មើលឃើញរដ្ឋាភិបាលក្នុងផ្លូវល្អទាំងអស់ឡើយ។

ពេលខ្លះ រដ្ឋាភិបាល មើលខ្លួនឯងមិនឃើញសព្វគ្រប់នោះទេ ហើយអាចនឹងមើលរំលងកំហុសរបស់ខ្លួនក៏ថាបាន។ ដូចពាក្យមួយឃ្លាថា «មនុស្ស មើលឃើញកំហុសខ្លួនឯងបានដោយកម្រ»។ ក្នុងជួររដ្ឋាភិបាល ទោះជាមានមន្រ្តីខ្លះ មើលឃើញកំហុសរបស់រដ្ឋាភិបាលក៏ដោយ ក៏ពួកគេ ប្រហែលជាមិនហ៊ានចេញមកនិយាយការពិតដែរ។ ដូច្នេះ មានតែអ្នកក្រៅនេះហើយ ដែលជួយមើលពីភាពខ្វះខាតរបស់រដ្ឋាភិបាល។

តាមពិត អ្នករិះគន់ គឺជាកញ្ចក់សម្រាប់រដ្ឋាភិបាល ឆ្លុះបញ្ចាំងពីខ្លួនឯង។ ពេលមានការរិះគន់ រដ្ឋាភិបាល ត្រូវយកការរិះគន់នោះ ទៅពិចារណាថា ត្រឹមត្រូវនិងជាការពិតដែរឬទេ។ ជួនកាល អ្នកមានលុយមានអំណាច ប្រព្រឹត្តអំពើពុករលួយ កាប់ព្រៃឈើ និង រំលោភបំពានដីធ្លីរបស់ប្រជាជន ជាដើម ហើយរដ្ឋាភិបាល បែរជាខ្វះវិធានការទប់ស្កាត់ ឬពេលខ្លះ រដ្ឋាភិបាលខ្លួនឯង ប្រព្រឹត្តអំពើមិនត្រឹមត្រូវណាមួយ ទើបបង្កើតឲ្យមានការរិះគន់។

រដ្ឋាភិបាល មិនត្រឹមតែមិនគួរស្អប់ការរិះគន់នោះទេ តែគួរចាត់ទុកការរិះគន់ ជាធាតុចូលមួយ ដែលជួយឲ្យរដ្ឋាភិបាល អាចកែប្រែពីចំណុចខ្សោយ ទៅចំណុចខ្លាំង និងអាចបំពេញភាពខ្វះចន្លោះ ដើម្បីឲ្យប្រទេសកាន់តែមានភាពរីកចម្រើន។

គេ គួរយល់ពីសច្ចានុម័តថា គ្មានបុគ្គលណាម្នាក់ អាចគេចផុតពីការរិះគន់នោះទេ។ កុំថាឡើយជាបុថុជ្ជនធម្មតា សូម្បីតែព្រះពុទ្ធ ព្រះយេស៊ូ ព្រះមហាម៉ាត់ និង ព្រះក្នុងសាសនាផ្សេងទៀត ដែលមនុស្សលោក ចាត់ទុកជាបុគ្គលបរិសុទ្ធ និងនាំគ្នាគោរពបូជា ក៏គង់រងការរិះគន់ដែរ។

ការរិះគន់ ដែលសមហេតុផល និងត្រូវចំកន្លែង ដែលគួរតែរិះគន់ គឺអាចកែលម្អសង្គមបាន។ តែការរិះគន់ ដើម្បីតែជាន់បន្លិច ឬការរិះគន់ ដើម្បីគ្រាន់តែចង់ឲ្យអស់ចិត្តនោះ គឺមិនត្រឹមតែមិនបានជួយកែលម្អនោះទេ ថែមទាំងអាចបង្កវិទ្ធង្សនាដល់សង្គមទៀតផង។

ការប្រើវោហារសាស្រ្តវាយប្រហារគ្នារវាងអ្នកកាន់អំណាច និង អ្នកប្រឆាំង អាចធ្វើឲ្យកើតមានការប្រទាំងប្រទើសគ្នានៅក្នុងសង្គម។ មិនត្រឹមតែប៉ុណ្ណឹងទេ អ្នកគាំទ្រខាងអ្នកកាន់អំណាច និងអ្នកគាំទ្រខាងអ្នកប្រឆាំង ក៏ប្រទាំងប្រទើសគ្នាដែរ ព្រោះតែចង់ការពារភាគីដែលខ្លួនគាំទ្រ។

ដូច្នេះ វា ជារឿងដ៏សំខាន់ ដែលអ្នកកាន់អំណាចនិងអ្នកប្រឆាំង ត្រូវចេះធ្វើសម្បទានឲ្យគ្នាទៅវិញទៅមក ដើម្បីសង្គមមានភាពចុះសម្រុងនឹងគ្នា។ ការធ្វើសម្បទានឲ្យគ្នាទៅវិញទៅមក គឺមានន័យថា អ្នកប្រឆាំង មិនត្រូវគិតតែពីការរិះគន់ ទាំងដែលរដ្ឋាភិបាលមិនខុសឬខុសតិចតួចបំផុតនោះទេ ហើយរដ្ឋាភិបាល ដែលជាតួអង្គកាន់អំណាច ក៏មិនត្រូវគិតតែពីចាប់អ្នករិះគន់ឬអ្នកប្រឆាំងដាក់គុកដែរ ទាំងដែលពេលខ្លះ ការរិះគន់នោះ ជាការពិត៕

Tag:
 គំនិតពិចារណា
  ការរិះគន់
© រក្សាសិទ្ធិដោយ thmeythmey.com