ជាតិ
កម្ពុជា ផ្អាក​ការចេញចូល​តាម​ព្រំដែនរបស់​កម្ម​ករ​​ និង​អ្នកបច្ចេកទេស​ក្រុមហ៊ុន​វៀតណាម​
14, Jul 2021 , 10:31 am        
រូបភាព
រដ្ឋាភិបាលកម្ពុជា ​បានសម្រេច​ផ្អាក​បណ្តោះអាសន្ន ​ការធ្វើដំណើរ​ចេញ​-​ចូល​ឆ្លងកាត់​ព្រំដែន​កម្ពុជា​-​វៀតណាម របស់​កម្មករ​ជំនាញ អ្នកបច្ចេកទេស បុគ្គលិក​ក្រុម​វៀតណាម រយៈពេល​១​ខែ​ ដើម្បីទប់ស្កាតល់ការឆ្លងរាលដាលនៃជំងឺកូវិដ-១៩។ ការផ្អាក​ការចេញ​-​ចូល​នេះ ចាប់ផ្តើម​ពីថ្ងៃ​ទី​១៨ ខែកក្កដា​តទៅ​។ នេះ​បើតាម​លិខិត​របស់​ក្រសួងការបរទេស​កម្ពុ​ជា ប្រាប់ទៅ​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​វៀតណាម ចុះថ្ងៃទី១៣កក្កដា​។

 
យ៉ាងណាក៏ដោយ ការ​ផ្អាកការចេញចូលតាមព្រំដែននេះត្រូវលើកលែង​ចំពោះ​ការធ្វើដំណើរ​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម អ្នកកា​ទូត មន្ត្រីរាជការ​ដែលមាន​បេសកកម្ម​តាម​ការអញ្ជើញ​របស់​អា​ជ្ញា​ធរ​នៃ​ប្រទេស​ទាង​២ រួមទាំង​និស្សិត សិក្ខាកាម ដែល​បានបញ្ចប់​វគ្គ​សិក្សា ឬ​ករណី​មានការ​អនុញ្ញាត​ពិសេស​ពី​រាជរដ្ឋាភិបាល។ ​
 
លិខិតដដែល បញ្ជាក់ទៀតថា ​ចំពោះ​បុគ្គលិក និង​កម្មករ​ជំនាញ​របស់​ក្រុមហ៊ុន​វៀតណាមដែល​ចូលមក​កម្ពុជា​រួចហើយ ទាំង​អ្នក​ដែល​​ធ្វើ​ច​ត្តា​ឡី​ស័ក​រួច និង​អ្នក​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក មិន​អនុញ្ញាតឱ្យ​ត្រឡប់​ទៅ​វៀតណាម​វិញ​ឡើយ ក្នុង​ពេល​​ផ្អាក​ការចេញ​-​ចូល​បណ្តោះអាសន្ន​នេះ​។ ក្រសួងការបរទេស​ក​ម្ពុ​ជា ក៏បាន​ប្រាប់​ឱ្យ​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​វៀតណាម សហការ​ជាមួយ​អាជ្ញាធរ​វៀតណាម ក្នុងការ​សម្របសមរួល​កិច្ចដំណើរការ​នៃ​ការដឹកជញ្ជូន​ទំនិញ​ចេញ​- ចូល​នានា ដោយ​អនុវត្ត​វិធានការ​សុខាភិបាល ឱ្យបាន​ម៉ឹង​មាត់​ផងដែរ​៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com