កីឡាអន្តរជាតិ
អន្តរជាតិ
UEFA បើកការស៊ើបអង្កេតជុំវិញភាពរញ៉េរញ៉ៃនាវគ្គផ្តាច់ព្រ័ត្រ Euro 2020 នៅ Wembley
14, Jul 2021 , 1:59 pm        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) បើកការស៊ើបអង្កេតលើអ្នកគាំទ្រអង់គ្លេសដែលរំលោភលើសន្តិសុខដើម្បីចូលក្នុងកីឡដ្ឋាន Wembley នៅវគ្គផ្តាច់ព្រ័ត្រ Euro 2020។
អ្នកគាំទ្របានប៉ះទង្គិចជាមួយក្រុមសន្តិសុខ និងប៉ូលិស ដើម្បីសម្រុកចូលទីលាន ក្នុងជំនួបដែលអង់គ្លេសចាញ់អ៊ីតាលីដោយបាល់ប៉េណាល់ទី ៣-២។ ក្រុមសុន្តិសុខអះអាងថា ពួកគេមិនដែលជួបប្រទះករណីអាណាធិបតេយ្យដូច្នេះនៅលើទឹកដីអង់គ្លេសពីមុនមកទេ។


ចំពោះករណីនេះ លោក Mark Bullingham នាយកប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់អង់គ្លេស (FA) បានសុំអភ័យទោសចំពោះអ្នកគាំទ្រស្របច្បាប់ តែនឹងដាក់ពិន័យអ្នកបង្កបញ្ហាមិនឱ្យរួចខ្លួនឡើយ។
 
ដោយសារភាពរញ៉េរញ៉ៃអំឡុងពេលការប្រកួតជើងឯកអឺរ៉ុបរបស់អ្នកគាំទ្រអង់គ្លេស FA ត្រូវរងការចោទប្រកាន់ចំនួន៤ករណី ដែលទាក់ទងនឹងការរំខានអំឡុងពេលគោរភ្លេងជាតិ បាញ់ពន្លឺឡាស៊ែរលើមុខអ្នកចាំទីដាណឺម៉ាក Kasper Schmeichel ដុតកាំជ្រួច និងការលុកលុយរបស់អ្នកគាំទ្រក្នុងកីឡដ្ឋាន។
 
បន្ថែមពីលើនេះ UEFA អះអាងថា ក្រុមការងារសីលធម៌ និងវិន័យត្រូវបានចាត់តាំងឱ្យស៊ើបអង្កេតវិន័យលើព្រឹត្តិការណ៍នានាដែលពាក់ព័ន្ធនឹងអ្នកគាំទ្រដែលបានកើតឡើងនៅខាងក្នុងនិងជុំវិញកីឡដ្ឋាន Wembley។
 
ដោយឡែក FA ក៏នឹងដាក់ពិន័យអ្នកគាំទ្រដែលស្រវឹងជាច្រើននាក់ ហើយព្យាយាមសម្រុកចូល Wembley ដោយគ្មានសំបុត្រ។ ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់អង់គ្លេស នឹងធ្វើការជាមួយប៉ូលីសដើម្បីហាមឃាត់អ្នកទាំងនោះនៅព្រឹត្តិការណ៍ក្រោយៗ។
 
Downing Street បានធ្វើការរិះគន់ចំពោះអ្នកដែលសម្រុកចូលកីឡដ្ឋានដោយគ្មានសំបុត្រ។
អ្នកនាំពាក្យផ្លូវការរបស់លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា“ ឈុតឆាកទាំងនោះមិនអាចទទួលយកបានទេហើយយើងថ្កោលទោសចំពោះអំពើហឹង្សាឥរិយាបទប្រឆាំងនឹងសង្គមនិងការរំលោភបំពានក្នុងន័យដែលអាចធ្វើទៅបាន” ។
 
FA ត្រូវបាន UEFA ពិន័យចំនួន៣ម៉ឺនអឺរ៉ូ (ជាង៣៥០០០ដុល្លារ) រួចមកហើយទាក់ទងនឹងទង្វើមិនគប្បីចំនួន៣ចំណុចដែលក្រុមអ្នកគាំទ្របង្ករឡើងនាជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Euro 2020 ជាមួយដាណឺម៉ាក៕
 

Tag:
 UEFA
  Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com