កីឡាអន្តរជាតិ
អន្តរជាតិ
Neymar មិនអាចជួបជុំមិត្តចាស់ ខណៈ PSG បោះបង់ការចង់បាន Messi
14, Jul 2021 , 5:59 pm        
រូបភាព
ដោយ៖ជា យូគៀង

ក្លិបអ្នកមានបារាំង Paris Saint Germain ត្រូវបានរាយការណ៍ថា បានបោះបង់ចោលការចុះត្រាយកតារាឆ្នើមសញ្ជាតិអាហ្សង់ទីនវ័យ ៣៤ឆ្នាំ Lionel Messi ខណៈពួកគេត្រូវមើលឃើញថា បានបរាជ័យក្នុងការបញ្ចុះបញ្ចូលរូបគេមកកាន់ទឹកដីទីក្រុងប៉ារីសដើម្បីចូលរួមជាមួយមិត្តចាស់ Neymar។

 

 
ក្លិបដែលមានទីតាំងនាទីក្រុងប៉ារីសមួយនេះ មិនបានលាក់បាំងពីបំណងចង់បាន Messi ចាប់តាំងពី Messi ជិតផុតកុងត្រាជាមួយក្លិប Barcelona មកម៉្លេះ។ សូម្បីតែកីឡាករឆ្នើម Neymar ក៏ធ្លាប់បាននិយាយថា ចង់លេងជាមួយអតីតមិត្តចាស់របស់គេម្នាក់នេះដែរ។
 
យ៉ាងណាមិញ PSG ហាក់អស់ការប្រឹងប្រែងទៅហើយ។ កាសែត Le Parisien ក៏បានរាយការណ៍ថា ក្នុងពេលដ៏ឆាប់ខាងមុខ រឿងមួយដ៏ល្អកើតឡើងសម្រាប់អ្នកគាំទ្រក្រុម Barca ដោយ Messi នឹងចុះកុងត្រាជាមួយក្លិបសារជាថ្មី។ ចំណែកប្រធានក្លិបអ្នកមានបុណ្យ លោក Joan Laporta ដែលចង់ឱ្យ Messi បន្តលេងនៅ Camp Nou និយាយថា ការចរចារឿងកិច្ចសន្យាជាមួយ Messi មានដំណើររលូន។


 
Messi ដែលមានវ័យ ៣៤ឆ្នាំ បានផុតកុងត្រាជាមួយក្លិបអ្នកមានបុណ្យរយៈពេល២សប្តាហ៍រួចហើយ។ បច្ចុប្បន្ន រូបគេ ទំនងជាមិនទាន់បាត់សប្បាយផង ក្រោយជួយក្រុមជម្រើសជាតិអាហ្សង់ទីនឈ្នះពានរង្វាន់ Copa America ។ ពេលនេះ Messi ក៏កំពុងតែសម្រាកលំហែកាយ និងអបអរការឈ្នះពានរង្វាន់អន្តជាតិជាលើកដំបូងក្នុងអាជីព។
 
អ្វីគួរចាប់អារម្មណ៍នោះ ក្រោយពីបានបញ្ចប់ការប្រកួត Copa America វគ្គផ្តាច់ព្រ័ត្ររវាងប្រេស៊ីល និងអាហ្សង់ទីនរួចមក គេឃើញថា ទំនាក់ទំនងល្អរវាង Messi និង Neymar ដែល បានបង្ហាញយ៉ាងច្បាស់ពីអ្វីដែលអ្នកគាំទ្រគ្រប់គ្នាចង់ឃើញបំផុត ប៉ុន្តែ ពួកគេទាំង២នឹងមិនអាចពាក់អាវដូចគ្នាក្នុងក្រុមតែមួយបានទៀតឡើយក្នុងពេលខាងមុខ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com