ជាតិ
សង្គមជាតិ
កម្ពុជា ប្រឈមការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមអ៊ីនធឺណិត ដែលទាមទារឲ្យដោះស្រាយជាបន្ទាន់
14, Jul 2021 , 7:59 pm        
រូបភាព
លោក វង សូត ថ្លែងក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តផែនការទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអ៊ីនធឺណិត។ រូបពីទំព័រហ្វេសប៊ុករបស់លោក វង សូត។
លោក វង សូត ថ្លែងក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តផែនការទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអ៊ីនធឺណិត។ រូបពីទំព័រហ្វេសប៊ុករបស់លោក វង សូត។
ដូចទៅនឹងបណ្តាប្រទេសលើសាកលលោកដែរ កម្ពុជា កំពុងជួបប្រទះបញ្ហាថ្មីមួយ គឺការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទកុមារតាមប្រព័ន្ធអនឡានឬប្រព័ន្ធអ៊ីនធឺណិត។ រដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការទប់ស្កាត់ជាបន្ទាន់ ដើម្បីកុំឲ្យបញ្ហានេះធ្ងន់ធ្ងរទាន់។


នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកម្ពុជា បានប្រកាសដាក់ចេញផែនការទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ដោយផែនការនេះ ត្រូវអនុវត្តរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥។ ពិធីប្រកាសផែនការនេះ គឺធ្វើឡើងតាមប្រព័ន្ធអនឡាញ ដោយមានសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចូលរួមធ្វើជាអធិបតី រួមទាំងតំណាងក្រសួង-ស្ថាប័នជាតិ តំណាងស្ថានទូតបរទេសប្រចាំកម្ពុជា និង តំណាងអង្គការក្រៅរដ្ឋាភិបាលនានា។ 
 
លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ថ្លែងក្នុងពិធីខាងលើថា ការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអ៊ីនធឺណិត គឺជាទម្រង់នៃការកេងប្រវ័ញ្ចផ្លូវភេទកុមារ ដែលកំពុងកើតមានលើប្រព័ន្ធអ៊ីនធឺណិត ដូចជា តាមរយៈគេហទំព័រ (Website) ប្រព័ន្ធផ្សព្វផ្សាយសង្គម (Social Media) និង កម្មវិធីទូរសព័្ទដៃវៃឆ្លាត (Smart Phone)។ លោក អះអាងថា ល្បិចកលរបស់ជនល្មើស ក្នុងការរំលោភបំពានផ្លូវភេទកុមារតាមប្រព័ន្ធអ៊ីនធឺណិត កាន់តែមានភាពស្មុគស្មាញ និងកាន់តែអាក្រក់ៗទៅ ដែលទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធ ចាំបាច់រួមគ្នាដោះស្រាយឲ្យមានប្រសិទ្ធភាព។ 
 
ប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមាររូបនេះ មានប្រសាសន៍ថា៖«នៅកម្ពុជា ស្របពេលបច្ចេកវិទ្យា កាន់តែរីកចម្រើន និងការប្រើទូរស័ព្ទដៃវៃឆ្លាត មានការពេញនិយមនោះ ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអ៊ីនធឺណិត បានក្លាយជាក្តីបារម្ភថ្មីមួយទៀត ដែលទាមទារឲ្យភាគីពាក់ព័ន្ធ ចាំបាច់ត្រូវធ្វើការរួមគ្នា ដើម្បីទប់ស្កាត់ការរំលោភបំពាននេះ»។
 
លោក វង សូត បន្តថា កុមារ ដែលរងគ្រោះពីការកេងប្រវ័ញ្ចផ្លូវភេទ ត្រូវតែទទួលបានយុត្តិធម៌។ លោក យល់ថា ការទទួលបានយុត្តិធម៌ គឺជាផ្នែកមួយ ក្នុងការស្តារនីតិសម្បទាកុមារ ដែលរងគ្រោះពីការកេងប្រវ័ញ្ចផ្លូវភេទ ឲ្យឆាប់ជាសះស្បើយទាំងផ្លូវកាយទាំងផ្លូវចិត្ត។  
 
ជាមួយគ្នានេះ លោក បានលើកឡើងពីគុណសម្បត្តិខ្លះៗរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការការពារកុមារ។ លោក រំលេចថា រដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកខ្ពស់ក្នុងការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ និងច្បាប់អន្តរជាតិនានាពាក់ព័ន្ធនឹងកិច្ចការពារកុមារ ដើម្បីឲ្យកុមារកម្ពុជា អាចរស់នៅក្នុងសន្តិភាព សេរីភាព និង ការអភិវឌ្ឍ។ លោក បន្ថែមថា រដ្ឋាភិបាលកម្ពុជា ថែមទាំងបានដាក់ចេញវិធានការជាច្រើន រួមមាន ច្បាប់ គោលនយោបាយ យុទ្ធសាស្រ្ត និងលិខិតបទដ្ឋានគតិយុត្តិ ដើម្បីធានាដល់កិច្ចការពារកុមារឲ្យកាន់តែប្រសើរឡើង។
 
លោករដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានប្រកាសស្វាគមន៍កិច្ចសហការជាមួយគ្រប់ក្រសួង-ស្ថាប័ន រួមទាំងអង្គការជាតិ-អន្តរជាតិ ដើម្បីរួមគ្នាបញ្ចប់អំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ។ 
 
ចំណែក សម្តេច ស ខេង បានស្នើឲ្យគ្រប់ក្រសួង-ស្ថាប័ន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បញ្ចូលផែនការទប់ស្កាត់ការរំលោភបំពានកុមារតាមប្រព័ន្ធអនឡាញ ទៅក្នុងផែនការប្រតិបត្តិរបស់ស្ថាប័នរៀងៗខ្លួន។ សម្តេច សង្កត់ធ្ងន់ថា៖«នេះជាកិច្ចការសំខាន់ណាស់ ដែលបញ្ជាក់ពីការគាំទ្រនិងការចូលរួមគ្រប់ស្ថាប័ន»។ 
 
សម្តេចរដ្ឋមន្រ្តី ផ្តល់អនុសាសន៍ឲ្យស្ថាប័នពាក់ព័ន្ធ ពង្រឹងប្រព័ន្ធរាយការណ៍ទាន់ហេតុការណ៍ និងយន្តការឆ្លើយតបឲ្យទាន់ពេលវេលា ចំពោះករណីរំលោភបំពានកុមារតាមប្រព័ន្ធអ៊ីនធឺណិត ហើយត្រូវដោះស្រាយករណីកុមារឲ្យទាន់ពេលវេលា ទោះកុមារ ស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។ រដ្ឋមន្រ្តីមហាផ្ទៃ នៅផ្តល់អនុសាសន៍ថែមទៀត ឲ្យស្ថាប័នពាក់ព័ន្ធ ពង្រឹងធនធានមន្រ្តី ដែលទទួលបន្ទុកផ្នែកសង្គមកិច្ច ដើម្បីគាំពារកុមារឲ្យដល់សហគមន៍ ពិសេសយកចិត្តទុកដាក់លើកុមាររងគ្រោះ កុមារងាយរងគ្រោះ កុមារត្រូវគេបោះបង់ចោល កុមាររងអំពើហិង្សា និង កុមារដែលរងការកេងប្រវ័ញ្ចគ្រប់រូបភាព។  
 
អនុសាសន៍សំខាន់មួយទៀតរបស់រដ្ឋមន្រ្តីមហាផ្ទៃ គឺជំរុញឲ្យស្ថាប័នពាក់ព័ន្ធ លើកកម្ពស់ការយល់ដឹងដល់មាតាបិតារបស់កុមារ និងអ្នកឃុំគ្រងកុមារ អំពីគ្រោះថ្នាក់នៃការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត និងរបៀបបង្ការគ្រោះថ្នាក់នៃការប្រើប្រាស់អ៊ីនធឺណិត។ 
 
ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បង្ហោះព័ត៌មានលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ក្នុង១ឆ្នាំៗ សមត្ថកិច្ច ទទួលបានសេចក្តីរាយការណ៍ជាមធ្យមជាង១៥០ករណី ដែលសង្ស័យជាករណីលួងលោមកុមារតាមប្រព័ន្ធអនឡាញ ការចែកចាយរូបភាពអាសអាភាស និង ការគំរាមខាងផ្លូវភេទ ជាដើម។ បើតាមក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ សមត្ថកិច្ច ទទួលបានសេចក្តីរាយការណ៍ទាំងនោះ ពីសាធារណជនដោយផ្ទាល់ផង និងតាមប្រព័ន្ធរាយការណ៍ទាន់ហេតុការណ៍ផង (Hotline)។ 
 
ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ សរសេរថា កម្ពុជា កំពុងយកចិត្តទុកដាក់ និងរួមកម្លាំងគ្នា ដើម្បីបង្ការ ទប់ស្កាត់ និង ឆ្លើយតបប្រកបដោយប្រសិទ្ធភាពលើការរំលោភបំពានផ្លូវភេទលើកុមារ៕ 
 
 

Tag:
 កុមារ
© រក្សាសិទ្ធិដោយ thmeythmey.com