ជាតិ
អ្នករត់តាក់ស៊ី កាន់តែខ្សត់ភ្ញៀវ ដោយសារករណីឆ្លងកូវីដ-១៩ តាមខេត្តច្រើន
14, Jul 2021 , 8:29 pm        
រូបភាព
ចំណតឡានដឹកអ្នកដំណើរ។ (រូបតំណាង)
ចំណតឡានដឹកអ្នកដំណើរ។ (រូបតំណាង)
ភ្នំពេញ៖ អ្នករត់តាក់ស៊ីកាន់តែខ្សត់ភ្ញៀវ ដោយសារការរីករាលដាលកូវីដ-១៩ ក្នុងសហគមន៍ និងតាមបណ្ដាខេត្ត។ សព្វថ្ងៃនេះ ពួកគេបង្វែរពីការដឹកអ្នកដំណើរ ទៅដឹកអីវ៉ាន់ផ្ញើចេញ-ចូលតាមខេត្ត ដើម្បីបានចំណូលដោះស្រាយបញ្ហាបំណុល។


ជាអ្នកប្រកបរបររត់តាក់ស៊ីជាង៥ឆ្នាំហើយ លោក ជា បូរិន ត្រូវប្រឈមមុខនឹងបញ្ហាចំណូលជាខ្លាំង ដោយសារពលរដ្ឋមិនសូវហ៊ានធ្វើដំណើរឆ្លងខេត្តដូចមុន ចាប់តាំងពីមានព្រឹត្តិការណ៍ផ្ទុះកូវីដ-១៩ សហគមន៍២០ កុម្ភៈមក ។ បើតាមលោក បូរិន ពេញមួយសប្ដាហ៍នេះ លោកទើបមានភ្ញៀវ៣នាក់ និងអីវ៉ាន់ខ្លះ ដឹកទៅខេត្តប៉ៃលិនប៉ុណ្ណោះ។
 
ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ អ្នករត់ឡានឈ្នួលពីភ្នំពេញទៅប៉ៃលិនរូបននេះ បានរៀបរាប់ដូច្នេះថា៖«មួយអាទិត្យ ទៅកន្លះខែបានចេញឡានម្ដង ព្រោះគ្មានអីដឹក។ ក្រុមគ្នាខ្ញុំជាង៧០ឡាន ខ្លះគេនាំសម្រាកមួយរយៈសិន ខ្លះចេះតែខំរកដឹកអីវ៉ាន់បន្ថែម ដើម្បីបានលុយបង់ធនាគារ។ ខ្ញុំឥឡូវខំដើរទាក់ទងរកអីវ៉ាន់ដឹងផង ដឹកភ្ញៀវផង ដើម្បីរួចថ្លៃចាក់ហ្គាស និងសល់លុយបង់ធនាគារ»។ 
 
ដោយសារបញ្ហាខ្សត់អ្នកធ្វើដំណើរពីភ្នំពេញ-ប៉ៃលិននេះហើយ ទើបធ្វើឱ្យលោក បូរិន សុំឡើងថ្លៃពីអ្នកធ្វើដំណើរក្នុងម្នាក់១០ម៉ឺនរៀល ដែលខុសពីមុន ត្រឹមតែ៥ម៉ឺនរៀលប៉ុណ្ណោះ។ «កាលអំឡុងបិទខ្ទប់ ខ្ញុំក៏ផ្អាកមួយរយៈដែរ ហើយខ្ញុំបន្តរត់តាក់ស៊ីវិញ ពេលរដ្ឋាភិបាលប្រកាសបើកឲ្យធ្វើដំណើរចេញចូលវិញ។ ឥឡូវខ្ញុំមិនហ៊ានឈប់ទេ ព្រោះត្រូវបង់ធនាគារជិត៣០០ដុល្លារក្នុងមួយខែជាប្រចាំ ចង់ប្រឈមការឆ្លងកូវីដ-១៩យ៉ាងណាក៏មិនដឹងថាត្រូវឈប់យ៉ាងម៉េចដែរ ទាល់រដ្ឋប្រកាសបិទខ្ទប់ទៀត ទើបបានផ្អាក»។ នេះជាការបញ្ជាក់របស់អ្នកបើកតាក់ស៊ីជាង៥ឆ្នាំ ដែលបានអះអាងថា ខ្លួនបានចាក់វ៉ាកសាំងកូវីដ-១៩ហើយ រួមទាំងឧស្សាហ៍ធ្វើតេស្តសំណាកទៀតផង ខណៈអាជ្ញាធរខេត្តប៉ៃលិន តម្រូវឲ្យក្រុមអ្នករត់តាក់ស៊ី ពិនិត្យឬតេស្តរកកូវីដ-១៩ រាល់២សប្ដាហ៍ម្ដង។ 
 
ចំណែកអ្នករត់តាក់ស៊ី ភ្នំពេញ-បាត់ដំបងឯណេះវិញ ក៏ត្អូញត្អែរពីផលប៉ះពាល់ដល់កម្រិតជីវភាពដែរ។ ដ្បិតមិនសូវមានភ្ញៀវដឹក តែលោក សុខ សោភ័ណ្ឌ និងក្រុមរបស់លោក ទទួលបានអីវ៉ាន់ផ្ញើចេញចូលតាមខេត្តច្រើនជាងមុន គ្រាន់ទប់ទល់នឹងការចំណាយ និងបំណុល។ 
 
«តម្លៃយើងមិនឡើងទេ ព្រោះខាងក្រុមខ្ញុំនេះ រក្សាតម្លៃនៅដដែល ព្រោះមានអីវ៉ាន់ដឹកច្រើនដែរ អាចទប់ទល់បាន ដោយក្នុងម្នាក់តម្លៃ៥ទៅ៨ម៉ឺនរៀល។ ខ្ញុំរត់ដឹកភ្ញៀវរាល់ថ្ងៃអត់ឈប់សម្រាកទេ ខ្លាចគ្មានលុយបង់ធានាគារ។ រាល់ថ្ងៃស្រវេស្រវាមានអីដឹកហ្នឹង អីវ៉ាន់ដឹកទាំងអស់ឲ្យតែគេហៅដឹក»។ នេះបើតាមការលើកឡើងរបស់លោក សោភ័ណ្ឌ។ 
 
ជុំវិញបញ្ហានេះ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ស្នើឲ្យរដ្ឋដោះស្រាយដល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ។ ជាពិសេសពន្លឿនការចាក់វ៉ាក់សាំងកូវីដ-១៩បន្ថែមទៀត ដើម្បីឲ្យចរន្តសេដ្ឋកិច្ចក្នុងស្រុក ប្រសើរឡើងវិញ។ 
 
មេសហជីពរូបនេះ ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា៖ «រដ្ឋក៏ត្រូវពិនិត្យលើវិស័យកសិកម្ម ពិសេសស្ដារប្រព័ន្ធធារាសស្រ្តសម្រាប់ជួយដល់កសិករ ក៏ដូចជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមួយចំនួនដែលកំពុងសម្រាកពីមុខរបរផងដែរ។ ក្រៅពីនេះ ចុះសិក្សាលើស្ថានភាពអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ ដើម្បីជួយ និងសិក្សាបន្ថែមសម្រាប់ដោះស្រាយដល់ពួកគេ»។ 
 


លោក ជា បូរិន អ្នករត់តាក់ស៊ី ប៉ៃលិន-ភ្នំពេញ (រូបពីទំព័រហ្វេសប៊ុករបស់លោក បូរិន)

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានបញ្ជាក់ថា រដ្ឋមានគោលការណ៍ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធច្រើន ដោយចាត់ពួកគេចូលក្នុងលក្ខខណ្ឌពលរដ្ឋទូទៅ ដែលកំពុងរងគ្រោះដោយវិបត្តិកូវីដ-១៩។ លោកថា ប្រសិនបើពួកគេខ្វះខាត អាចទៅជួបអាជ្ញាធរមូលដ្ឋាន ឲ្យពិនិត្យឬវាយតម្លៃស្ថានភាពគ្រួសារ ដើម្បីទទួលបានបណ្ណសមធម៌ ឬប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល។ 
 
អ្នកនាំពាក្យរូបនេះ បកស្រាយយ៉ាងដូច្នេះថា៖ «គាត់(អ្នកប្រកបរបរក្រៅប្រព័ន្ធ)ជាពលរដ្ឋទូទៅ ពេលគាត់រកស៊ីមានបានបង់ពន្ធអីណា ហើយកម្មកររោងចក្រអី គេមានបង់ពន្ធ ហើយពេលគេមានបញ្ហាគេមានលុយប្រើប្រាក់សន្សំរបស់គេ។ គាត់រកស៊ីអត់បានគាត់មានឡាន មានផ្ទះ, ដូច្នេះ អ្នកវិនិច្ឆ័យជាអាជ្ញាធរមូលដ្ឋាន ដើម្បីជួយអ្នករងគ្រោះពិតប្រាកដ ដោយទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋ»។ 
 
ចំណែកបញ្ហាបំណុលវិញ អ្នកនាំពាក្យរូបនេះ ក៏បានរុញឲ្យអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទៅស្នើសុំខាងធនាគារ ពន្យារឬដោះស្រាយដោយខ្លួនឯង ព្រោះគ្រឹះស្ថានហិរញ្ញវត្ថុមានគោលការណ៍ជួយដល់ពលរដ្ឋរងគ្រោះ។
 
កន្លងមកខាងធនាគារ ឬគ្រឺះស្ថានហិរញ្ញវត្ថុ ក៏បានដាក់ចេញគោលការណ៍រៀបចំឥណទានឡើងវិញ ដើម្បីដោះស្រាយបញ្ហាពលរដ្ឋក្នុងវិបត្តិកូវីដ-១៩ដែរ។
 
បច្ចុប្បន្នកម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុបជាង៦ម៉ឺននាក់ ក្នុងនោះជាង ៥ ពាន់នាក់ ជាករណីនាំចូល។ អ្នកជាសះស្បើយមានជាង៥,៤ម៉ឺននាក់ និងស្លាប់សរុបជិត១ពាន់នាក់៕
 

Tag:
 សង្គម
  តាក់ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com