អន្តរជាតិ
ថៃ បើកកោះទេសចរណ៍បីទៀតទទួលអ្នកចាក់វ៉ាក់សាំងរួច
15, Jul 2021 , 7:29 pm        
រូបភាព
អ្នកដំណើរទៅដល់ព្រលានយន្តហោះភូកេតក្រោយថៃបើកទទួលទេសចរ។ រូបថត AFP
អ្នកដំណើរទៅដល់ព្រលានយន្តហោះភូកេតក្រោយថៃបើកទទួលទេសចរ។ រូបថត AFP
ថៃ សម្រេចបើកកោះទេសចរណ៍ចំនួនបីទៀតដើម្បីទទួលភ្ញៀវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួចរាល់នៅថ្ងៃទី១៥ ខែកក្កដា បើទោះជាករណីឆ្លងក្នុងប្រទេសនៅតែធ្ងន់ធ្ងរក្ដី។ ការបើកតំបន់ទេសចរណ៍ស្វាគមន៍អ្នកដំណើរឡើងវិញ ជាការស្ដារឡើងវិញវិស័យទេសចរណ៍ដែលជាប្រភពចំណូលដ៏សំខាន់របស់រដ្ឋអាស៊ីអាគ្នេយន៍នេះ។

 
បន្ទាប់ពីបើកកោះភូកេតទទួលភ្ញៀវទេសចរណ៍នៅដើមខែកក្កដានេះ ថៃបន្តបើកកោះសាមុយ ផាងាន និងតៅ ដែលសុទ្ធសឹងជាកោះទេសចរណ៍មានប្រជាប្រិយភាព។ ដោយសារការរាលដាលជំងឺកូវីដ-១៩ វិស័យទេសចរណ៍ថៃ រងផលប៉ះពាល់យ៉ាងខ្លាំងដែលគំរាមកំហែងការរស់នៅរបស់ប្រជាជនដែលពឹងអាស្រ័យវិស័យនេះ។
 
ក្រោមគម្រោងថ្មី ភ្ញៀវទេសចរ ត្រូវស្នាក់នៅសណ្ឋាគារដែលបានកំណត់លើកោះសាមុយចំនួនបីថ្ងៃសិន ទើបអាចធ្វើដំណើរបន្តទៀតបាន។ បើចង់ទៅកោះផាងាន និងតៅ ពួកគេត្រូវមានលទ្ធផលតេស្តអវិជ្ជមានជំងឺកូវីដ-១៩ ក្រោយស្នាក់នៅកោះសាមុយបានមួយសប្ដាហ៍។ 
 
យ៉ាងណាមិញ អាជ្ញាធរ និងសមាគមទេសចរណ៍ប្រចាំតំបន់ មិនទាន់ដាក់ក្ដីសង្ឃឹមខ្លាំងលើគម្រោងនេះឡើយ ដោយចាត់ទុកជាការបើកសាកល្បងសិនប៉ុណ្ណោះ។ លោក Ratchaporn Poolsawadee ប្រធានសមាគមទេសចរណ៍កោះសាមុយ អះអាងថា ៧៥ភាគរយនៃប្រជាជនលើកោះទាំងបី ទទួលបានវ៉ាក់សាំងពេញលេញហើយ។ លោក ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា បន្ទាប់ពីអ្នកទេសចរមានយល់ដឹងច្រើន បទបញ្ញត្តិខ្លះអាចត្រូវបន្ធូរបន្ថយ។
 
វិស័យទេសចរណ៍ រួមចំណែកមួយភាគប្រាំក្នុងសេដ្ឋកិច្ចថៃ។ វិស័យដែលរកប្រាក់ចំណូលរាប់រយលានដុល្លារនាពេលកន្លមក កំពុងជួបវិបត្តិមិនធ្លាប់មានតាំងពីវិបត្តិហិរញ្ញវត្ថុឆ្នាំ១៩៩៧ មក។ មុនការរាលដាលជំងឺកូវីដ-១៩ កោះសាមុយអាចរកចំណូលជិតមួយពាន់លានដុល្លារឯណោះ តែឆ្នាំ២០២០ ចំណូលមានជិត៩០លានដុល្លារ។
 
យ៉ាងណាមិញ គម្រោងបើកតំបន់កម្សាន្តនេះ ក៏ត្រូវគ្របដណ្ដប់ដោយស្ថានភាពជំងឺកូវីដ-១៩ ក្នុងប្រទេស។ ករណីឆ្លងថ្មីភាគច្រើន បង្កដោយវីវុសបំប្លែងខ្លួនដែលតា ហើយដែលកំពុងរាលដាលខ្លាំង។ រាជធានីបាងកក និងខេត្តជុំវិញចំនួន៩ ត្រូវដាក់ក្រោមវិធានការបិទខ្ទប់ដើម្បីទប់ស្កាត់ការចម្លង។ នៅថ្ងៃទី១៥ ខែកក្កដា ថៃមានករណីឆ្លងប្រចាំថ្ងៃជិត៩២០០ករណី ដែលនាំឱ្យករណីសរុបឡើងដល់ជាង៣៧ម៉ឺននាក់ និងស្លាប់ជាង៣ពាន់នាក់៕ 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com