ជាតិ
សេដ្ឋកិច្ច
កូវីដ-១៩ ធ្វើឱ្យវិស័យអចលនទ្រព្យនៅកម្ពុជា កំពុងឈានដល់មាត់ជ្រោះនៃវិបត្តិ?
15, Jul 2021 , 7:59 pm        
រូបភាព
ភ្នំពេញ៖ ឥទ្ធិពលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ បានបង្ខំឱ្យម្ចាស់អចលនទ្រព្យជាច្រើន សម្រេចចិត្តលក់ផ្ទះ ភោជនីយដ្ឋាន ទីកន្លែងកម្សាន្ត ឬសណ្ឋាគាររបស់ខ្លួន ដើម្បីដោះស្រាយជីវភាព ឬបំណុលធនាគារ។  អ្នកជំនាញសេដ្ឋកិច្ច និងអចលនទ្រព្យ បានវាយតម្លៃថា វិស័យអចលនទ្រព្យនៅកម្ពុជា កំពុងឈានដល់មាត់ជ្រោះនៃវិបត្តិ។

 
តំបន់ជុំវិញផ្សារទួលទំពូង ដែលស្ថិតនៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ជាតំបន់ពាណិជ្ជកម្មមួយ ដែលសម្បូរទៅដោយផ្ទះល្វែង, ខុនដូ, Apartment, ភោជនីយដ្ឋាន ឬហាងល្បីៗក្នុងនិងក្រៅស្រុក រួមទាំងអាគារពាណិជ្ជកម្មផ្សេងៗ ជាច្រើនទៀត។ 
 
 
ប៉ុន្តែដោយសារការឆ្លងជំងឺកូវីដ-១៩នៃព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈនេះ បានធ្វើឱ្យម្ចាស់អចលនទ្រព្យ សម្រេចចិត្តដាក់ផ្លាកជួល ឬលក់ផ្ទះជាបន្ទាន់, អ្នកខ្លះលក់ផ្ទះ ក្នុងតម្លៃទាបជាងទីផ្សារ ដោយសារប្រញាប់លុយដោះស្រាយជីវភាព, ឯខ្លះទៀត ដាក់ជួលហាង សេងហាង ឬភោជនីយដ្ឋាន ជាដើម ។ 
 
លោក ផេង សុផល ដែលធ្លាប់រស់នៅអស់ជាច្រើនឆ្នាំ នៅម្ដុំទួលទំពូងនេះ បានសម្រេចដាក់ផ្លាកលក់ផ្ទះ ជាង២ខែមកហើយ ដើម្បីយកប្រាក់ទៅដោះស្រាយអាជីវកម្ម និងបំណុលគេ ខណៈជំងឺកូវីដ-១៩ កំពុងរាលដាលខ្លាំង។ ផ្ទះមួយល្វែងដែលមានទទឹង៤ម៉ែត្រ និងបណ្ដោយជាង១០ម៉ែត្រ ដោយមានកម្ពស់៣ជាន់ ស្ថិតនៅក្នុងសង្កាត់ទួលទំពូង២ នេះ គឺលោក ផេង សុផល បានប្រកាសលក់ក្នុងតម្លៃ៣៤ម៉ឺនដុល្លារ។ 
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទលោក ផេង សុផល បាននិយាយដូច្នេះថា៖ «ផ្ទះហ្នឹង! ខ្ញុំទើបតែដាក់លក់ប្រហែល២-៣ខែចុងក្រោយនេះ ដែលខ្មែរយើងមានការផ្ទុះខ្លាំងឆ្លងនូវជំងឺកូវីដ-១៩។ ផ្ទះហ្នឹង! ខ្ញុំដាក់លក់ក្នុងតម្លៃ៣៤ម៉ឺនដុល្លារ ប៉ុន្តែជាក់ស្តែងខ្ញុំក៏មិនដឹងថាលក់បានប៉ុន្មានដែរ ដោយសារឥឡូវនេះ គាំងសេដ្ឋកិច្ច ហើយក៏មិនទាន់មានអ្នកទាក់ទងសួរនាំចង់ទិញផ្ទះនេះដែរ»។


 
នៅមិនឆ្ងាយប៉ុន្មានពីផ្ទះលោក សុផល ផងនោះ ក៏ឃើញមានផ្ទះ២ល្វែងទៀត ប្រកាសដាក់ជួល ផងដែរ។ លោក សេង ផាន់ណា ដែលជាម្ចាស់អចលនទ្រព្យនេះ បានសម្រេចដាក់ជួលផ្ទះទាំងពីរល្វែងនេះ កាលពីថ្ងៃទី១៣ កក្កដា ២០២១ ក្រោយអាជីវកម្មរបស់ខ្លួន ត្រូវបានរាំងស្ទះ ដោយសារផលប៉ះពាល់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩។ 
 
ដ្បិតត្រូវការប្រាក់ដោះស្រាយអាជីវកម្មក្តី ប៉ុន្តែលោក ផាន់ណា ក៏សម្រេចចិត្តមិនទាន់លក់ផ្ទះ២ល្វែងឡើយ ដោយសារគិតថាទីតាំងផ្ទះ នៅម្ដុំទួលទំពូងនេះ នឹងមានតម្លៃល្អខ្ពស់ ក្រោយស្ងប់កូវីដ-១៩។ ម្យ៉ាងទៀតលោក ក៏អាចនៅមានលទ្ធភាពទប់ទល់ និងដោះស្រាយអាជីកម្ម និងជីវភាពដែរ ក្នុងបរិបទដ៏លំបាកនេះ។
 
«ខ្ញុំលក់ខោអាវនាំចូល។ ដល់ពេលគេបិទព្រំដែននៅថៃ និងវៀតណាមអស់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ អីចឹងទៅ ខ្ញុំក៏អត់មានអីលក់បានជាចំណូលសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ និងសង់បំណុលធនាគារ។ ដោយសារខ្ញុំជំពាក់ធនាគារ បានខ្ញុំសម្រេចដាក់ផ្ទះនេះជួល ដើម្បីបានចំណូលយកទៅសងធនាគារ និងសងបំណុលគេផ្សេងៗ»។ នេះបើតាមម្ចាស់ផ្ទះ២ល្វែង នៅម្ដុំទួលទំពូង២ ខណ្ឌចំការម៉ន រាជធានីភ្នំពេញ។
 
ក្រៅពីតំបន់ទួលទំពូងនេះ ក៏មានទីតាំងផ្សេងទៀត ក្នុងរាជធានីភ្នំពេញ និងតាមខេត្តនានា ដូចជាសៀមរាបជាដើម ក៏មានសន្ទុះនៃការបញ្ចេញអចលនទ្រព្យលក់យ៉ាងផុសផុលខ្លាំង ផងដែរ។  


 
លោក គី សេរីវឌ្ឍ អ្នកវិភាគសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា ចាត់ទុកទំនោរនៃការបញ្ចេញអចលនទ្រព្យលក់ ឬជួលនេះ ជាសញ្ញាដែលបង្ហាញថា ទីផ្សារវិស័យអចលនទ្រព្យនៅកម្ពុជា ប្រឈមធ្លាក់ចូលវិបត្តិជាបណ្តើរៗ ស្របពេលដែលស្ថានភាពកូវីដ-១៩ នៅតែមិនស្រាកស្រាន្ត។ បើតាមលោក គី សេរីវឌ្ឍ ម្ចាស់អចលនទ្រព្យដែលជាប់បំណុលធនាគារ ភាគច្រើន ជាអ្នកធ្វើអាជីវកម្មពាក់ព័ន្ធនឹងសេវាកម្មក្នុងវិស័យទេសចរណ៍ ដែលកំពុងជាប់គាំងទាំងស្រុងតែម្តង។ 
 


«អ៊ីចឹងហើយ! យើងឃើញថា ទីផ្សារអចលនទ្រព្យ គឺជាកត្តាមួយរារាំងការវិនិយោគដល់វិស័យផ្សេងៗទៀត ដែលពេលមុនទីផ្សារអចលនទ្រព្យមានភាពរស់រវើក។  ប៉ុន្តែ បច្ចុប្បន្នទីផ្សារនេះបានបាត់បង់ភាពរស់រវើករបស់ខ្លួន ទើបបានជាធ្វើឱ្យមានការលក់អចលនទ្រព្យច្រើនបែបនេះ»។ នេះជាការមើលឃើញរបស់ប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិតសភាកម្ពុជា ដែលបានបន្ថែមថា នៅពេលដែលវិស័យអចលនទ្រព្យ បាត់បង់ភាពរស់រវើករបស់ខ្លួនក្នុងទិញ-លក់នៅលើទីផ្សារនោះ វានឹងក្លាយទៅជាវិបត្តិអចលនទ្រព្យមួយទៀត ដែលឈានទៅប៉ះពាល់ដល់វិស័យធនាគារ។
 
ត្រង់ចំណុចនេះលោក គី សេរីវឌ្ឍ ព្យាយាមពន្យល់ទៀតថា ពេលវិស័យធនាគារនៅកម្ពុជា ប្រឈមហើយនោះ វានឹងធ្វើឱ្យអ្នកខាតបង់ជំនួញក្នុងវិស័យអចលនទ្រព្យកើនឡើង។ លើសពីនេះ កម្ពុជាអាចប្រឈមការខាតបង់ នៃលំហូរហិរញ្ញវត្ថុពីក្រៅប្រទេស តាមរយៈធនាគារ និងមីក្រូហិរញ្ញវត្ថុ។ 
 
អ្នកជំនាញសេដ្ឋកិច្ចរូបនេះ បានបញ្ជាក់ថា៖«ការប៉ះពាល់នេះ គឺធ្វើឱ្យកម្លាំងចាយវាយរបស់នៅក្នុងប្រទេស យើងចាប់ផ្តើមថមថយ ដោយសារមនុស្សជាច្រើនត្រូវរកចំណូលបានហើយ ក៏ត្រូវសងបំណុលឱ្យធនាគារវិញ។ នេះជាបញ្ហាដែលកើតមានឡើង»។
 
សម្រាប់លោក គាម សៀកឡុង ក៏ទទួលស្គាល់ថា វិស័យអចលនទ្រព្យជួបវិបត្តិពិតមែន ប៉ុន្តែវាមិនទាន់មានទំហំធំ ដែលអាចឈានដល់វិបត្តិធ្ងន់ធ្ងរដូចកាលពីឆ្នាំ២០០៨ឡើយ។ អ្នកជំនាញអចលនទ្រព្យ និងជាទីប្រឹក្សាផ្នែកអាជីវកម្មអចលនវត្ថុនៃសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA)រូបនេះ បានបកស្រាយវិញថា ទោះការរាតត្បាតជំងឺកូវីដ-១៩ កំពុងគំរាមកំហែងខ្លាំងក្តី ប៉ុន្តែវាមិនទាន់ប៉ះពាល់ខ្លាំងលើវិស័យអចលនទ្រព្យឡើយ ពោលគឺវិស័យពេលនេះ មិនជាប់គាំងឬនៅទ្រឹង ដូចកាលពីវិបត្តិអចលនទ្រព្យ នៅក្នុងឆ្នាំ២០០៨ទេ។  
 
«កាលវិបត្តិអចលនទ្រព្យនៅក្នុងឆ្នាំ២០០៨ គឺគ្មានការលក់ដូរនៅលើទីផ្សារឡើយ។ ប៉ុន្តែឥឡូវនេះ ការលក់ដូរអចលនទ្រព្យនោះ គឺនៅតែមាន! គ្រាន់តែថយ ហើយការថយនោះ យើងមើលទៅ ថយក្នុងកម្រិតច្រើនគួរសមដែរ»។ លោក គាម សៀកឡុង បានអះអាងប្រាប់សារព័ត៌មានThmeyThmeyតាមទូរសព្ទយ៉ាងដូច្នេះ។ 
 
 
បើតាមទីប្រឹក្សាផ្នែកអាជីវកម្មអចលនវត្ថុនៃCVEAរូបនេះ មូលហេតុដែលធ្វើឱ្យការចរាចរទិញ-លក់អចលនទ្រព្យនៅលើទីផ្សារបច្ចុប្បន្ន មានការថមថយនោះ ដោយសារការបាត់បង់លំហូរចូលនៃអ្នកវិនិយោគបរទេសក្នុងវិស័យអចលនទ្រព្យ ។ ជាពិសេសការបាត់បង់នៃអំណាចទិញរបស់ប្រជាពលរដ្ឋក្នុងស្រុក ព្រោះតែរងគ្រោះក្នុងវិបត្តិកូវីដ-១៩ រួមទាំងការរឹតត្បិតនៃការផ្តល់កម្ចីពីធនាគារ ក្នុងវិស័យអចលនទ្រព្យនេះ។  


 
លោក គឺ សេរីវឌ្ឍ ក៏ឯកភាពថា វិបត្តិអចលនទ្រព្យនៅពេលនេះ វាមិនទាន់ជាសញ្ញាធ្ងន់ធ្ងរដូចឆ្នាំ២០០៨ឡើយ ដោយសារពលរដ្ឋនៅមានជំនឿលើវិស័យនេះ រួមទាំងមានការគាំទ្រផ្នែកនយោបាយ និងហេដ្ឋារចនាសម្ព័ន្ធពីរាជរដ្ឋាភិបាល។ ប៉ុន្តែវាក៏ជាសញ្ញាដែលគួរឱ្យប្រុងប្រយ័ត្នដែរ។ សម្រាប់អ្នកវិភាគសេដ្ឋកិច្ចរូបនេះ វិបត្តិអចលនទ្រព្យនៅកម្ពុជា កំពុងទុំជោរហើយ ដោយមនុស្សជាច្រើន សុទ្ធសឹងជាម្ចាស់អចលនទ្រព្យ។  
 
លោក គី សេរីវឌ្ឍ បានបញ្ជាក់ដូច្នេះ៖«ទីផ្សារអចលនទ្រព្យនាពេលបច្ចុប្បន្ន បានឈានដល់ចំណុចកំពូលទៅហើយ! ហើយវានឹងទៅដល់មួយជំហានទៀត គឺការធ្លាក់មកវិញហើយ។ អ៊ីចឹង! ឥឡូវនេះ មានន័យថាវិស័យនេះ បានមកដល់ជិតមាត់ជ្រោះដែលនឹងត្រូវធ្លាក់ចុះមកវិញហើយ»។ 
 
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជារូបនេះ បន្តនិយាយថា ៖«ប្រសិនបើវិស័យនេះ នៅតែមានការសាងសង់និងជំរុញការផលិតបន្តទៅទៀត គឺនឹងធ្វើឱ្យមានការជាប់គាំង និងមានវិបត្តិ។ ព្រោះយើងឃើញការអភិវឌ្ឍនៅតំបន់វាលស្រែ តំបន់ដាច់ស្រយាលឱ្យក្លាយជាទីក្រុង ឬក្លាយជាតំបន់អភិវឌ្ឍនោះ វាមិនមែនជាការងាយស្រួល ហើយក៏មិនអាចធ្វើឱ្យទីតាំងក្នុងតំបន់នោះលូតលាស់លឿន ដូចនូវអ្វីដែលក្រុមហ៊ុនអចលនទ្រព្យបានបង្ហាញទេ»៕ 
 

Tag:
 អចលនទ្រព្យ
© រក្សាសិទ្ធិដោយ thmeythmey.com