កីឡាអន្តរជាតិ
អន្តរជាតិ
ជើងឯក Euro អាចប៉ះជើងឯក Copa America នាជំនួបសម្ពោធពាន Maradona Cup
15, Jul 2021 , 9:29 pm        
រូបភាព
ដោយ៖ជា យូគៀង 

ក្រុមជម្រើសជាតិអ៊ីតាលីដែលទើបនឹងគ្រងជើងឯក Euro 2020 និងក្រុមជម្រើសជាតិអាហ្សង់ទីនដែលបានឈ្នះជើងឯក Copa America ថ្មីៗ នឹងអាចត្រូវជួបគ្នានៅពេលខាងមុខក្នុងពាន Maradona Cup ដែលត្រូវបង្កើតថ្មី។

 
នៅជុំវិញការប្រកួតក្នុងពានរង្វាន់ថ្មី Maradona Cup តំណាងសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) និងសហព័ន្ធកីឡាបាល់ទាត់អាមេរិកឡាទីន (CONMEBOL) បានជួបពិភាក្សាគ្នាក្នុងការបង្កើតពានថ្មី និងសម្រេចរកថ្ងៃប្រកួតសម្រាប់ក្រុមជើងឯកតំបន់ទាំង២ ក្នុងពេលខាងមុខ។
 
បើតាម The New York Times ការប្រកួតរវាងម្ចាស់ជើងឯក Euro 2020 និងម្ចាស់ជើងឯក Copa America នឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន Stadio Diego Armando Maradona របស់ក្លិបអ៊ីតាលី Napoli ផ្ទាល់។ សម្រាប់ការប្រកួតពាន Maradona Cup នេះ មិនវាត្រឹមតែជាការប្រកួតរវាងជើងឯកទល់នឹងជើងឯកតែមួយនោះទេ តែ ក៏ជាការរំលឹកដល់វីរបុរសបាល់ទាត់របស់អាហ្សង់ទីន Diego Maradona ផងដែរ។ Maradona ធ្លាប់បានលេងឲ្យក្លិប Napoli រយៈពេល ៧ឆ្នាំ។ 
 
ក្នុងឆ្នាំ២០២១នេះ ខណៈប្រទេសកំណើតរបស់លោកបានឈ្នះពានរង្វាន់ Copa America ឯអ៊ីតាលីក៏ឈ្នះពាន Euro 2020 សហព័ន្ធបាល់ទាត់ទ្វីបទាំង២ក៏មានគំនិតផ្តួចផ្តើមសម្រាប់ ការបង្កើតការប្រកួតប្រជែងពានរង្វាន់ Maradona Cup នេះ។
 
ព័ត៌មានលម្អិតពី UEFA និង CONMEBOL នឹងត្រូវប្រកាសនៅពេលខាងមុខ ប្រសិនបើមានការព្រមព្រៀងគ្នារវាងសហព័ន្ធបាល់ទាត់ទ្វីបទាំងពី៕
 

© រក្សាសិទ្ធិដោយ thmeythmey.com