កីឡាអន្តរជាតិ
អន្តរជាតិ
Real Madrid នៅចំណេញ១លានដុល្លារ ទោះរដូវកាលមុនបាត់ចំណូល៣៥៤លានដុល្លារ
16, Jul 2021 , 8:29 am        
រូបភាព
Real Madrid ប្រកាសពីការបាត់ចំណូលជិត ២៥៦ លានផោន (៣៥៤លានដុល្លារ) នៅរដូវកាល ២០២០-២១ ដែលបង្កឡើងដោយសារជំងឺកូវីដ-១៩។



បាត់ចំណូល ៣៥៤លានដុល្លារ ប៉ុន្តែក្លិបយក្សអេស្ប៉ាញទទួលបានប្រាក់ចំណេញក្រោយពន្ធចំនួន១លានដុល្លារនៅរដូវកាលមុន ដែលកើនឡើងជិត៣៧ម៉ឺនដុល្លារបើធៀបនឹងរដូវកាល២០១៩-២០។ ការកើនឡើងប្រាក់ចំណេញមួយចំនួនឡើងវិញអំឡុងពេលកូវីដ-១៩ នេះ ដោយសារ Real Madrid បង្កើនវិធានការសន្សំលើការចំណាយយ៉ាងខ្លាំងលើគ្រប់ផ្នែក។
 
ម្ចាស់ជើងឯកក្របខណ្ឌកំពូលអឺរ៉ុប ១៣ សម័យកាល មិនបានទិញកីឡាករណាចូលឡើយនៅរដូវកាល ២០២០-២១ ហើយថែមទាំងបានលក់កីឡាករមួយចំនួនដូចជា Achraf Hakimi និង Sergio Reguilon និងអនុញ្ញាតឱ្យ James Rodriguez ចាកចេញផង។
 
នៅជិតចូលរដូវកាលថ្មីនេះទៀត Real Madrid បានបន្តឱ្យ Sergio Ramos ចាកចេញទៅចូលរួមជាមួយ PSG ដោយគ្នានតម្លៃផ្ទេរដើម្បីទប់ការចំណាយលើថ្លៃពលកម្ម ខណៈខ្សែការពារបារាំង Raphael Varane ក៏ទំនងជានឹងទៅចូលរួមជាមួយ Manchester United ដែរ ដ្បិតកិច្ចសន្យារបស់គេគៀកនឹងបញ្ចប់ហើយ។
 
យ៉ាងណាក៏ដោយ បើតាមការផ្សាយរបស់ Livescore នៅរដូវកាល ២០២១-២២ ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅថ្មីលោក Carlo Ancelotti ក្រុមអធិរាជសបានទិញកីឡាករចូលមួយចំនួនដើម្បីពង្រឹងក្រុម ដោយមិនបណ្តោយឱ្យគូប្រជែង Barcelona ដែលទើបមានកិច្ចសន្យាថ្មីជាមួយ Lionel Messi ប្រជែងបានស្រួលៗឡើយ៕
 

Tag:
 Real Madrid
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com