កីឡាអន្តរជាតិ
អន្តរជាតិ
Saka៖ ក្រុមហ៊ុន IG, Twitter និង FB មិនទាន់បង្ហាញការប្រឆាំងការរើសអើងពូជសាសន៍នៅឡើយទេ
16, Jul 2021 , 2:09 pm        
រូបភាព
Bukayo Saka ខ្សែបម្រើអង់គ្លេស និង Arsenal មើលឃើញថា ប្រព័ន្ធផ្សព្វផ្សាយសង្គមល្បីៗ មិនទាន់បង្ហាញពីការការពារទង្វើរំលោភបំពានពូជសាសន៍តាមអ៊ីនធឺណិតនៅឡើយទេ។ ទាំង Saka រួមជាមួយ Marcus Rashford និងJadon Sancho ដែលទាត់បាល់ប៉េណាល់ទីមិនចូលនៅវគ្គផ្តាច់ព្រ័ត្រ Euro 2020 រងការរើសអើងជាតិសាសន៍យ៉ាងខ្លាំងតាមរយៈបណ្តាញសង្គម។


Saka, Rashford និង Sancho សុទ្ធតែជាអ្នកស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តីមិនចូល ដែលនាំឱ្យអង់គ្លេសចាញ់អ៊ីតាលីក្នុងលទ្ធផល ៣-២ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រជើងឯកអឺរ៉ុប នៅ Wembley។
 
ក្រោយស៊ុតមិនចូល អ្នកទាំងបីត្រូវបានគេកំណត់គោលដៅនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម នៅក្រោយការប្រកួត ដោយភ្ជាប់ភាសារើសអើងជាតិសាសន៍។ អ្នកលេងបណ្តាញសង្គមទាំងនោះ ត្រូវបានគេជឿជាក់ថាសុទ្ធតែជាអ្នកគាំទ្រក្រុមអង់គ្លេស។
 
Saka វ័យ១៩ឆ្នាំបានថ្លែងអរគុណចំពោះអ្នកផ្ញើសារគាំទ្រ ប៉ុន្តែរូបគេប្តេជ្ញាប្រឆាំងនឹងសារគួរឱ្យស្អប់ខ្ពើមដែលខ្លួនទទួលបានតាមអ៊ីនធឺណិត។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។


 
«ក្រោយការប្រកួត ខ្ញុំពិតជាឈឺចាប់ខ្លាំងណាស់ ហើយខ្ញុំមានអារម្មណ៍ថាខ្ញុំដូចជាធ្វើឱ្យក្រុមគ្រួសារអង់គ្លេសរបស់ខ្ញុំសល់នូវភាពសោកស្តាយ ប៉ុន្តែខ្ញុំមិនទុកឱ្យភាពអវិជ្ជមានមកលើខ្ញុំទាំងនោះបំផ្លាញខ្ញុំឡើយ»។ Saka អះអាងដូច្នេះ។
 
សមាជិកក្រុម Arsenal រូបនេះបន្ថែមថា៖ «ចំពោះបណ្តាញផ្សព្វផ្សាយសង្គម Instagram, Twitter និង ហ្វេសប៊ុក ខ្ញុំមិនចង់អោយក្មេងៗ ឬមនុស្សពេញវ័យដទៃទៀតទទួលសារដែលគួរអោយស្អប់ និងឈឺចាប់ដែលខ្ញុំរួមជាមួយ Rashford និង Sancho បានទទួលបានថ្មីៗនេះទេ»។
 
ខ្សែបម្រើអង់គ្លេសរូបនេះយល់ឃើញថា បណ្តាញសង្គមដ៏មានឥទ្ធិពលទាំង៣នេះ នៅមិនទាន់បង្ហាញឱ្យឃើញពីការឈឺឆ្អាល ជុំវិញការទប់ស្កាត់ការរើសអើងជាតិសាសន៍នៅឡើយទេ។ Saka ស្នើឱ្យក្រុមហ៊ុនផ្សព្វផ្សាយសង្គមខាងលើ ចូលរួមបញ្ឈប់ការផ្ញើរសារអសីលធម៌ទាំងនេះពីសំណាក់ម្ចាស់គណនីដែលមានចរិតរើសអើង៕
 

Tag:
 Bukayo Saka
  រើសអើងជាតិសាសន៍
© រក្សាសិទ្ធិដោយ thmeythmey.com