កីឡាអន្តរជាតិ
អន្តរជាតិ
បិសាចក្រហម ខិតជិតចុះកិច្ចសន្យាយក Varane និង Trippier សម្រាប់ពង្រឹងតំបន់ការពារ
16, Jul 2021 , 4:29 pm        
រូបភាព
ដោយ៖ជា យូគៀង
 
ក្រុមបិសាចក្រហម Manchester United កំពុងតែខិតកាន់តែកៀកក្នុងការចុះកុងត្រាយកខ្សែការពារ២រូបមាន Rafael Varane និង Kieran Trippier ដើម្បីពង្រឹងតំបន់ការពារសម្រាប់រដូវកាលក្រោយ។ ការចរចានិងកិច្ចព្រមព្រៀងបានធ្វើរួចទៅហើយប៉ុន្តែរងចាំតែការប្រកាសពីក្លិបក្នុងពេលឆាប់ៗប៉ុណ្ណោះ។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ Sky Sports។


ខ្សែការពារ Rafael Varane វ័យ ២៨ឆ្នាំ ដែលនឹងផ្ទេរមកពីក្លិប Real Madrid ក្នុងតម្លៃខ្លួន ៥០លានអឺរ៉ូ។ បច្ចុប្បន្ន រូបគេក៏នៅសល់កុងត្រាជាមួយក្លិប Real Madrid រយៈពេល១ឆ្នាំទៀតដែរ។ ការដោះដូររូបគេមកកាន់បិសាចក្រហម ទំនងជាងដោយសារក្លិបអធិរាជសកំពុងតែត្រូវការប្រាក់ជាចាំបាច់ ក្រោយខាតបង់ខ្សែការពារមួយរូប Sergio Ramos ដែលចាកចេញដោយគ្មានតម្លៃខ្លួន។ 
 
ចំណែកខ្សែការពារស្លាបស្តាំ Kieran Trippier វ័យ៣០ឆ្នាំ ដែលទើបជួយក្រុមអង់គ្លេសប្រកួតព្រឹត្តិការណ៍ Euro 2020 ចប់នោះក៏មានចំណាប់អារម្មណ៍ចង់ផ្ទេរមកក្លិបបិសាចក្រហមផ្ទាល់ដែរ ហើយស្របពេលក្លិបត្រូវការខ្សែការពារស្លាបខាងស្តាំផងនោះ។ បិសាចក្រហម អាចទិញយក Trippier ក្លិប Atletico Madrid ក្នុងតម្លៃ១៨លានអឺរ៉ូតែម្តង។
 
សម្រាប់ការដោះដូរកីឡាករក្នុងរដូវក្តៅនេះ ក្រុមបិសាចក្រហមបានកើនឡើងប្រាក់ចំណាយប្រមាណខ្ទង់ ១៤០លានអឺរ៉ូទៅហើយ ដោយបានយកកីឡាករ Jadon Sancho ពីក្លិប Borussia Dortmund ក្នុងតម្លៃ៧៣លានអឺរ៉ូ បូករួមទាំងខ្សែការពារ Varane និង Trippier ផង។
 
ក្នុងរដូវកាល ២០២០-២០២១ បិសាចក្រហម ទទួលចំណាត់ថ្នាក់លេខ២ ខណៈក្លិបដែលមានទីតាំងនៅក្រុង Manchester មួយនេះហាក់មានភាពមិននឹងនរនៅតំបន់ការពារនៅឡើយ ខណៈតំបន់ប្រយុទ្ធ និងតំបន់បម្រើមានភាពល្អប្រសើខ្លាំងរួចមកហើយនោះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com